ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

“លំហាត់នាគមាស ឆ្នាំ២០១៩” រវាងកងទ័ពកម្ពុជា-ចិន នឹងបញ្ចប់ដោយជោគជ័យ តាមផែនការ

106


ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា លំហាត់នាគមាស ឆ្នាំ២០១៩ ដែលជាការហ្វឹកហ្វឺនរួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន នៅលើទឹកដីស្រុកជុំគិរី ខេត្តកំពត។ តាមការសន្និដ្ឋាន លំហាត់នាគមាសលើកទី៣ រវាងកងទ័ពប្រទេសទាំងពីរ នឹងបញ្ចប់ដោយជោគជ័យ តាមផែនការ នៅ៤ថ្ងៃខាងមុខនេះ។

បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត ដែលបានសរសេរលើផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២១ខែមីនានេះ បានលើកឡើងថ វិញ្ញាសាជាច្រើន ត្រូវបានអនុវត្តទៅតាមការគ្រោងទុក ដែលក្នុងនោះមានការបាញ់គ្រាប់ពិតជាក់ស្តែង ការវាយលុកចូលតាមខ្សែរីផ្លីង តាមជណ្តើរ ការចល័តវាយប្រហារក្នុងបន្ទប់ ការបាញ់សាកល្បងអាវុធធុនធំ ការហ្វឹកហ្វឺនបោសម្អាតមីន ការបញ្ជារថពាសដែក ការលាងសម្អាតជាតិគីមី ការប្រឆាំងភេរវកម្ម ការរំដោះចំណាប់ខ្មាំងចេញពីជំរុំភេរវករ តាមរយៈការសម្រូតខ្លួនពីឧត្ថម្ភគចក្រ ការបាញ់កាំភ្លើងត្បាល់ និងរត់ចូលលេណដ្ឋាន (ទីតាំងប្រយុទ្ធ) ការបាញ់ប្រភេទកាំភ្លើងត្បាល់៦០មីលីម៉ែត្រ ៨២មីលីម៉ែត្រ និង១០០មីលីម៉ែត្រជាដើម។ ជាមួយគ្នានេះកងកម្លាំងនៃភាគីទាំងពីរ ក៏បានហ្វឹកហាត់ជំនាញប្រឆាំងភេរវករ ដោយសកម្មភាពហ្វឹកហាត់នោះលើជំនាញកម្លាំងប្រយុទ្ធ កម្លាំងបម្រើប្រយុទ្ធ ហ្វឹកហាត់បច្ចេកទេសសម្រូតខ្លួន តាមខ្សែពួធំចុះពីឧត្ថម្ភាគច្រក ដើម្បីជួយរំដោះចំណាប់ខ្មាំង ពីជំរំភេរវករចេញពី អាគារខ្ពស់ៗ និងច្រើនផងដែរ។

នៅមានរបៀបវរៈជាច្រើនទៀត ដែលភាគីនៃប្រទេសទាំងពីរ បានយកមកហ្វឹកហាត់រួមគ្នា ក្នុងឆ្នាំនេះ ក្នុងនោះមានដូចជាការ៖ ស៊ើបការណ៍រកភូមិសាស្រ្ត ដោយយន្តហោះគ្មានមនុស្សបើក(Drone), ការដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការដោះគ្រាប់បែកគីមីនិងបន្សាបជាតិគីមី, ប្រតិបត្តិការរំដោះចំណាប់ខ្មាំងដោយឧត្ថម្ភគចក្រ, ឧទ្ធម្ភាគចក្រកំទេចជុំរុំភេរករ និងកិច្ចការមនុស្សធម៌ជាដើម។

លោកអ្នកនាំពាក្យ បានបន្ថែមថា លំហាត់នាគមាស ឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោ សែន ជុំគីរី របស់ កងពលតូចលេខ៧០ នៅស្រុកជុំគីរី ខេត្តកំពត ហើយនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

លំហាត់ហ្វឹកហ្វឺន មិនមានការគំរាមគំហែងអ្នកណាទាំងអស់ ផ្ទុយទៅវិញ សមយុទ្ធនេះគឺជាការបង្ហាញនូវការចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ ជាពិសេសបទពិសោធ ប្រយុទ្ធ ប្រឆាំង អំពើភេវរកម្ម ជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្ហរាយធម្មជាតិ ជាដើម។

លំហាត់ហ្វឹកហ្វឺននាគមាសផ្តោតសំខាន់លើប្រធានបទកិច្ចការ មនុស្សធម៌ និងការប្រឆាំងភេវរកម្ម ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិនតែម្តង៕

អត្ថបទដែលជាប់ទាក់ទង