សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលដំណើរនិវត្តន៍ របស់កងវិស្វកម្មលេខ៩៦៣ ដែលបញ្ចប់បេសកកម្ម នៅសាធារណរដ្ឋលីបង់
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ នៅវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីប៉ូលីន តាមេស៊ីស (Pauline Timesis) តំណាងអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំនៅព្រះរាជាណាក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍ របស់កងវិស្វកម្មលេខ៩៦៣ ពីសាធារណរដ្ឋលីបង់។
យោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានឱ្យដឹងថា ក្នុងរយៈពេលជាង១២ឆ្នាំនេះ កម្ពុជាបន្តទទួលបានស្នាដៃធំធេង ជាបន្តបន្ទាប់ស្នាដៃ ធំៗមួយចំនួនដូចជា៖ ការដោះមីន ការកំទេចគ្រាប់មិនទាន់ផ្ទុះការស្ថាបនាសំណង់ផ្តេក-សំណង់បញ្ឈរ ពិសេសការជីកអណ្តូងទឹកស្អាត ដោយ កម្ពុជាបន្តដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងតំបន់បេសកកម្មដែលមានហានិភ័យខ្ពស់ព្រមជាមួយនោះ ការវាយតម្លៃរបស់ អ.ស.ប រៀងរាល់ត្រីមាសនៃការបញ្ជូនកងទ័ពមួកខៀវ កាលពីខែសីហា ឆ្នាំ២០១៨ កម្ពុជាទទួលបានលំដាប់លេខ២៩ ក្នុងចំណោម១២៤ ប្រទេសដែលកំពុងបរិច្ចាគកម្លាំងចូលរួមបេសកកម្ម និងលំដាប់ថ្នាក់លេខ២ ក្នុងបណ្តាសហគមន៍អាស៊ាន ដែលបានបញ្ជូនយោធិននារីទៅកាន់ តំបន់បេសកកម្ម។
សូមបញ្ជាក់ថា៖ ពិធីនេះត្រូវបានរៀបចំឡើងជាកិច្ចស្វាគមន៍ និងអបអរសាទរ ចំពោះការវិលត្រឡប់វិញ របស់កងវិស្វកម្មលេខ៩៦៣ ចំនួន១៨៤នាក់ ក្នុងនោះរួមទាំងនារី១៣នាក់ផងដែរ បន្ទាប់ពីបានសម្រេចភារកិច្ច ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ(អ.ស.ប) អាណត្តិមួយឆ្នាំ នៅសាធារណរដ្ឋលីបង់ និងបានធ្វើមាតុភូមិនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ដោយសុវត្ថិភាព កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩កន្លងទៅ ។
សូមជម្រាបថា តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅបំពេញបេសកកម្ម នៅក្រៅប្រទេស មានចំនួន ៥.៥៧១នាក់ហើយ ក្នុងនោះមានស្រ្តីចំនួន ២៦៤នាក់ ផងដែរ។ ប្រទេសដែលកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវទៅនោះ មានដូចជា ប្រទេសអាហ្រ្វិកកណ្តាល ស៊ូដង ស៊ូដងខាងត្បូង ស៊ីរី ឆាត លីបង់ សាយប្រឺស និងម៉ាលី៕