ព្រឹត្តិការណ៍ ព្រះអាទិត្យរះ ចំកំពូលប្រាសាទអង្គរវត្ត មិនធ្វើឱ្យអ្នកទស្សនាខកបំណង!
សៀមរាប ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ខែមីនានេះ បានប្រកាសថា ព្រឹត្តិការណ៍សមរាត្រី (Equinox) រដូវប្រាំង (Vernal Equinox) បានបង្ហាញវត្តមានដ៏ត្រចះត្រចង់ នៃដួងព្រះអាទិត្យរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្ត បង្កើតបាននូវទស្សនីយភាពពណ៌មាស ដ៏ស្រស់ត្រកាល ទាក់ទាញចិត្តអ្នកទស្សនាជាតិ-អន្តរជាតិជាច្រើនពាន់នាក់ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទី។
ថ្វីត្បិតតែព្រះអាទិត្យមិនរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្តពេញលក្ខណៈ តែព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឱ្យអ្នកទស្សនាដោយផ្ទាល់ ស្ញើចសរសើរមិនដាច់ពីមាត់ នូវភាពស្រស់ស្អាត នៃធម្មជាតិជះពន្លឺមាស មកលើកំពូលប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍ព្រះអាទិត្យនេះ ជាអច្ឆរិយការណ៍ របស់អង្គរវត្ត មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សា ដែលអ្នកស្រាវជ្រាវ ធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ ខ្លះៗមកហើយ។ បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនង រវាងសំណង់ស្ថាបត្យកម្មបុរាណ និងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុន ផ្នែកតារាសាស្រ្ត នៃអ្នកប្រាជ្ញបុរាណ ដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។
អង្គរវត្តត្រូវបានស្ថាបនាទ្បើង ដោយមានការសិក្សាគន់គូរ យ៉ាងល្អិតល្អន់ របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ នេះក៏ជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយ ចំពោះសំណួរ ដែលសួរមិនចេះចប់ថា ហេតុដូចម្តេច បានជាអង្គរវត្តបែរមុខ ទៅទិសខាងលិច?៕