ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្លប់ស្តូកស្តឹង ជាមួយនឹងឈាមជោគខោ អាវ ដេកនៅលើសួនច្បារចេនឡា សង្ស័យមានគេលួចវាយ

124

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ដែលគេស្គាល់ថា ជាជនអនាថា បានដេកសន្លប់ស្តូកស្តឹង ជាមួយនឹងឈាមជោគខោ អាវ នៅលើសួនមុខមជ្ឈមណ្ឌលចេនឡា សង្ស័យមានអ្នកលួចវាយ ហើយក៏ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមដែរ តែហាក់ដូចជាមានសង្ឃឹមរស់តិចណាស់។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង  កាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ត ទី២១ ខែមីនា ឆ្នាំ២០១៩ នៅលើសួនច្បារ មុខមជ្ឈមណ្ឌលចេនឡា តាមបណ្តោយផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនអនាថា ហើយនៅមុនកើតហេតុ គេបានឃើញជនរងគ្រោះមិនដឹងជារឿងអ្វីទេ តែសង្ស័យមានគេលួចវាយ បានដើរក្អួតឈាម ទាំងដុំៗហូរជោគខ្លួន និងមានស្នាមពកក្បាលទៀតផង លុះដើរបានប្រមាណជា១០ម៉ែត្រ ចំណុចមជ្ឈមណ្ឌលចេនឡា ស្រាប់តែដេកដួលសន្លប់ស្តូកស្តឹងនៅលើសួនច្បារខាងលើនេះតែម្តង។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុអោយដឹងថា ជនរងគ្រោះជាជនអនាថា គ្មានផ្ទះសំបែង និងគ្មានបងប្អូន ឬសាច់ញាតិនោះទេ តែងតែឃើញដើរដេក នៅម្តុំបរិវេណកើតហេតុខាងលើជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុ មិនដឹងថារូបគាត់ មានរឿងអ្វីជាមួយអ្នកណានោះទេ ដោយជនរងគ្រោះបានហូរឈាមតាមមាត់ទាំងដុំៗ និងស្នាមរបួសពកក្បាលថែមទៀតផង។បន្ទាប់មកបងប្អូនប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និងបានទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល ហុងហាក់ មកដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ។

ចំពោះករណីខាងលើនេះ ជនរងគ្រោះជាជនអនាថា ហើយសមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថា ជាករណីអ្វី ឲ្យពិតប្រាកដនៅឡើយទេ ដោយទុកធ្វើការស្រាវជ្រាវបន្តសិន៕

 

អត្ថបទដែលជាប់ទាក់ទង