ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ១នាក់ ពីបទ រំលោភលើទំនុកចិត្ត ដោយជួលម៉ូតូជិះ យកទៅលក់បាត់

446


(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ១០នាទី នៅចំណុចម្តុំខារ៉ាអូខេឌីហ្គោល ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី រំលោភលើទំនុកចិត្ត និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ សុខ ប៊ុនទី ភេទ ប្រុស អាយុ ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យមក ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងយោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ិន ដារ៉ាវុធ ភេទ ប្រុស អាយុ ៤០ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់និងក្រុងកើតហេតុខាងលើ បានបំភ្លឺឲ្យដឹងថា ៖ កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ជនសង្ស័យខាងលើ បានជួលម៉ូតូម៉ាក ZOOMER-X ពណ៌លឿង ស៊េរីឆ្នាំ២០១៤ ពីខ្លួន ក្នុងតម្លៃ ០១ថ្ងៃ ២០០បាត បន្ទាប់ពីជួលម៉ូតូហើយជនសង្ស័យ បានបាត់ដំណឹងសូន្យឈឹង ទាក់ទងមិនបាន បើគិតពីថ្ងៃជួល មកទល់ពេលដែលសមត្ថកិច្ចឃាត់ខ្លួនបាន គឺមានរយៈពេល ៦០ថ្ងៃមកហើយ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួលម៉ូតូ ពីជនរងគ្រោះពិតប្រាកដមែន ដោយសារខ្លួនដើរលេងជ្រុលខ្លួន ហើយមិនបានទាក់ទងប្រាប់ទៅម្ចាស់ម៉ូតូ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាព នៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ រំលោភលើទំនុកចិត្ត បច្ចុប្បន្នកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង