ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើត្រូវរកភាពត្រឹមត្រូវនៃការសង្ស័យគីឡូអគ្គិសនី អស់ច្រើនយ៉ាងដូចម្តេច?

77

ភ្នំពេញ: អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់ទៅដល់ប្រជាពលរដ្ឋ កាលពីពេលថ្មីៗនេះ លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថា អគ្គិសនីដែលអ្នកផ្គត់ផ្គង់លក់ឲ្យអ្នកប្រើនីមួយៗ តម្រូវឲ្យរត់កាត់នាឡិកាអគ្គិសនីឬជញ្ជីងវាស់អគ្គិសនីរបស់អ្នកប្រើនោះ ដើម្បីឲ្យនាឡិកានោះធ្វើការវាស់វែងនិងកត់ត្រាចំនួនគីឡូ(គវ៉ម៉)ដែលអ្នកផ្គត់ផ្គង់បានផ្តល់ទៅឲ្យអ្នកប្រើ ដើម្បីគម្រប់១ខែគេស្រង់យកចំនួនគីឡូអគ្គិសនីដែលបានផ្តល់នោះ យកទៅធ្វើវិក្កយបត្រគិតប្រាក់ ។ ដូច្នេះ ទាំងចំនួនទឹកប្រាក់និងទាំងចំនួនគីឡូអគ្គិសនីត្រឹមត្រូវឬមិនត្រឹមត្រូវ គឺឋិតនៅលើ តើការវាស់វែងនិងកត់ត្រារបស់នាឡិកាវាស់នោះ ត្រឹមត្រូវឬទេ? សូមកុំយល់ច្រឡំថា ឲ្យតែឧបករណ៍ប្រើអគ្គិសនីរបស់ខ្លួននៅដដែល គីឡូអគ្គិសនីដែលខ្លួនប្រើតាមខែត្រូវតែនៅដដែលដែរនោះ ។ គីឡូអគ្គិសនីដែលអ្នកប្រើប្រើ ទោះជាឧបករណ៍ប្រើប្រាស់នៅដដែលក៏ដោយ ឬទោះជាសមាជិកគ្រួសារតិចឬច្រើនក៏ដោយ ក៏វាប្រែប្រួលទៅតាមរយៈពេល និងលក្ខខណ្ឌដែលឧបករណ៍នីមួយៗបើកប្រើ ។ ដូច្នេះ ចង់ឲ្យគីឡូចុះតិចត្រូវបើកឧបករណ៍នីមួយៗឲ្យរយៈពេលតិចជាងមុន និងត្រូវចងចាំថាឧបករណ៍ណាមួយក៏ដោយក៏អាចធ្វើឲ្យឡើងគីឡូអគ្គិសនីដែរ បើបើកវាប្រើ ។

អាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងបន្ថែមថា ប្រសិនបើសង្ស័យថាជញ្ជីងវាស់មិនត្រឹមត្រូវ អ្នកប្រើប្រាស់អគ្គិសនីនៅតំបន់ណាក៏ដោយអាចបំពេញពាក្យស្នើសុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាដែលជាអាជ្ញាកណ្តាលយកឧបករណ៍ផ្ទៀងផ្ទាត់ទៅផ្ទៀងផ្ទាត់នាឡិកាវាស់អគ្គិសនីនោះមើលថាតើវាដើរត្រឹមត្រូវទេ ។ ការងារនេះធ្វើជូនដោយមិនយកកម្រៃទេ ។

ប្រសិនបើផ្ទៀងផ្ទាត់រួចហើយ អ្នកនោះនៅតែសង្ស័យមិនជឿលើការផ្ទៀងផ្ទាត់របស់អាជ្ញាធរអគ្គិសនីកម្ពុជានេះទេ អ្នកនោះអាចទៅទិញនាឡិកាណាដែលគេយល់ថាត្រឹមត្រូវ ទោះជាទិញពីកន្លែងណា និងប្រទេសណាក៏ដោយ អាល្លឺម៉ង់ បារាំង ជប៉ុន អង់គ្លេស អាមេរិក ។ល។ រួចស្នើសុំមកអាជ្ញាធរអគ្គិសនីកម្ពុជា យើងខ្ញុំនឹងពិនិត្យព្រមទាំងអនុញ្ញាតឲ្យដាក់នាឡិការនោះវាស់និងកត់ត្រាទន្ទឹមគ្នាជាមួយនាឡិកាចាស់របស់អ្នកផ្គត់ផ្គង់ក្នុងរយៈពេល ៣ខែ ដើម្បីផ្ទៀងផ្ទាត់ធ្វើសាក្សីមើលទាំងអស់គ្នាថាតើនាឡិកាចាស់ដែលអ្នកផ្គត់ផ្គង់តំបន់នោះកំពុងប្រើ វាស់ខុសពីនាឡិកាដែលអ្នកសង្ស័យទិញមកនោះទេ ។ បើដាក់វាស់ទន្ទឹមគ្នារួចឃើញថាវាខុសគ្នាមែន យើងខ្ញុំនឹងរកខុសត្រូវជូនអ្នកសង្ស័យនោះភ្លាម ។

ដូច្នេះបើចង់បានភាពត្រឹមត្រូវសូមធ្វើតាមនីតិវិធីខាងលើ ប៉ុន្តែបើចង់តែឃើញគីឡូតិចដោយមិនសំអាងលើជញ្ជីងអគ្គិសនីទេ យើងខ្ញុំជាអាជ្ញាកណ្តាលពិតជាមិនអាចធ្វើជូនបានទេ ពីព្រោះការទិញលក់អគ្គិសនីត្រូវតែឈរលើមូលដ្ឋាននៃជញ្ជីងវាស់អគ្គិសនី មិនអាចសំអាងលើការប្រៀបធៀបថាគីឡូខែនេះតិចឬច្រើននោះទេ ៕

អត្ថបទដែលជាប់ទាក់ទង