ប៉េអឹមជើងខ្លាំង កូនប្រុស មេបញ្ជាការអាវុធ ខេត្តក្រចេះ យល់ព្រមបង្ហាញខ្លួន មុខសមត្ថកិច្ច ដើម្បីទទួលទោសករណីវាយ និងភ្ជង់យុវជន២នាក់ ទីរួមខេត្តកំពង់ចាម

(កំពង់ចាម)៖ មន្រ្តីអាវុធហត្ថម្នាក់ ដែលជាកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បានចូល ខ្លួន សារភាព នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បី ទទួលទោសកំហុសរបស់ខ្លួនពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។
មន្រ្តីអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់ថា មន្រ្តីអាវុធហត្ថ សាន្ត សុខុម បានចេញមកបង្ហាញមុខនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តហើយ ដើម្បីទទួលទោសរបស់ខ្លួន ដែលបានប្រព្រឹត្តទៅលើយុវជនទាំង២នាក់នោះ។
តាមមន្រ្តីអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាអ្នកនាំកូនប្រុសរបស់ខ្លួន យកមកប្រគល់ជូនអាវុធហត្ថ ខេត្តកំពង់ចាម ដើម្បីទទួលទោសកំហុសទាំងនេះ ហើយលោកបានព្យាយាមទាក់ទងកូន រហូតបាននាំខ្លួនមកប្រគល់ជូនសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ចាមនៅពេលនេះតែម្តង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមានថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន នឹងប្រឈមមុខបាត់បង់តំណែង តួនាទីរបស់ខ្លួន ប្រសិនបើមិននាំកូនប្រុសឈ្មោះ សាន្ត សុខុម ជាមន្ត្រីអាវុធហត្ថដែរនោះ ចូលខ្លួនដោះស្រាយបញ្ហាជុំវិញការប្រើហិង្សាលើយុវជនពីរនាក់នៅក្នុងខេត្តកំពង់ចាមទេនោះ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ផ្តាំទៅមេប៉េអឹម (អាវុធហត្ថ) ខេត្តក្រចេះផង បញ្ចុះបញ្ចូលកូនឲ្យមកតាមការកោះហៅរបស់ព្រះរាជអាជ្ញាខេត្តកំពង់ចាមមក។ វាអត់ទាន់មានរឿងអីទេ ប៉ុន្តែបើស្រឡាញ់កូនពេកអ្នកនឹងអស់ស័ក្តិ។ ខ្ញុំអត់ធ្វើអីទេ ខ្ញុំគ្រាន់តែដកស័ក្តិបណ្តេញចោលតែប៉ុណ្ណឹង»។

កូនប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន គឺលោក សាន្ត សុខុម ដែលជាមន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ បានប្រើហិង្សាដោយដាល់ និងឡើងជង្គង់ទៅលើយុវជនពីរនាក់នៅកន្លែងលេងអ៉ីនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។ ក្រៅពីដាល់ និងឡើងជង្គង់ហើយមន្ត្រីអាវុធហត្ថរូបនេះ ថែមទាំងបានដកកាំភ្លើងភ្ជង់ លើយុវជនពីររូបនោះថែមទៀតផង។
ក្រោយទទួលបណ្តឹងពីយុវជនរងគ្រោះឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា និងឈ្មោះ យ៉េ ចិន្តា ហើយនោះ លោក ហាក់ ហ៊ន់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ បានចេញដីកាឲ្យកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះឈ្មោះ សាន្ត សុខុម ចូលខ្លួននៅមុខអយ្យការឲ្យបានមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាប្រើអំពើហិង្សានេះ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឲ្យមន្ត្រីអាវុធហត្ថរូបនេះចូលខ្លួនដោះស្រាយបញ្ហា បើមិនដូច្នោះឪពុករបស់គេដែលជាមេបញ្ជាការអាវុធហត្ថ ខេត្តក្រចេះក៏ប្រឈមការអស់តួនាទី និងតំណែងផងដែរ៕
