ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណ:ប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា ស្នើឲ្យអាជ្ញាធរខេត្តរតនគីរីពង្រឹងវិស័យអប់រំ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន

89

គណ:ប្រតិភូគណ:កម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនាវប្បធម៌​ និងទេសចរណ៍​ នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណ:កម្មការ បានស្នើឲ្យអាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធនៃខេត្តរតនគីរី ពង្រឹងវិស័យអប់រំនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែននៃខេត្តភាគឥសាននេះ។ លោក ហ៊ុន ម៉ានី បានលើកសំណើបែបនេះឡើងនៅក្នុងកិច្ចប្រជុំជាមួយ​ លោកថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី និងលោក​ លោកស្រី​ ប្រធានមន្ទីរជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តរតនគីរី។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ទៀតថា ការចុះបំពេញបេសកកម្មនៅខេត្តរតនគីរីនាពេលនេះ គឺដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងាររបស់ខេត្តក៏ដូចជាបញ្ហាប្រឈមនានា ដែលខេត្តក៏ដូចជាមន្ទីរជំនាញវិស័យទាំងបួនបានជួបប្រទះ​ ដើម្បីជួយរិះរកនូវយន្តការធ្វើការដោះស្រាយ។ ម្យ៉ាងទៀតគណៈកម្មការក៏ចង់ឈ្វេងយល់ពីការអនុវត្តច្បាប់​ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលរបស់អាជ្ញាធរខេត្ត​ និងមន្ទីរជំនាញទាំងបួនដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការផងដែរ។

​លោក ថង សាវុន អភិបាលខេត្តរតនគីរី បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីវឌ្ឍនភាពរបស់ខេត្ត និងបញ្ហាប្រឈមមួយចំនួនដែលខេត្ត​ និងមន្ទីរជំនាញបានជួបប្រទះ តែយ៉ាងណាអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញនៅតែខិតខំបំពេញការងារ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋជានិច្ច។ លោកអភិបាលខេត្តបានបន្តថា ខេត្តរតនគីរីជាខេត្តមួយដែលចំងាយឆ្ងាយជាងគេពីរាជធានីភ្នំពេញ។ ខេត្តនេះមានព្រំដែនមួយផ្នែកជាប់ជាមួយប្រទេសវៀតណាមនៅភាគខាងកើត និងមួយផ្នែកទៀតជាប់ជាមួយប្រទេសឡាវនៅភាគខាងជើង។ ទោះយ៉ាងណាខេត្ត នៅតែរក្សាបានសុខសន្តិភាព។ ស្ថានភាពសណ្តាប់ធ្នាប់ទូទាំងខេត្តមានលក្ខណៈល្អប្រសើរ ដែលផ្តល់ឱកាសដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋ បន្តការកសាងប្រទេសជាតិ និងការពារទឹកដីបានយ៉ាងរឹងមាំ។

ចំពោះវិស័យអប់រំនៅក្នុងខេត្តរតនគីរី លោកអភិបាលខេត្តបានឲ្យដឹងថា គ្រឹះស្ថានសិក្សាគ្រប់កម្រិតមានការកើនឡើង ទាំងគ្រឹះស្ថានរបស់រដ្ឋ និងវិស័យឯកជន ហើយចំនុចដែលលេចធ្លោគួឲ្យកត់សំគាល់ដែរនោះ គឺការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ មានសិស្សទទួលបាននិទ្ទេសA ចំនួន១នាក់ និទ្ទេសB ចំនួន៤នាក់ និទ្ទេសC ចំនួន៥០នាក់ និទ្ទេសD ចំនួន១៩៧នាក់ គឺមានការកើនឡើងលើសឆ្នាំ២០១៧។

លោកហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ដែលបានធ្វើឲ្យខេត្តមានការរីកចម្រើនជាបន្តបន្ទាប់ ពិសេសវិស័យអប់រំ យុវជន និងកីឡា។ ទន្ទឹមនឹងនេះ លោកប្រធានគណៈប្រតិភូក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត​ ក៏ដូចជាមន្ទីរជំនាញ បន្តការខិតខំ និងជំរុញការអភិវឌ្ឍខេត្តបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រង ជាពិសេសឯកឧត្ដមបានរំលឹកហើយរំលឹកទៀតអំពីការជំរុញការសិក្សា​របស់សិស្សនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែននៃខេត្តរតនគីរីនេះ៕

អត្ថបទដែលជាប់ទាក់ទង