អភិសេកឆ្លងប្រាសាទចតុម្មុខ ស្ថិតនៅតំបន់រមណីយដ្ឋានប្រាសាទព្រះខ័នកំពង់ស្វាយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ លោកជំទាវ កតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ននិងអធិការកិច្ចបានអញ្ជើញជាអអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេកឆ្លងប្រាសាទចតុម្មុខ ស្ថិតនៅតំបន់រមណីយដ្ឋានប្រាសាទព្រះខ័នកំពង់ស្វាយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលពិធីនេះប្រារព្ធឡេីងដោយមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំង៨ កងកម្លាំងទាំង៣ក្នុងខេត្តនិងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាឱកាសនោះផងដែរ។
សូមបញ្ជាក់ថា ប្រាសាទចតុម្មុខ ជាប្រាសាទមួយស្ថិតក្នុងក្រុមប្រាសាទបាកាន(ព្រះខ័នកំពង់ស្វាយ) ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នាចំនួន ៤ ទិស និងកម្រឃើញមានប្រាសាទនៅក្នុងតំបន់ផ្សេង ក្នុងប្រទេសកម្ពុជាមានទម្រង់ដូចជាប្រាសាទនេះ។ ប្រាសាទនេះ បានដួលរលំអស់ពាក់កណ្ដាលតាំងពីយូរណាស់មកហើយ នៅសល់ត្រឹមតែចង្កេះមកចុះក្រោមតែប៉ុណ្ណោះ ហើយនៅតាមជញ្ជាំង និងផ្នែកខាងមុខមានដើមឈើ និងឫសឈើដុះញ៉ែកជញ្ជាំងកាន់តែខ្លាំង ដែលកត្តានេះ នាំឲ្យប្រាសាទប្រឈមនឹងការដួលរលំទាំងស្រុង។ ចំណែកព្រះកេសព្រះពុទ្ធបានធ្លាក់នៅរាយប៉ាយនៅផ្នែកខាងមុខផ្លូវចូល និងជ្រុងទាំងបី ហើយភ្ញៀវទេសចរណ៍មកទស្សនានៅទីនេះ បានដើរជាន់ពីលើ។ ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ផ្ដល់នូវថវិកាដែលបានមកពី សម្ដេចនាយករដ្ឋរដ្ឋមន្ត្រី និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ព្រមទាំងសប្បុរសជននានា ដើម្បីជួសជុលប្រាសាទនេះ ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងលើកតម្លៃផ្នែកវប្បធម៌ឲ្យកាន់តែទូលំទូលាយ។ ការងារអភិរក្ស និងជួសជុលត្រូវបានអនុវត្តឡើងដោយនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕