ឱសថអន់គុណភាព ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអះអាងថា ”
ឱសថអន់គុណភាព ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ”។
លោកស្រី បានបន្ថែមថា ការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពរបស់ឱសថដែលទទួលបានការអនុញ្ញាតអោយចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺជាការងារចម្បង និងមានសារៈសំខាន់ចាំបាច់ក្នុងការលេីកកម្ពស់គុណភាពសេវាសុខាភិបាល។
នាថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាអធិបតីបិទសិក្ខាសាលាថ្នាក់ជាតិស្តពី ការត្រួតពិនិត្យគុណភាពឱសថលើទីផ្សារ ដល់មន្ត្រីសុខាភិបាល មកពីនាយកដ្ឋានឱសថ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ឃ្លាំងឱសថកណ្តាល បានលើកឡើងថា គុណភាពឱសថមានទំនាក់ទំនងគ្នា យ៉ាងជិតស្និទ្ធទៅនឹងគុណភាពនៃការព្យាបាល បើឱសថមិនមានគុណភាព ត្រឹមត្រូវតាមបទដ្ឋាទបច្ចេកទេសទេនោះ គុណភាពនៃការព្យាបាល មិនអាចទទួលបានជោគជ័យឡើយ ទោះបីជា គ្រូពេទ្យនោះមានជំនាញនិងពូកែយ៉ាងណាក៏ដោយ។ ឱសថអន់គុណភាព ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសុខាភិបាលតែងតែយកចិត្តទុកដាក់ និងគាំទ្រយ៉ាងសកម្ម ដល់សកម្មភាពគ្រប់គ្រង និងតាមដានគុណភាពឱសថក្នុងប្រទេសកម្ពុជា ជាក់ស្តែង ចំពោះឱសថដែលបានអនុញ្ញាតឲ្យដាក់លក់ ឬចរាចរណ៍ លើទីផ្សាហើយនោះ ក្រសួងសុខាភិបាលបានចាត់ឲ្យភ្នាក់ងារត្រួតពិនិត្យឱសថ ចុះត្រួតពិនិត្យជាប្រចាំ និងទិញឱសថពីទីផ្សារ ដើម្បីយកមកវិភាគគុណភាពឡើងវិញ ហើយបានចាត់វិធានការចំពោះ ឱសថណាដែលមានគុណភាព មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ សិក្ខាសាលានេះបានផ្តល់ចំណេះដឹង អំពីការប្រើប្រាស់ ឧបករណ៍សម្រាប់កំណត់មុខឱសថ និងទីតាំងដែលត្រូវធ្វើការស្រង់ ឱសថដោយផ្អែកលើហានិភ័យ។ បើយើងអនុវត្តតាមឧបករណ៍នេះយើងនឹងជ្រើសរើសបាន មុខឱសថ និងទីតាំងដែលត្រូវចុះស្រង់បានចំគោលដៅ ដោយប្រើប្រាស់ថវិកាតិច និងចំណេញពេលវេលា។ សិក្ខាសាលានេះ ក៏បានកែលម្អផងដែរនូវពិធីសារសម្រាប់ការតាមដានគុណភាពឱសថ ឲ្យស្របតាមស្ថានភាពជាក់ស្តែងក្នុងប្រទេសបច្ចុប្បន្ន។
ដើម្បីធានាឲ្យបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពរបស់ឱសថ លោកស្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្ថែមថា ការងារត្រួតពិនិត្យគុណភាពឱសថនេះ តម្រូវឲ្យមានការចូលរួមពីផ្នែកពាក់ព័ន្ធដែលបានទទួលការបណ្តុះបណ្តាលនាពេលនេះរួចហេីយ និងបានណែនាំដូចតទៅ៖ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងមន្ទីរសុខាភិបាលរាជធានី/ខេត្ត ត្រូវធ្វើការចុះត្រួតពិនិត្យឲ្យបានទៀងទាត់ជាប់ជាប្រចាំ ដល់ គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានលក់ឱសថ ទៅតាមភារកិច្ច នៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងកម្មវិធីជាតិនានា ដែលធ្វើការត្រួតពិនិត្យ គុណភាពឱសថលើទីផ្សារ ត្រូវធ្វើការកំណត់មុខឱសថ និងទីតាំង ស្រង់ឱសថ ដោយផ្អែកតាមចំណាត់ថ្នាក់ហានិភ័យ។ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលត្រូវបន្តពង្រឹ ងសមត្ថភាពក្នុងការត្រួតពិនិត្យគុណភាពឱសថ រួមទាំងឱសថបុរាណ ឱសថបំប៉នសុខភាព និងគ្រឿងសំអាងផងដែរ។
ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជៀសវាងការប្រើប្រាស់ឱសថ តាមគ្នាដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និងឱសថដែលលក់តាមបណ្តាញសង្គម និងគេហទំព័រ ព្រោះឱសថទាំងនេះពុំមានសុវត្ថិភាពឡើយ ប៉ុន្តែវាធ្វើឲ្យបងប្អូនខាតបង់ថវិកា ពន្យារពេលវេលានៃការព្យាបាល និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតថែមទៀតផង។
ក្នុងឱកាសនេះ តំណាងអង្គការ USP Global Public Health Asia លោកបណ្ឌិត Souly Phanouvong បានលើកឡើងថាទោះបីជាមានការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពឱសថយ៉ាងណាក៏ដោយ ឱសថអន់គុណភាព នៅតែមាននៅលើទីផ្សារ និងជាកង្វល់សុខភាពជាសកល ដែលតែងតែបង្កគ្រោះថ្នាក់ដល់ជីវិត និងបង្កអោយមានភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគ។ សិក្ខាសាលាស្តីពីការត្រួតពិនិត្យឱសថនៅលើទីផ្សារដោយយោងទៅតាមហានិភ័យ បានចូលរួមចំណែកដល់ការពារ ការរកឲ្យឃើញ និងការចាត់វិធានការអោយបានឆាប់ចំពោះឱសថក្លែងក្លាយ និងអន់គុណភាព ដែលសិក្ខាសាលានៅកម្ពុជានាពេលនេះជាគំរូ សម្រាប់ប្រទេសក្នុងតំបន់។ តំណាងអង្គការសុខភាពពិភពលោក អញ្ជេីញមកពីទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី Diana Aram Lee (Technical Officer, Substandard and Falsified Medical Products Group) បានបញ្ជាក់បន្ថែមថា បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាពមិនមែនជាបញ្ហាដែលមាននៅតែប្រទេសណាមួយនោះទេ ប៉ុន្តែវាជាបញ្ហដែលកើតមានឡើងជាសកលដែលយើងត្រូវតែរួមគ្នាដោះស្រាយ។ អង្គការសុខភាពពិភពលោកមានការប្តេជ្ញាចិត្តក្នុងការពង្រឹងសម្ថភាព មន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថ រួមបញ្ចូលទាំងការគាំទ្រលើសកម្មភាព ត្រួតពិនិត្យឱសថនៅលើទីផ្សារផងដែរ៕