ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនអំពាវនាវឲ្យនូវែលហ្សេឡង់ផ្តល់បរិយាកាសវិនិយោគ ដែលប្រកបដោយភាពយុត្តិធម៌

91

Reuters: យោងតាមការលើកទ្បើងពីសំណាក់នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង (Li Keqiang) នៅថ្ងៃច័ន្ទ (ទី០១ មេសា) នេះបានធ្វើការអំពាវនាវដល់រដ្ឋាភិបាលនូវែលហ្សេឡង់ឲ្យធ្វើការយកចិត្តទុកដាក់ក្នុងការធានាឲ្យមានបរិយាកាសវិនិយោគដែលប្រកបដោយភាពយុត្តិធម៌។

ការលើកទ្បើងខាងលើនេះត្រូវបានធ្វើទ្បើងនាឱកាសនៃជំនួបជាមួយនាយករដ្ឋមន្ត្រីប្រទេសនូវែលហ្សេឡង់លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern) ដែលធ្លាប់បានបដិសេធលើការដេញថ្លៃរបស់ក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ចិនក្នុងការរៀបចំបណ្តាញទំនាក់ទំនងចល័តជំនាន់ទី៥ឫ 5G ក្នុងប្រទេសលោកស្រី។

លោកស្រី អាដឺន (Ardern) បានមានប្រសាសន៍មុនជំនួបរវាងជាមួយលោក លី (Li) ក្នុងដំណើរទស្សនៈកិច្ចរយៈពេលមួយថ្ងៃរបស់លោកស្រីទៅកាន់ប្រទេសចិនថា លោកស្រីមានសង្ឃឹមក្នុងការឈានទៅរកកិច្ចចរចាជាមួយទីក្រុងប៉េកាំងអំពីការសម្រេចចិត្តរបស់ទីភ្នាក់ងារចារកម្មនូវែលសេឡង់ក្នុងការបដិសេធការដេញថ្លៃខាងលើនេះ។

សូមជម្រាបថា ទំនាក់ទំនងរវាងប្រទេសនូវែលសេឡង់ជាមួយប្រទេសចិនបានជួបនូវភាពតានតឹងនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកស្រី អាដឺន (Ardern) ដែលបានលើកឡើងដោយបើកចំហអំពីការព្រួយបារម្ភលើការរីកធំទ្បើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។

ដូចគ្នាផងដែរ ចិនក៏បានពន្យារពេលនៃយុទ្ធនាការទេសចរណ៍ដ៏ធំមួយរបស់ខ្លួននៅក្នុងប្រទេសនូវែលសេឡង់មុនពេលនៃការចាប់ផ្តើមដែលគ្រោងធ្វើទ្បើងកាលពីខែកុម្ភៈកន្លងទៅនេះ។

លោក លី (Li) បានប្រាប់ទៅកាន់លោកស្រី អាដឺន (Ardern) នៅពេលចាប់ផ្តើមកិច្ចប្រជុំនៅក្នុងសាលប្រជាជន (Great Hall of the People) របស់ប្រទេសចិនដោយបានកត់សម្គាល់ពីបំណងប្រាថ្នារបស់ប្រទេសនូវែលសេឡង់ក្នុងការបង្កើតទំនាក់ទំនងល្អជាមួយគ្នាថា “បច្ចុប្បន្នទំនាក់ទំនងចិន – នូវែលសេឡង់ជាទូទៅបាននឹងកំពុងតែអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព”។

លោកបានមានប្រសាសន៍ថា “ប្រទេសចិនបានមើលឃើញពីសារៈសំខាន់យ៉ាងខ្លាំងនៃទំនាក់ទំនងជាមួយប្រទេសនូវែលសេឡង់ហើយប្រទេសចិនក៏មានឆន្ទៈក្នុងការធ្វើរឿងនោះផងដែរ”។

លោកបន្តថា “ហើយយើងសង្ឃឹមថាយើងអាចរួមគ្នាដើម្បីសម្រេចគោលដៅរួមដែលនឹងផ្តល់ជាផលប្រយោជន៍ដល់ភាគីទាំងពីរ ហើយនៅពេលដែលក្រុមហ៊ុនរបស់ប្រទេសនីមួយៗធ្វើការវិនិយោគក្នុងអាជីវកម្មរវាងគ្នាទៅវិញទៅមក ពួកគេនឹងអាចរីករាយជាមួយនឹងបរិយាកាសដែលប្រកបដោយភាពយុត្តិធម៌, តម្លាភាពនិងភាពសម្បូរបែប”។

ស្របគ្នានេះដែរ លោកស្រី អាដឺន (Ardern) ក៏បានប្រាប់ទៅកាន់លោក លី (Li ) វិញផងដែរថាលោកស្រីចង់បញ្ជាក់ពីសារៈសំខាន់ដែលប្រទេសរបស់នាងបានកំណត់លើទំនាក់ទំនងជាមួយប្រទេសចិនដោយលោកស្រីបានលើកទ្បើងថា កាលពីឆ្នាំ២០០៨ ប្រទេសនូវែលសេឡង់បានក្លាយជាប្រទេសលោកខាងលិចដំបូងគេបង្អស់ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន។

លោកស្រី អាដឺន (Ardern) បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយពីកិច្ចប្រជុំរវាងភាគីទាំង២ថា “ខ្ញុំបានប្រាប់លោកនាយករដ្ឋមន្រ្តី លី (Li ) ថាប្រទេសនូវែលសេឡង់សូមស្វាគមនដល់រាល់ការវិនិយោគបរទេសណាដែលមានគុណភាពខ្ពស់ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពដល់ប្រទេសរបស់យើង”។

លើសពីនេះ លោកស្រីបានបន្តថា “យើងក៏បានពិភាក្សាអំពីការធ្វើឱ្យមានភាពប្រសើរឡើងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement) ហើយថែមទាំងបានព្រមព្រៀងគ្នាក្នុងការរៀបចំកិច្ចចរចាជុំបន្ទាប់ទៀតនៅក្នុងពេលខាងមុខព្រមជាមួយនឹងការសន្យាក្នុងការកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ”។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានមុនពេលនៃកិច្ចប្រជុំជាមួយលោក លី (Li) លោកស្រី អាដឺន (Ardern) បានមានប្រសាសន៍ថា “លោកស្រីនឹងកំណត់ដំណើរការរបស់រដ្ឋាភិបាលនូវែលសេឡង់ទាក់ទងនឹងការសម្រេចចិត្តលើក្រុមហ៊ុន Huawei ហើយនឹងបញ្ជាក់ថាការសម្រេចចិត្តរបស់ប្រទេសនូវែលសេឡង់មិនរងឥទ្ធិពលណាមួយពីផ្នែកនយោបាយឬការទូតនោះទេ”។

លោកស្រីក៏បានបញ្ជាក់ផងដែរថា “របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញថា ក្រុមហ៊ុន Huawei ត្រូវបានហាមឃាត់នៅក្នុងប្រទេសនូវែលសេឡង់នោះគឺមិនមែនជាការពិតទេ”។

លោកស្រី អាដឺន (Ardern) បានទទួលស្គាល់ថាមានភាពស្មុគស្មាញជាច្រើនបាននឹងកំពុងកើតមានទ្បើងនៅក្នុងទំនាក់ទំនងជាមួយប្រទេសចិន ប៉ុន្តែលោកស្រីបានច្រានចោលការព្រួយបារម្ភនៃការបែកបាក់គ្នាជាមួយប្រទេសដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសវែលសេឡង់ខាងលើនេះ។

គួរឲ្យដឹងថា ដំណើរទស្សនៈកិច្ចរបស់លោកស្រី អាដឺន (Ardern) ខាងលើនេះត្រូវបានកាត់បន្ថយមកនៅត្រឹមរយៈពេលមួយថ្ងៃវិញបន្ទាប់ពីការវាយប្រហារលើវិហារអ៊ីស្លាមពីរកន្លែងក្នុងប្រទេសនូវែលសេឡង់កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅនេះដែលបានសម្លាប់មនុស្សជិត៥០នាក់។

កាលពីសប្តាហ៍មុន អង្គការឃ្លាំមើលសិទិ្ធមនុស្សដែលមានមូលដ្ឋាននៅទីក្រុង ញូវយ៉ក (New York) បានលើកទ្បើងក្នុងលិខិតមួយច្បាប់ដែលផ្ញើទៅកាន់លោកស្រី អាដឺន (Arden) ដើម្បីអំពាវនាវឲ្យលោកស្រីបង្ហាញពីក្តីព្រួយបារម្ភជាសាធារណៈអំពីស្ថានភាពនៅក្នុងប្រទេសចិនភាគខាងលិចតំបន់ ស៊ីនជាំង (Xinjiang) នៅពេលដែលលោកស្រីជួបមេដឹកនាំចិន។

សូមជម្រាបថា ប្រទេសចិនបានប្រឈមមុខនឹងការកើនឡើងនៃការគំរាមកំហែងជាអន្ដរជាតិលើកម្មវិធីកំណែទម្រង់ដ៏ចម្រូងចម្រាសមួយដែលបានបង្កជាផលប៉ះពាល់ដល់ក្រុមអ្នកកាន់សាសនាអ៊ីស្លាមជាច្រើនក្នុងតំបន់ ស៊ីនជាំង ដែលមានក្រុមអ្នករិះគន់មួយចំនួនបាននិយាយថាប្រទេសចិនកំពុងដំណើរការជំរំឃុំឃាំងនៅទីនោះទៀតផង។

យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបដិសេធយ៉ាងខ្លាំងចំពោះការលើកទ្បើងខាងនេះនិងបានហៅទីតាំងទាំងនោះថាជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីប៉ុណ្ណោះដោយរក្សានូវតម្រូវការរបស់វាក្នុងការធ្វើកំណែទម្រង់លើផ្នែកមួយនៃប្រទេសដែលរដ្ឋាភិបាលបានបន្ទោសពួកអ៊ីស្លាមជ្រុលនិយមនិងក្រុមបំបែកខ្លួនចំពោះការវាយប្រហារជាច្រើនលើកដែលបានបណ្តាលឲ្យប្រជាជនរាប់រយនាក់បានស្លាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។

អត្ថបទដែលជាប់ទាក់ទង