ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី ណែនាំឲ្យសាធារណជនចូលរួមរក្សាសណ្តាប់ធ្នាប់និងចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

105

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឲ្យសាធារណជនចូលរួមរក្សាសណ្តាប់ធ្នាប់និងចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីជាប្រយោជន៍នាំមកនូវភាពថ្លៃថ្នូរដ៏ផូរផង់របស់ជាតិនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

      សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា យុវជន យុវនារី សិស្ស និស្សិត កម្មករ និងកម្មការិនីទាំងអស់ ត្រូវចូលរួមរក្សារបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ តាមរយៈគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងត្រូវចូលរួមទប់ស្កាត់គ្រោះអគ្គីភ័យ ដែលបណ្តាលមកពីភ្លើងទៀន-ធូប ភ្លើងចង្រ្កាន ចរន្តអគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិ អាយុជីវិតរបស់ខ្លួន និងអ្នកដទៃ។

   អាជ្ញាធររាជធានីភ្នំពេញ ក៏បានណែនាំឲ្យប្រជាពលរដ្ឋគ្រប់ទិសទី ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងជៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ និងមិនត្រូវជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ។ ជាមួយគ្នានេះ ហាមដាច់ខាតចំពោះការលេងល្បែងស៊ីសង អុចផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រ កុលធីតាខ្មែរ។

    ទន្ទឹមគ្នានេះដែរ ក៏បានណែនាំដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព ព្រមទាំតចាត់វិធានការផ្លូវច្បាស់ចំពោះអ្នកប្រព្រឹត្តិអំពីមិនគប្បី ដែលបង្ករឲ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្លូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈររាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង