លោកអភិបាលរាជធានីភ្នំពេញណែនាំអោយបង្កើតក្រុមការងារបច្ចេកទេសសិក្សាអោយបានលំអិតពាក់ព័ន្ធការស្ថាបនាផ្លូវក្រោមដី
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានណែនាំឲ្យ មានការបង្កើតក្រុមការងារបច្ចេកទេសដែលមានសមាសភាពជាស្ថាប័នពាក់ពន្ធ័ ដើម្បីធ្វើការសិក្សាជាកញ្ចប់ឲ្យបានម៉ត់ចត់មុននឹងធ្វើការសាងសង់ផ្លូវក្រោមដី កាត់ផ្លូវជាតិលេខ១ ដោយត្រូវគិតពីផលប៉ះពាល់សណ្តាប់ធ្នាប់ ,ការកកស្ទះចរាចរជាដើម។
លោកឃួង ស្រេងបន្តថា៖គោលដៅរបស់យើងគឺបំរើប្រជាពលរដ្ឋ និងការអភិវឌ្ឍន៏ដូច្នេះត្រូវតែសិក្សាឲ្យបានត្រឹមត្រូវមុនចាប់ផ្តើម និងការសុំគោលការពីរាជរដ្ឋាភិបាលដោយត្រូវសិក្សាជាកញ្ចប់តែម្តង ហើយក្រុមការងារបច្ចេកទេសនេះមានតំណាងមកពីក្រសួងរៀបចំដែនដី,ក្រសួងសាធារណៈការនិងដឹកជញ្ជូន,រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញនិងអង្គការJICAជាដើម។
លោកអភិបាលមានប្រសាសន៏ថា គ្មានគំរោងណាមួយដែលទទួលបានការគាំទ្ររាប់សតវត្សនោះទេ គឺអ្វីៗវានឹងមានការប្រែប្រួលទៅតាមកំណើនប្រជាពលរដ្ឋ និងតំរូវការជាត់ស្ដែង។តែទោះបីយ៉ាងណាក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកបានគាំទ្រគំរោងការនេះ។
លោកឃួង ស្រេង មានប្រសាសន៏ដូច្នេះក្នុងឧិកាសជួបប្រជុំមួយកាលពីព្រឹកថ្ងៃទី២មេសាដើម្បីបង្ហាញពី លក្ខណៈបច្ចេកទេសលើសំណើសុំគោលការណ៏ស្ថាបនាផ្លូវក្រោមដីដោយភ្ជាប់ពី ទីតាំងផ្សារទំនើប PHECO MALL ទៅផ្លូវជាតិលេខ១ផ្នែកក្រោមដីស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលស្នើឡើងដោយលោកឧកញ៉ាថៃ ជាហួត ម្ចាស់បុរីប៉េងហួតដែលផ្លូវនេះមានប្រវែង១៩៥ម៉ែត្រ ទទឹង៧ម៉ែត្រ។ការសិក្សាត្រូវធ្វើជាកញ្ចប់សំរាប់តំបន់បឹងឈូកទាំងមួលតែម្តងទៅពីផលប៉ះពាល់ជាពិសេសប្រពន្ធ័ចរាចរលើកំណាត់ផ្លូវជាតិលេខ១៕ស្