អាជីវករផ្សារអូរឬស្សីមួយចំនួនរអ៊ូរទាំដោយសារភ្លើងរបស់ក្រុមហ៊ុនបញ្ឆេះឲ្យប្រើប្រាស់មិនគ្រប់គ្រាន់ ឯអាជីវករលក់ទាខ្វៃ.ជ្រូកខ្វៃរីករាយជាមួយនឹងការលក់ដាច់
ភ្នំពេញ៖ អាជីវករផ្សារអូរឬស្សីមួយចំនួន បានរអ៊ូរទាំដោយសារតែភ្លើងរបស់ក្រុមហ៊ុនបញ្ឆេះឲ្យប្រើប្រាស់មិនគ្រប់គ្រាន់ ចំណែកឯអាជីវករលក់ទាខ្វៃ.ជ្រូកខ្វៃវិញ បានសំដែងនូវការរីករាយយ៉ាងខ្លាំងដោយសារតែពួកគាត់លក់ដាច់ខ្លាំង។
មន្ត្រីក្នុងជួរគណៈកម្មការផ្សារអូរឬស្សីបានអោយដឹងថា សម្រាប់ សកម្មភាពការងារប្រចាំថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩នេះរួមមាន អាជីវករបើកតូបលក់ដូរ និងអតិថិជនចេញចូលផ្សារជាធម្មតា ហើយរាល់ពេលដាច់ភ្លើងរដ្ឋម្តងៗអាជីវករមួយចំនួនមានការរអ៊ូរទាំដោយសារភ្លើងរបស់ក្រុមហ៊ុននៅក្នុងផ្សារអូរឬស្សីបញ្ឆេះឲ្យប្រើប្រាស់មិនបានគ្រប់គ្រាន់ ។ ចំណែកអាជីវករលក់ទាខ្វៃ.ជ្រូកខ្វៃវិញ មានការមមារញឹកខ្លាំង និងសប្បាយរីករាយ ព្រោះចូលរដូវឆេងម៉េងពួកគាត់លក់ដាច់បានច្រើន ។ យើងបានបន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃ និងវេនយប់។បាន
បន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ។
ចំណែក ការងារសណ្ដាប់ធ្នាប់ គណៈកម្មការផ្សារ បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅ ជុំវិញបរិវេណផ្សារ ហើយបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។
ចាប់ពីវេលាម៉ោង៨.៣០នាទីព្រឹក រហូតដល់ម៉ោង១៩.០០នាទីយប់ គណៈកម្មការផ្សារ បន្តដឹកនាំកម្លាំងចូលរួមសហការជាមួយគណបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក គ្រួច សុធន នាយករងរដ្ឋបាលខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ ១៣៩ . ១៦៦ និងបន្តធ្វើការអប់រំណែនាំដល់អ្នកលក់ទាំងអស់ដែលយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ឲ្យអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ៧មករា។
បន្តសហការជាមួយកម្លាំងការិយាល័យសណ្តាប់ធ្នាប់ខណ្ឌ៧មករា ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ច្រាស់ទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (១៨គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។
បន្តសហការជាមួយនគរបាលប៉ុសិ៍្តរដ្ឋបាលអូរឬស្សីទី១ និងនគរបាលប៉ុសិ៍្តរដ្ឋបាលអូរឬស្សីទី៣ ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ច្រាស់សទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (២៦គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។
ចរាចរណ៍នៅតាមបណ្តោយផ្លូវ១៨២មានការកកស្ទះបន្តិចបន្តួច តែកម្លាំងប្រចាំការនៅតាមគោលដៅ ជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរ ។
ចំពោះការងារអនាម័យ-បរិស្ថាន កម្លាំងសន្តិសុខគ្រប់មណ្ឌលធ្វើការបោសសម្អាតអនាម័យនៅជុំវិញបរិវេណផ្សាររៀងរាល់ថ្ងៃចន្ទ ។
ភ្នាក់ងារអនាម័យបានបន្តការបោសសម្អាត ប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាច ហើយបានសហការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំ។
ក្នុងនោះដែរ មន្ត្រីកាំកុងត្រូលចុះមកប្រចាំការនៅផ្សារអូរឬស្សីចំនួន១នាក់ (ស្រី១នាក់) ដោយមិនបានចុុះពិនិត្យតាមតូបទេ ។
វេលាម៉ោង៨.០០នាទីព្រឹក គណៈកម្មការផ្សារ សហការជាមួយទូរទស្សន៍ក្រសួងមហាផ្ទៃ ចុះសម្ភាសអាជីវករលក់ជ្រូកខ្វៃ និងនំសែន និងតម្លៃនៃការលក់នៅថ្ងៃធម្មតាធៀបទៅនឹងរដូវឆេងម៉េង ជាលទ្ធផល អាជីវករមានការមមារញឹកខ្លាំង និងសប្បាយរីករាយព្រោះពួកគាត់លក់ដាច់បានច្រើន ចំណែកតម្លៃនៃការលក់នៅថ្ងៃធម្មតាធៀបទៅនឹងថ្ងៃបុណ្យទានវិញ គឺខុសគ្នាមិនច្រើនទេ គឺខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ៕