ជើងខ្លាំង១៤រូបហើយដែល ឆ្លងផុតវគ្គជម្រុះជុំទី១
ភ្នំពេញ:ព្រឹត្តិការណ៍Tv5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី២០មេសាអ្នក ប្រដាល់២រូបទៀតហើយដែលឆ្លងផុតវគ្គជម្រុះជុំទី១ ។
សេក សារ៉ានក្លិបអង្គរមានជ័យខេត្តសៀមរាបបាន យកឈ្នះពិន្ទុអ្នកប្រដាល់ម៉ៅ ប៉ោកមកពីក្លិបខេត្តរតនគីរី បន្ទាប់ពីប្រកួតគ្នាពេញទាំង៣ទឹកនោះ ។ សូមបញ្ជាក់ថាសម្រាប់ការប្រកួតពាន នេះប្រកួតតែត្រឹម៣ទឹកប៉ុណ្ណោះ ។
ជាមួយនឹងជ័យជំនះនេះបានធ្វើឲ្យសេក សារ៉ានមានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះបន្តនៅជុំទី២ទៀតក្នុងខណៈ ដែលខំស្កាត់មកពីខេត្តរតនគីរីនោះ ត្រូវខ្ទាតចេញពីការប្រកួតនៅជុំទី១នេះ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ខ្លើយ ណាត ក្លិបមោងឬស្សីមរតគុនខ្មែរត្រូវអ្នកប្រដាល់លី តក់មកពីក្លិបតាព្រហ្មមានជ័យប្រើកណ្ដាប់ដៃផ្ដួល ឲ្យក្រោកលែងរួចមុនស្នូរជួងបញ្ចប់ទឹកទី៣ ។
អ្នកប្រដាល់ទាំង២រូបនេះចាប់ផ្ដើមប្ដូរកណ្ដាប់ដៃគ្នា តាំងពីដើមទឹកទី១មកម្ល៉េះ ។ នៅទឹកទី២ខ្លើយ ណាតត្រូវអាជ្ញាកណ្ដាលរាប់៨បន្ទាប់ ពីត្រុវនឹងកណ្ដាប់ដៃធ្ងន់ៗរបស់លី តក់នោះ ។ទោះបីខ្លើយ ណាតខិតខំព្យាយាមបន្តការប្រកួតនៅទឹកទី៣បន្តទៀតក៏ពិតមែនតែទីបំផុតកណ្ដាប់ដៃរបស់លី តក់មិនអនុញ្ញាតឲ្យអ្នកប្រដាល់មកពីក្លិបមោងឬស្សិរូបនេះឆ្លងផុតទឹកទី៣ឡើយ ។
ខ្លើយ ណាតខ្តាតចេញពីការប្រកួតត្រឹមនេះ ក្នុងខណៈដែលលី តក់ត្រៀមខ្លួនប្រកួតបន្តនៅជុំទី២ទៀត ។សូមបញ្ជាក់ថាពេលនេះក្នុងចំណោមអ្នកប្រដាល់៣២រូប ចូលរួមប្រកួតជម្រុះនៅជុំទី១មាន១៤រូបហើយខ្តាតចេញពីការប្រកួត ហើយក៏មានអ្នកប្រដាល់១៤រូប ដែរដែលរង់ចាំប្រកួតជម្រុះនៅជុំទី២បន្តទៀត ។
ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់កម្ពុជាសេង ស្រឿនត្រូវអ្នកប្រដាល់ថៃលូម លេង(Loom Leng)វាយមួយកែងស្ដាំចំសៀតផ្កាបណ្ដាលឲ្យសន្លប់មុនស្នូរុជួងបញ្ចប់ទឹកទី៤ ។
ទោះពីទឹកទី១ និងទឹកទី២ការប្រកួតហាក់ដូចជា ប្រហាក់ប្រហែលគ្នាក៏ពិតមែនតែចាប់ពីទឹកទី៣ទៅលូម លេងបានកៀបសង្កត់យ៉ាងខ្លាំងមិនតែប៉ុណ្ណោះសេង ស្រឿនដួលលើសង្វៀនជាញឹកញាប់ ។ មកដល់ទឹកទី៤លូម លេងបញ្ចេញមួយកែងធ្វើឲ្យសេង ស្រឿនសន្លប់ក្រោកលែងរួចតែម្ដង ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះឌឹម សារិទ្ធសមាគមប្រដាល់ក្រសួងការពារជាតិបាន ប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់យ៉ន ពិសីក្លិបសាលវ័ន្ដកីឡាឲ្យសន្លប់នៅទឹកទី៣ ។