ពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៩គ្រួសារ នៅស្រុកជើងព្រៃ ទទួលបានអំណោយពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
កំពង់ចាម៖ អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម លោក គួច ចំរើន កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូ នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ធ្វើឲ្យរលំ និងប៉ើងដំបូលផ្ទះ ចំនួន១៩គ្រួសារ នៅក្នុងភូមិខ្នា ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីរួមចំណែកនូវអំពើមនុស្សធម៌ ទៅតាមគោលការណ៍គ្រឹះ របស់កាកបាទក្រហមកម្ពុជា ។លោក គួច ចំរើន ក្នុងឱកាសនោះបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមចំណែកចែករំលែកនូវទុក្ខលំបាក ចំពោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ១៩គ្រួសារ ដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ ។
លោកអភិបាលខេត្ត មានប្រសាសន៍ថា បច្ចុប្បន្ន ប្រទេសជាតិកម្ពុជា ទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ប៉ុន្តែពេលនេះ បែរជាគ្រោះធម្មជាតិ បានគម្រាមកំហែងសេចក្ដីសុខរបស់បងប្អូន ទៅវិញ។ ដែលប្រការនេះ បងប្អូនមិនអាចចេញទៅប្រកបមុខរបរ បានភ្លាមៗនោះទេ ពីព្រោះថា ម្នាក់ៗត្រូវការពេលវេលា និងថវិកា ដើម្បី ជួសជុលលំនៅដ្ឋានឡើងវិញ ។
លោកមានប្រសាសន៍ថា ជាការឆ្លើយតបទៅនឹងទុក្ខលំបាកនេះ ជារឿយៗ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ និងពិនិត្យមើល អំពីសុខទុក្ខរបស់បងប្អូន ដែលបានជួបគ្រោះថ្នាក់ដោយប្រការផ្សេងៗ ដើម្បី ឲ្យបងប្អូនមានឱកាសបានស្ដារលទ្ធភាព ដែលបានប៉ះពាល់ឡើងវិញ ពោលគឺ វាជាការចូលរួមចំណែក បានជួយដោះទ័ល និងរំលែកនូវការលំបាករបស់បងប្អូន បានទាន់ពេលវេលា ដោយមិនទុកចោលនណាម្នាក់ ឲ្យរងគ្រោះថ្នាក់ដល់ស្លាប់ ដោយសារអត់បាយ ហើយអាជ្ញាធរ មិនបានដឹងលឺនោះឡើយ ។
នាឱកាសកាសនោះដែរ លោក គួច ចំរើន ក៏បាននាំយកនូវអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋទាំង ១៩គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្គរ២៥គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ ១០កំប៉ុង និងថវិកា១០ម៉ឺនរៀល ។ ចំណែក គ្រួសាររងគ្រោះរលំ និងប៉ើងតំបូលផ្ទះទាំងស្រុង ១គ្រួសារ ទទួលបានថវិកា ១លានរៀល និងបន្ថែមនូវសម្ភារៈផ្ទះបាយ ដែលអំណោយបានមកពីការចូលរួមចំណែកពីព្រះសង្ឃ ផងដែរ ។
គួររំលឹកថា កាលពីវេលាម៉ោង៦និង២០នាទី ល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ កន្លង ទៅ ថ្មីៗ នេះ មានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្ដាលឲ្យប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន ១៩ខ្នងផ្ទះ តែមិនបង្កឲ្យរបួសឆ្នាម និងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ ៕