ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាជាតិលើកទី២ប្រាក់រង្វាន់កើនលើសលើកទីមួយ ៥ ដង

291

ភ្នំពេញ៖លោកហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាបានបង្ហើបឲ្យដឹងថា សម្រាប់ការប្រកួតកីឡាតិលើកទី២ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ឧសភាដល់៦មិថុនានោះប្រាក់រង្វាន់សម្រាប់ជ័យលាភីនឹងកើនលើសលើទី១ដល់ទៅ៥ដង ។

​សម្រាប់ការប្រកួតលើកទី២នេះក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចបង្កើនប្រាក់រង្វាន់ច្រើនជាងមុនជាង ៥ ដង ដោយក្នុងនោះអ្នកឈ្នះបានមេដាយមាស នឹងបាន ៨០ ម៉ឺនរៀល ប្រាក់បាន ៦០ ម៉ឺនរៀល និងមេដាយសំរឹទ្ធ បាន ៤០ ម៉ឺនរៀល ខណៈកីឡាជាតិ កាលពីឆ្នាំ ២០១៦ អ្នកបានមេដាយមាសបានត្រឹម ១៥ ម៉ឺនរៀល ប្រាក់បាន ១០ ម៉ឺនរៀល និងសំរឹទ្ធ បាន ៨ ម៉ឺនរៀលតែប៉ុណ្ណោះ ។

​លើកនេះមានកីឡាករ-កីឡាការិនីឆ្នើមដែលមកពី២៥រាជធានីខេត្តប្រមាណជាង៤០០០នាក់មកចូលរួម ។

កីឡាដែលដាក់ឲ្យប្រកួតមានចំនួន២៧ប្រភេទកីឡាគឺ មានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយសី វាយកូនបាល់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ-(WTF) ហែលទឹក ល្បុក្កតោ កាយសម្ព័ន្ធ ប្រដាល់សកល សូរិនស្ស៊ិកាំប៉ូ តេក្វាន់ដូ (ITF) ការ៉ាតេ ប្រដាល់គុនខ្មែរ យូដូ ទ្រីយ៉ាត្លុង វ៉ូវីណាម បេស្បល ប្រណាំងទោចក្រយាន សីដក់ បាញ់កាំភ្លើង បាល់ឱប និង កីឡាសូហ្វតិន្នីស។

​ការប្រកួតកីឡាជាតិលើកទី២នេះអ្វីៗនឹងកាន់តែប្រសើរជាងមុនទាំងពិធីបើកនិងបិទក៏ដូចជាលក្ខណៈបច្ចេកទេស ហើយកីឡាជាតិ ឆ្នាំ ២០១៨ មានប្រភេទកីឡាចូលរួមដល់ ២៧ និងមានជាង ២៧២ វិញ្ញាសានិងមានអត្ពលិកជាង៤.០០០នាក់ ។​កាលប្រកួតកីឡាជាតិ លើកទី ១ មានអត្តពលិក រួមចូល ២.៧០០នាក់ កីឡាដែលដាក់ឲ្យប្រកួតមាន១៥ប្រភេទនិង១៨៩វិញ្ញាសាដោយប្រើមន្រ្តីបច្ចេកទេសចំនួន៥៤៨នាក់ ។កាលពីប្រកួតលើកទី១រដ្ឋបានចំណាយថវិកាអស់ប្រមានណជាង៣.០០០លានរៀល តែសម្រាប់លើកទី២នេះចំណាយក្នុងរង្វង់ជាង៦.០០០លានរៀល ។

​លើកនេះចំនួនក៏មានការកើនឡើងច្រើនពាក់ព័ន្ធនឹងការហូបចុក ស្នាក់នៅ មធ្យោបាយធ្វើដំណើរ សម្លៀកបំពាក់គឺខាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលជាអ្នកស្វែងរកដៃគូឧបត្ថម្ភដើម្បីបំពេញបន្ថែមទៅលើថវិកាជាតិដែលត្រូវចំណាយ ។

អត្ថបទដែលជាប់ទាក់ទង