ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាតេក្វាន់-ដូITFកម្ពុជា ១៧នាក់ចូលរួមការប្រកួតជើងឯកពិភពលោកនៅប៊ុលហ្គារី

75

​ភ្នំពេញ៖សហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា(International Taekwondo Federation)បានកំណត់រួចជាស្រេច ហើយក្នុងការបញ្ជូនកីឡាករ-កីឡាការិនីចំនួន១៧រូបទៅចូលរួមប្រកួតជើងឯកពិភពលោក ។

​ជាមួយនឹងកីឡាករ-កីឡាការិនីចំនួន១៧រូបក៏នៅមានមន្ត្រីដឹកនាំ និងគ្រូបង្វឹកទៀតផង ។បើតាមការឲ្យដឹងពីលោក កៅ មករា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជានោះថា ការប្រកួតខាងលើនេះប្រព្រឹត្តទៅពី ថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ។កីឡាករ-កីឡាការិនីភាគច្រើនជាកីឡាថ្នាលវ័យក្មេង ។លោកកែវរ៉េមីដែលជាប្រធានសហព័ន្ធនឹងដឹកនាំទៅចូលរួមការប្រកួតផ្ទាល់តែម្ដង ។

លោកអគ្គលេខាធិការរងបន្តថាការប្រកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកកម្រិតពិភពលោកសម្រាប់កីឡាករ-កីឡាការិនីថ្នាលគឺជាការប្រកួតលើកទី១៤ចំណែកកីឡាករកីឡាការិនីក្រុមជម្រើសជាតិគឺជាការប្រកួតលើក ទី២១។ សម្រាប់កម្ពុជាការចេញទៅប្រកួតលើកនេះគឺបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិទៅចូលរួមចំនួន ៩ នាក់និង កីឡាករ-កីឡាការិនីថ្នាលចំនួន៨រូប ។

​សម្រាប់ការប្រកួតជើងឯកពិភពលោកនេះកម្ពុជាក៏ធ្លាប់ដណ្ដើមបានមេដាយដែរតែជាការប្រកួតសម្រាប់កម្រិតជម្រើសជាតិ ។កីឡាតេក្វាន់ដូITF ជាប្រភេទកីឡាប្រយុទ្ធមានដើមកំណើតនៅប្រទេសកូរេខាងជើងហើយវាមិនមែនជាប្រភេទកីឡាអូឡាំពិកនៅឡើយទេ ។

​លោកកែវ រ៉េមីក្នុងថានៈជាប្រធានសហព័ន្ធសម្រាប់តំបន់អាស៊ាននោះកំពុងតែខ្នះខ្នែងក្នុងការដាក់បញ្ចូលប្រភេទកីឡានេះ ឲ្យមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។

អត្ថបទដែលជាប់ទាក់ទង