សំណង់រីសត ឬផ្ទះសំណាក់របស់លោកប៉េង ជា នៅលើឆ្នេរអូរត្រេះ ក៏ត្រូវបានគេរុះរើវាយកម្ទេចចេញអស់
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ខែមករា បានសេចក្ដីលម្អិត អំពីការរៀបចំឆ្នេរសមុទ្រសាធារណៈ។ មិនមែនតែរោងស្នាក់នៅ បណ្តោះអាសន្ន និងតូបលក់ដូរមិន រៀបរយរបស់ប្រជាជននៅ លើឆ្នេរអូរត្រេះ ទេដែលត្រូវបាន រុះរើចេញ សូម្បីតែសំណង់រីសត ឬផ្ទះសំណាក់របស់លោកប៉េង ជា នៅលើឆ្នេរនេះជាប់នឹងអូរត្រជាក់ចិត្ត ក៏ត្រូវបានគេរុះរើចេញអស់ តាមការកំណត់របស់រដ្ឋបាលខេត្តព្រះសីហនុដែរ។ នេះបើតាមការឱ្យដំណឹងមកពីរដ្ឋបាលក្រុងព្រះសីហនុនៅ ថ្ងៃទី២១ ខែមករា។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃ ទី២០ ខែមករា ឆ្នាំ ២០២០ថា រោងនិងតូបលក់ដូរមិនរៀបរយ នៅលើឆ្នេរអូរត្រេះ ត្រូវបានរុះរើចេញអស់ ហើយ តែអ្វីដែលនៅសល់គឺកាកសំណល់ បន្ទប់ទឹកជាង១០០អណ្តូង ដែលគេបានជីក នៅលើឆ្នេរខ្សាច់និងសំរាមរាប់សិបរថយន្តត្រូវបូម ជីកកាយនិងដឹកចេញ មុនធ្វើការឈូសសម្អាតឆ្នេរនេះ ឱ្យស្អាតឡើងវិញ។
លោកអភិបាលខេត្តបញ្ជាក់ថា ឆ្នេរដែល យើងឱ្យអ្នកស្នាក់នៅបណ្តោះអាសន្ន និងលក់ដូរមិនរៀបរយ ចាកចេញអស់ហើយ មានប្រវែង ៣.៥០០ម៉ែត្រ ត្រូវរៀបចំឱ្យមានបន្ទប់ទឹកសាធារណៈ សម្រាប់បម្រើប្រជាពលរដ្ឋពីតាមបណ្តាខេត្តនានាមក លេងកម្សាន្ត ។ ឆ្នេរនេះមិនឱ្យមានសង់រោងសម្រាប់លក់ដូរទេ គឺរក្សាទុកឱ្យនៅជាលំហ មើលពីផ្លូវដែលកំពុងសាងសង់ទៅ គឺឃើញឆ្នេរសមុទ្រស្អាត ។ ប្រជាពលរដ្ឋមកលេងទីនេះ អាចក្រាលកន្ទេលឬបោះតង់ ដោយគ្មានបង់ថ្លៃទីតាំងដូចពីមុនទៀតឡើយ តែបងប្អូនត្រូវចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតនៅមុនពេលចាកចេញទៅវិញ។
ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុកាលពីមុន ភាគច្រើន គឺកាន់កាប់ដោយអ្នកលក់ដូរ នៅលើឆ្នេរទាំងនោះ អ្នកមកលេងឆ្នេរបើ មិនទិញទំនិញនៅកន្លែងណាមួយដែលគេ លក់លើឆ្នេរនោះទេ គឺគ្មានកន្លែងអង្គុយ បើ ចង់អង្គុយត្រូវជួលតូបឬគ្រែពីអ្នកលក់ដូរទាំង នោះ។ កន្លែងអង្គុយត្រូវបានឡើងថ្លៃនៅថ្ងៃ បុណ្យមានភ្ញៀវច្រើន និង ពេលខ្លះគេមិនជួលឱ្យទៀតផង បើមិនទិញម្ហូបអាហារកន្លែងគេនោះ ។ ទំនាស់ថ្លៃតូបនិងប្ហូមអាហារ តែងកើតមានជារឿយៗនៅតាមបណ្តាឆ្នេរទាំងនោះពេលមានភ្ញៀវច្រើនមកលេងសមុទ្រ។ នេះនៅមិនទាន់និយាយដល់ការខូចបរិស្ថានតំបន់ឆ្នេរ ដោយសារការលក់ ដូរនិងការស្នាក់នៅអចិន្ត្រៃយ៍ លើតំបន់តាមឆ្នេរនោះផង។
ផ្តើមចេញពីបញ្ហាបែបនេះហើយ ដែលនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាគណៈ កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មិនអនុញ្ញាតឱ្យមានការសាង សង់រោងលក់ដូរនិងស្នាក់នៅលើតំបន់ឆ្នេរនោះ។
លោក គួច ចំរើន រំពឹងថា មួយខែទៀត ពលរដ្ឋមកលេងក្រុងព្រះសីហនុ កាន់តែ មានភាពងាយស្រួលហើយ ដល់ពេលនោះមានផ្លូវងាយស្រួល ធ្វើដំណើរមកដល់តាមឆ្នេរ និងមានឆ្នេរលេងកម្សាន្តស្រឡះភ្នែក អាចមើលបានក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះ។ ពេលនេះក្រុងព្រះសីហនុកំពុងរៀបចំឆ្នេរប្រវែង៧គីឡូម៉ែត្រ ទុកជាឆ្នេរសាធារណៈ សម្រាប់មហាជនមកលេងកម្សាន្ត។
សូមបងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ដនៅតាមឆ្នេរ ដ៏ស្រស់ស្អាតរបស់យើង រួមគ្នាថែរក្សាឲ្យបានស្អាត ។
រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំឱ្យមានបន្ទប់ទឹកសាធារណៈ នៅតាមបណ្ដោយឆ្នេរអូរត្រេះ នឹងមិនឱ្យមានសង់រោងសម្រាប់លក់ដូរទេ គឺរក្សាទុកឱ្យនៅជាលំហ អាចមើលពីដងវិថីដែលកំពុងស្ថាបនា ឃើញឆ្នេរសមុទ្រដ៏ស្រស់ស្អាត ហើយបងប្អូនប្រជាពលរដ្ឋ អាចមកលេង ដោយក្រាលកន្ទេល ឬបោះតង់ ដោយគ្មានបង់ថ្លៃដូចមុនទៀតឡើយ តែបងប្អូនត្រូវចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតនៅមុនពេលចាកចេញទៅវិញ៕