ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុញ្ញាតឱ្យ​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្ដាល ព្រមទាំង​ការហាត់​ប្រាណ និង​លេង​កីឡា

63

 

​ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី ការ អនុញ្ញាតឱ្យ​ដំណើរការ​គ្រឹះស្ថាន សិក្សា​សាធារណៈ និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្ដាល ព្រមទាំង​ការហាត់​ប្រាណ និង​លេង កីឡា​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។​

​ក្រោយពី​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវ​បិទ​បញ្ចប់ ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច​អនុញ្ញាតឱ្យ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ ក្រសួង​នៅ​រក្សា​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០​។ ចំពោះ​គ្រឹះស្ថានសិក្សា​ឯកជន សំដៅលើ​គ្រឹះស្ថានសិក្សា​ឯកជន ដែល​ទទួលបាន​ការអនុញ្ញាត ឱ្យ ដំណើរការ​ឡើងវិញ​ក្នុងដំណាក់កាល​ទី​១ និង​ទី​២ ។ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់​ត្រូវ បន្ត​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​កូ​វីដ​-១៩ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល ។ ក្នុងករណី​ចាំបាច់ ត្រូវ​ពាក់​ម៉ាស​ការពារ​នៅក្នុង​បរិវេណ​របស់ គ្រឹះស្ថានសិក្សា ។​

​ជាមួយគ្នានេះ ក្រសួង​អប់រំ យុវជន និង​កីឡា​អនុញ្ញាត​ឱ្យមាន​ការហាត់​ប្រាណ លេង​កីឡា និង ការចេញចូល​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ដោយ​បន្ត​អនុវត្ត​នូវ វិធាន​សុវត្ថិភាព​សុខភាព និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល ។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ និង​ខេត្ត កណ្តាល គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល កីឡាករ និង​សាធារណជន ជ្រាប និង​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕​

អត្ថបទដែលជាប់ទាក់ទង