ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះ C909 ពីរគ្រឿងដំបូងដែលកម្ពុជាបញ្ជាទិញពីចិននឹងមកដល់នៅខែវិច្ឆិកាឆ្នាំ២០២៦នេះ

32

ភ្នំពេញ៖បើគ្មានអ្វីប្រែប្រួលទេនោះ យន្តហោះ C909 ចំនួន ២គ្រឿងដំបូង ដែលក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia – K6) បានបញ្ជាទិញពីប្រទេសចិន នឹងមកដល់កម្ពុជានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
 នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ។ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា ឱ្យដឹងទៀតថា ក្នុងចំណោមយន្តហោះ C909 សរុបចំនួន ១០គ្រឿង ដែលកម្ពុជាបានបញ្ជាទិញពីចិន នឹងមកដល់ជាបន្តបន្ទាប់ ដោយ ២គ្រឿងនឹងមកដល់នៅខែវិច្ឆិកា ឆ្នាំ២០២៦, ២គ្រឿងទៀតនៅចុងឆ្នាំ២០២៧, ៣គ្រឿងនៅឆ្នាំ២០២៨ និង ៣គ្រឿងចុងក្រោយនៅឆ្នាំ២០២៩។ ចំណែកយន្តហោះប្រភេទ Boeing ដែលបញ្ជាទិញពីសហរដ្ឋអាមេរិក អាចនឹងមកដល់នៅឆ្នាំ២០៣១។
 ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា ការបញ្ជាទិញយន្តហោះនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រស្នូលពីររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា គឺការធ្វើទំនើបកម្ម និងពិពិធកម្មកងយន្តហោះ ព្រមទាំងការពង្រីកបណ្តាញហោះហើរ ដើម្បីជំរុញការតភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា។
 យុទ្ធសាស្ត្រនេះមិនត្រឹមតែពង្រឹងសមត្ថភាពប្រកួតប្រជែង និងគាំទ្រកំណើនរយៈពេលវែងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការសម្រេចអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ និងការលើកកម្ពស់វិស័យទេសចរណ៍។ កិច្ចព្រមព្រៀងទិញយន្តហោះទាំងនេះ បង្ហាញពីជំហរដ៏រឹងមាំរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិក្នុងការបង្កើនការតភ្ជាប់ទាំងជើងហោះហើរចម្ងាយឆ្ងាយ និងក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង