ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបករណី ឃាតកម្មគិត​ទុកជាមុន និងរៀបចំគម្រោងប្លន់​សម្លាប់ កាត់ជា​បីកំ​ណាត់ រវាងជនជាតិចិន​ និង​ជន​ជាតិចិ​ន ដោយចាប់ជនដៃដល់ម្នាក់

43

ខេត្តព្រះសីហនុ៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៩ ដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដុតដៃដុតជើងរបស់សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលរដ្ឋបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការសម្របសម្រួល នីតិវិធីច្បាប់ដោយលោក សៀង​ សុខ​ ព្រះរាជ​អាជ្ញា​ ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នោះ ករណីមានប្រជាពលរដ្ឋប្រទះឃើញ មានសាកសពមិនស្គាល់អត្តសញ្ញាណ នៅចំណុចដី​ឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានបើកវាំងននខ្មៅ ដោយបង្រ្កាបបានជនជាតិចិនមួយនាក់ ឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិ​តនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យបានសារភាពថា៖ ករណីនេះកើតឡើងដោយសារ ជនរងគ្រោះ ឈ្មោះ WU CHENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ ED7591553 បានទំនាក់ទំនងទៅជនសង្ស័យ ដើម្បីប្តូរប្រាក់ចិន ជាប្រាក់ដុល្លារអាមេរិក ចំនួន ៧០.០០០$ (ប្រាំពីម៉ឺនដុល្លារអាមេរិច) លុះនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី ជនរងគ្រោះបានទៅហាងប្តូប្រាក់រ​បស់ជនសង្ស័យ ដែលមានស្លាកយីហោរ ប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីជនរងគ្រោះ បានវេរប្រាក់ទៅឲ្យជនសង្ស័យរួចរាល់ហើយ ក៏ត្រូវជនសង្ស័យប្រើកាំប៉ិត កាប់ និងចាក់ស​ម្លាប់ជ​នរងគ្រោះតែម្តង ។ បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានកាត់សាកសពរ​បស់​ជនរ​ងគ្រោះជា ០៣កំណាត់ រួច​យកសាកសពវេចខ្ចប់ជាមួយភួយ និងអាវដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង ០១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានទៅជួលរថយន្ត ១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AH-1611 ដើម្បីដឹកសាកសពរបស់ជនរងគ្រោះ យកទៅប្លុងចោលនៅកន្លែងផ្សេងៗពីគ្នា ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ , កំណាត់ទី២ ពីចង្កេះដល់ជង្គង់ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅភ្នំ៩៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើង យកទៅប្លុងចោលនៅក្នុងព្រៃ ភូមិមើលស្វា អូរតែល៧ជាន់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់៖ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៣០នាទី មានប្រជាពលរដ្ឋ បានមកប្តឹងរាយការណ៍ថា គាត់បានប្រទះ​ឃើញ មានសាកសពមិនស្គាល់អត្តសញ្ញាណ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញស្នងការដ្ឋាន បានចុះទៅដល់កន្លែង ដែលប្រទះឃើញសាកសពនោះ បន្ទាប់ពីបើកភួយ ដែលគ្រប់បិទបាំងសាកសពនោះរួចមក ក៏បានឃើញសាកសព គឺជាជនជាតិចិន ភេទប្រុស ត្រូវបានឃាតករ សម្លាប់ដោយកាត់ផ្តាច់បំពង់ក និងចាក់លើដងខ្លួនជាច្រើនកាំប៉ិត រួចកាត់ផ្តាច់សាកសពជាបំណែកៗ បន្ទាប់មកទើបយកបំណែកសាកសពខាងលើ (ពាក់កណ្តាល់ខ្លួនដល់ក្បាល) យកមកប្លង់ចោលតែម្តង ។

បន្ទាប់ពីធ្វើការពិនិត្យសាកសព និងប្រមូលភស្តុតាងកន្លែងកើតហេតុរួចមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបន្តធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ យ៉ាងស្រស្រាក់ស្រស្រាំ ប្រើប្រាស់ជំនាញរបស់នគរបាលចូលជ្រៅ រហូតធ្វើឃាត់ខ្លួនបានជនសង្ស័យ នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២ និង០០នាទី រំលងអធ្រាត នៅចំណុចហាងប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ WU CHENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ ED7591553 ។

សាកសពរបស់ជនរងគ្រោះត្រូវបានកាត់ជា ៣កំណាត់ ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើង ៕

អត្ថបទដែលជាប់ទាក់ទង