ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា មានការរីកចម្រើនជឿនលឿន ឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ

58

 

វៀតណាម៖លោកង្វៀន ហ៊ួជុងប្រធានរដ្ឋវៀតណាម បានកោតសរសើរប្រទេសកម្ពុជា ដែលមានការរីកចម្រើនជឿនលឿន ឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេសកំណើនសេដ្ឋកិច្ច មានការកើនឡើងជាបន្តបន្ទាប់។

នៅល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក ង្វៀន ហ៊ួជុង (Nguyen Phu Trong) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម។

ក្នុងជំនួបនោះ លោក ង្វៀន ហ៊ួជុង (Nguyen Phu Trong) បានមានប្រសាសន៍ស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ លោកបានមានប្រសាន៍ថា លោកបានតាមដានយកចិត្តទុកដាក់ នៃជំនួបទ្វេភាគី រវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នាព្រឹកមិញនេះ ក៏ដូចជាការធ្វើសន្និសីទរួម រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងលទ្ធផលដ៏ល្អកម្ពុជា-វៀតណាម ស្ដីអំពីការជំរុញវិនិយោគ និងពាណិជ្ជកម្ម នារសៀលមិញនេះផងដែរ។ លោកប្រធានរដ្ឋវៀតណាម ក៏បានកោតសរសើរប្រទេសកម្ពុជា ដែលមានការរីកចម្រើនជឿនលឿន ឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេសកំណើនសេដ្ឋកិច្ច មានការកើនឡើងជាបន្តបន្ទាប់។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចពិតជារីករាយដែលបានជួប លោកប្រធានរដ្ឋវៀតណាម។ សម្ដេចតេជោ ក៏បានជម្រាបជូនអំពីលទ្ធផល នៃដំណើរបំពេញទស្សនកិច្ច របស់សម្ដេចមកកាន់ប្រទេសវៀតណាម នាពេលនេះ ហើយសម្តេចចាត់ទុកថា នេះគឺជាប្រវត្តិសាស្ត្រមួយ សម្រាប់ប្រទេសទាំងពីរកម្ពុជា-វៀតណាម ផងដែរ ក្នុងការចូលរួមពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា។ សម្ដេចក៏បានកោតសរសើរ ចំពោះប្រទេសវៀតណាម ដែលមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿន ជាពិសេសកំណើនសេដ្ឋកិច្ច រីកលូតលាស់ឆាប់រហ័ស ទាក់ទាញការវិនិយោគ ពីបរទេសច្រើន ។

សម្តេចបន្តថា កម្ពុជា-វៀតណាម នឹងរួមគ្នាអនុវត្តនួឲ្យបានម៉ឺងម៉ាត់បំផុត នូវរាល់ទិសដៅដែលបានដាក់ចេញ និងការព្រមព្រៀងគ្នាទាំងអស់ ហើយនឹងប្រឹងប្រែងបន្ត ដោះស្រាយបញ្ចប់ឲ្យបានឆាប់នូវ បញ្ហាដែលមាន ដូចជាការងារ ខណ្ឌសីមា​ និងបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់១៦%ដើម្បី កសាងព្រំដែនប្រទេសទាំងពីរ ឲ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងវិបុលភាពជានិរន្តរ៍។ សម្តេច ក៏បានអរគុណចំពោះ វៀតណាម ដែលបានរូមចំណែក នៃការរកសន្តិភាព ការស្តារនិងអភិវឌ្ឍកម្ពុជា រហូតមកដល់ពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង