ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនជួបជាមួយអគ្គនាយកអង្គការUNIDO

69

ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោកLi Yong (លីយ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ(UNIDO)

ក្នុងឱកាសនោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនអគ្គនាយកអង្គការUNIDO អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ ​ក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។លោកលីយ៉ុងបានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថាលោកពិតជាមានកិត្តិយសដែលបានជួបសម្តេចតេជោនៅពេលនេះដែលជាឱកាសអោយលោកអាចសម្តែងការគោរពនិងសម្តែងការគួរសមដល់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកបានគូសបញ្ជាក់ថានៅឆ្នាំ២០១៧UNIDO និងកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយគ្នានិងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការនូវដំណើរការនេះដែលបានវិវត្តន៍ទៅមុខរលូនជាពិសេសក្នុងវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យស្បៀងឧស្សាហកម្មនិងបរិស្ថានដែលមានសញ្ញាល្អជាពិសេសសម្រាប់រដ្ឋាភិបាលចិនជប៉ុននិងស្វីសដែលមានការគាំទ្រទៅលើគម្រោងទាំងអស់នោះ។

លោកក៏បានគូសបញ្ជាក់ផងដែរថាលោកចង់រាយការណ៍ជូនសម្តេចតេជោថាលោកបានជួបជាមួយអភិបាលនៃទីក្រុងសិនជិនប្រទេសចិនហើយទីក្រុងសិនជិនចង់សហការជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតគម្រោងថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស។លោកបានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននិងគាំទ្រដល់ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងផ្សេងៗដែលបានសហការជាមួយគ្នា។

លោកបានសុំការណែនាំពីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីថាតើអង្គការUNIDO អាចបន្តជួយអ្វីខ្លះទៀតដល់ប្រទេសកម្ពុជា។

ក្នុងជំនួបនោះសម្តេចតេជោក៏បានអរគុណដល់អគ្គនាយកអង្គការUNIDO ដែលបច្ចុប្បន្នអង្គការនេះមានដៃគូជាច្រើនរួមទាំងដៃគូនៅប្រទេសកម្ពុជាផងដែរ។ថ្វីត្បិតអង្គការនេះមានដៃគូច្រើនតែអ្វីដែលសំខាន់សម្តេចស្នើឲ្យអង្គការនេះជួយទៅលើគោលនយោបាយពីរដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់រួមមាន៖

ទី១) ធ្វើយ៉ាងណាជួយអភិវឌ្ឍន៍គោលនយោបាយផលិតកម្មអង្ករដើម្បីនាំចេញ

ទី២) អនុវត្តន៍គោលនយោបាយឧស្សាហកម្មឆ្នាំ២០១៥២០២៥ហើយអង្គការUNIDO ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយនេះ។

សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរជាពិសេសនៅខេត្តព្រះសីហនុដែលជាខេត្តសំខាន់និងជាខេត្តដែលកំពុងតែត្រូវការការគាំទ្រដោយសារតែខេត្តនេះកំពុងឆ្លងការការអភិវឌ្ឍន៍ជាពិសេសទៅលើវិស័យសេវាផ្សេងៗទៀតដោយសារកន្លងមកនេះខេត្តព្រះសីហនុបានរងគ្រោះដោយសារគ្រោះទឹកជំនន់និងមានការអភិវឌ្ឍន៍ដ៏ឆាប់រហ័សផងធ្វើឲ្យតម្រូវការចាំបាច់គឺការគ្រប់គ្រងនៃទឹកកខ្វក់និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុនេះ។

សម្តេចតេជោហ៊ុនសែនក៏បានបញ្ជាក់ថានៅពេលខាងមុខទៀតរាជរដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់លើតំបន់សេដ្ឋកិច្ចពិសេសដោយនឹងប្រែក្លាយខេត្តព្រះសីហនុឲ្យក្លាយជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរហើយអ្វីដែលយើងកំពុងតែយកចិត្តទុកដាក់គឺការកសាងផ្លូវឡើងវិញដែលនឹងត្រូវចាយថវិកាប្រមាណ១៥០លានដុល្លារដើម្បីធ្វើផ្លូវនិងប្រព័ន្ធលូផងដែរ។សម្តេចតេជោក៏បានស្នើឲ្យអង្គការUNIDO បន្តជួយដល់គម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។សម្តេចបញ្ជាក់ថានៅពេលនេះចំនួននៃការសាងសង់នៅខេត្តព្រះសីហនុមានការច្រើនឡើងៗដូច្នេះតម្រូវការរបស់កម្ពុជាត្រូវតែផ្តល់អាទិភាពជាពិសេសមិនត្រឹមតែការគ្រប់គ្រងទឹកកខ្វក់ទេគឺវិស័យអគ្គិសនីផងដែរដែលកំពុងមានតម្រូវការកាន់តែច្រើននេះ។

លោកអគ្គនាយកនៃអង្គការUNIDO បានជម្រាបជូនសម្តេចតេជោផងដែរថាលោកពិតជារីករាយណាស់ដែលកម្ពុជាកំពុងមានការអភិវឌ្ឍន៍និងមានផែនការនៃគម្រោងទាំងឡាយដែលនេះជាស្ថានភាពដែលប្រទេសកម្ពុជាកំពុងតែមានកំណើនជាច្រើនហើយតម្រូវការក៏កើនឡើងលើវិស័យអគ្គិសនីការគ្រប់គ្រងទឹកកខ្វក់ជាពិសេសការជំរុញនយោបាយឧស្សាហកម្មក៏ដូចជាការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។  លោកក៏បានបញ្ជាក់ថាលោកគ្រោងធ្វើទស្សកិច្ចនៅកម្ពុជានៅឆ្នាំក្រោយនិងចង់ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសហើយលោកសន្យានឹងជំរុញឲ្យមានការគាំទ្រពីប្រទេសចិនពិសេសពីខេត្តសិនជិនតែម្តងដើម្បីផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង