ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រប់វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីប្រជាពលរដ្ឋនៅតែលើកឡើងពីការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីមិនទាន់បានល្អ

65

ភ្នំពេញ៖នៅគ្រប់វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីប្រជាពលរដ្ឋនៅតែលើកឡើងពីកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីមិនទាន់បានល្អនិងសូមអោយអាជ្ញាធរជួយអន្តរាគមន៍ខណៈដែលសម្រាមបានបង្កើតអោយមានជាកង្វល់អោយពួកគាត់រាល់ថ្ងៃនោះ។

  ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២២ខែតុលានេះនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅសាលាខណ្ឌមានជ័យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌបានលើកឡើងជាសំណើនិងសំណូមពរជាច្រើនក្នុងនោះពាក់ព័ន្ធនឹងបញ្ហាសំរាមប្រជាពលរដ្ឋបានលើកឡើងដដែលថាក្រុមហ៊ុនស៊ិនទ្រីនៅតែមិនព្រមមកប្រមូលសំរាមអោយអស់នោះទេដោយទុកឲ្យស្អុយប៉ះពាល់ដល់បរិស្ថាននៅក្នុងភូមិឋានរបស់ពួកគាត់  ដោយថ្ងៃខ្លះបានទុកសំរាមចោលរហូតដល់២០ថ្ងៃក៏មានដែរ។ដូច្នេះទេពួកគាត់សំណូមពរអោយអាជ្ញាធរជួយអន្តរាគមន៍លើបញ្ហាដដែរជាដដែរនេះផង។

  ទាក់ទិននឹងពាក់ព័ន្ធនឹងបញ្ហាសំរាមនេះដែរក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់មកពីសាកលវិទ្យាល័យបៀលប្រាយ(BBU) នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០១៩នេះដែរសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រីដើម្បីឲ្យរដ្ឋកាន់កាប់សិនហើយសម្តេចបញ្ជាក់ថាការប្រមូលសំរាមនៅរាជធានីភ្នំពេញត្រូវដាក់ឱ្យដេញថ្លៃជាថ្មីដោយត្រូវមានក្រុមហ៊ុនឬ៤ក្រុមហ៊ុនសម្រាប់ការប្រមូលសំរាមនៅរាជធានីភ្នំពេញ។

   គួរបញ្ជាក់ថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ខាងលើនេះបានធ្វើឡើងក្រោមវត្តមានលោកប៉ាសុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ  និងលោកនួនផារ័ត្នអភិបាលរងរាជធានីភ្នំពេញតំណាងអោយលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាមន្ត្រីចំណុះអោយរដ្ឋបាលរាជធានីព្រមទាំងប្រជាពលរដ្ឋរាប់រយនាក់។

  លោកប៉ាសុជាតិវង្សបានមានប្រសាសន៍លើកឡើងថាការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នាពេលនេះគឺជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងអនុក្រឹត្យលេខ២១៥អនក្រ.បកចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០០៩របស់រាជរដ្ឋាភិបាលកម្ពុជាដែលតម្រូវឲ្យក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមខណ្ឌនានាក្នុងអំឡុងត្រីមាសទី៤នៃឆ្នាំនីមួយៗនិងក្រុមប្រឹក្សាខណ្ឌត្រូវរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងអំឡុងខែមិថុនារៀងរាល់ឆ្នាំ

  លោកបន្តថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះនឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អនិងជាឧបករណ៍មួយសម្រាប់លើកកំពស់គណនេយ្យភាពតម្លាភាពក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងគោលបំណងដើម្បីធានាថារាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយនិងឆ្លើយតប

  លោកនួនផារ័ត្នក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងដែរថារាល់សំណើរនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាការជួសជុលផ្លូវការដាក់បង្គោលភ្លើងសាធារណៈជាដើមរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការដោះស្រាយទៅតាមធនធានដែលមានពោលគឺកម្រិតណាត្រូវប្រគល់អោយខណ្ឌនិងកម្រិតណាប្រគល់អោយថ្នាក់រាជធានីដោះស្រាយ។តែទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះយើងបានដាក់បង្គោលភ្លើងបំភ្លឺសាធារណៈបានជា២ម៉ឺនដើមហើយហើយការងារនេះយើងនៅតែបន្តទៅតាមកម្រិតធនធានដែរមាន៕

 

អត្ថបទដែលជាប់ទាក់ទង