ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំកម្ពុជា

84

នៅវិមានសន្តិភាព រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម W.Patrick Murphy
ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី
ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានតែងតាំងមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យឯកឧត្តម
បានចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅពេលនេះ។ ឯកឧត្តមពិតជារីករាយ និងទទួលស្គាល់សម្រាប់ថ្ងៃនេះ២៣
តុលា ដែលជាប្រវត្តិសាស្ត្រ និងជាថ្ងៃឈប់សម្រាករបស់ប្រទេសកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន
ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ឯកឧត្តមដែលត្រូវចាប់ផ្ដើមបំពេញការងារនៅក្នុងប្រទេសកម្ពុជានាពេលនេះ។
សម្ដេចតេជោបានបញ្ជាក់ថា អ្វីដែលជាការបន្តធ្វើនោះគឺការបន្តពង្រីក និងពង្រឹងនូវទំនាក់ទំនង
ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបន្ថែមទៀត។ សម្តេចបន្តថា ដោយសារកន្លងមកកម្ពុជា
និងសហរដ្ឋអាមេរិកមានការសហការគ្នាលើគ្រប់វិស័យ ពិសេសកន្លងមកយើងមានចំណុចដែលបានឯកភាពគ្នាច្រើន
ហើយយើងនឹងបន្តពេលវេលា ដើម្បីធ្វើការសហការគ្នាជាបន្តបន្ទាប់ទៀត។

កម្ពុជា និងអាមេរិកក៏មានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផងដែរមានទាំងវិស័យអប់រំវិស័យសុខាភិបាលជាដើម
ហើយយើងនឹងបន្តធ្វើការងារលើវិស័យសំខាន់ៗនេះជាបន្តទៀត ។ សម្ដេចតេជោមន្ត្រី
ក៏បានជំរុញដល់ឯកអគ្គរដ្ឋទូតអាមេរិកផងដែរទាក់ទងទៅនឹងការបង្កើនកិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិ
ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក្នុងក្របខណ្ឌអាស៊ាន និងសហរដ្ឋអាមេរិកផងដែរ។

សម្តេចបន្តថា កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដូច្នេះសម្តេចចង់ឃើញអាមេរិក និងអាស៊ានមានការសហការគ្នា។
ទាក់ទងទៅនឹងទំនាក់ទំនងនេះផងដែរ នៅឆ្នាំក្រោយនេះគឺជាខួបទី៧០ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដូច្នេះកម្ពុជា
និងទូតអាមេរិក នឹងសហការគ្នាក្នុងការធ្វើកម្មវិធីមួយចំនួននៅខួបនៃទំនាក់ទំនងនេះ។

ដូច្នេះតាមរយៈជំនួបនេះ គឺជាលើកដំបូងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតអាមេរិកថ្មី
ក្នុងការជួបសំដែងការគួរសមនិងពិភាក្សាការងារដោយផ្តោតសំខាន់ទៅលើការបន្តពង្រឹង និងពង្រីកទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង