ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីឃាតកម្មសម្លាប់ប្រពន្ធខ្លួនឯង ឃាតករជាប្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយនាំកូនគេចខ្លួន, កូនតូចៗបីនាក់ត្រូវកំព្រាអស់មួយជីវិត

71

កណ្តាល៖ស្រុកអង្គស្នួល នៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា កិច្ចប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត ករណីឃាតកម្មប្តីកាប់សម្លាប់ប្រពន្ធខ្លួនឯងដោយសារភ្លើងប្រច័ណ្ឌនោះ ឃាតករជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពេលប្រព្រឹត្តករណីឃាតកម្មហើយ បាននាំកូនជិះម៉ូតូគេចខ្លួន ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាល​បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ ករណីឃាតកម្ម គឺឪពុកត្រូវជាប់គុក ម្តាយត្រូវស្លាប់ ចំណែកឯកូនប្រុសស្រី៣នាក់ ដែលនៅតូចៗ ត្រូវកំព្រាអស់មួយជីវិត។

នគរបាលស្រុកអង្គស្នួល បានបញ្ជាក់ថា ហេតុការណ៍នេះឡើង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២០.៣០នាទី នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតនៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ស្រុក អង្គស្នួលខេត្តកណ្តាល។ ជនរងគ្រោះ ១នាក់(ប្រពន្ធ)ស្លាប់ ឈ្មោះ ឈិត ម៉ាច ភេទស្រី អាយុ៣៦ឆ្នាំជនជាតិខ្មែរ កម្មការិនីរោងចក្រ ទីលំនៅ សព្វថ្ងៃស្នាក់នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ១នាក់ប្រុស (ប្តី) ឃាត់ខ្លួននៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៨ ឈ្មោះ ណន ណាត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ កម្មករសំណង់ ទីលំនៅ សព្វថ្ងៃ ស្នាក់នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យក មានពូថៅដៃ១ ដងឈើប្រវែង២៣សង់ទីម៉ែត្រ ។

នៅមុនពេលកើតហេតុ យប់ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៨ ជនរងគ្រោះនិងជនសង្ស័យ ជាប្តី ប្រពន្ធ បានឈ្លោះប្រកែកគ្នា ហើយក៏ស្ងាត់មាត់ទៅ ។ លុះពេលជនរងគ្រោះដេកលង់លក់ ជនសង្ស័យបាន យកពូថៅ កាប់ជនរងគ្រោះ៥ ពូថៅសំដៅចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗ ហើយយកភួយគ្រប ដណ្តប់ពីលើ ។ លុះព្រឹកឡើងថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង
៨ ជនសង្ស័យបាននាំកូន២នាក់តូចៗ ជិះម៉ូតូគេចខ្លួនទៅស្រុកកំណើត នៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាត់ទៅ ។ នៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨ វេលាម៉ោង១៩ ឈ្មោះ ឈិត តាក់ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា ត្រូវជាប្អូនបង្កើត របស់ជនរងគ្រោះ បានឃើញផ្ទះបង មិនបើកភ្លើងអំពូល ក៏បានដើរទៅមើលហើយស្រែកហៅ
មិនឮ រួចបានឡើងទៅមើលនៅលើផ្ទះ បញ្ចាំងភ្លើងពិលឃើញជនរងគ្រោះ ដេកគ្របភួយស្លាប់បាត់ទៅហើយ ទើបចុះមកវិញ មកប្រាប់ប្រពន្ធ និងទៅរាយការណ៍ជូនមេភូមិ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាមកម្លាំងសមត្ថកិច្ច ស្រុកអង្គស្នួល សហការជាមួយសមត្ថកិច្ចជំនាញខេត្ត ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យហេតុនិងធ្វើកោសល្យវិច័យ បើកធ្វើការស្រាវជ្រាវស៊ើបអង្កេត លុះដល់ ម៉ោង២២.១០នាទី កម្លាំងសមត្ថកិច្ច បានឈានទៅកំណត់ បានមុខសញ្ញាសង្ស័យ សហ
ការជាមួយកម្លាំងសមត្ថកិច្ចនគរបាល ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចនៅភូមិត្រពាំងក្រសាំង ឃុំ ក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើ ឃាតកម្មដោយយកពូថៅ កាប់ទៅលើជនរងគ្រោះ កំពុងដេកលក់ចំក្បាលចំនួន៥ ពូថៅបណ្តាល ឲ្យស្លាប់ភ្លាមៗ មូលហេតុប្រច័ណ្ឌ មានរយៈពេល៣ឆ្នាំ មកហើយ និងធ្លាប់មានជម្លោះជាមួយគ្នា ជាញឹកញាប់ ។ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ដើម្បីបន្តចាត់ការ តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង