ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ កីឡាការិនីជាតិ-អន្តរជាតិជាង៥០០នាក់ ចូលរួមព្រឹត្តិការណ៍កំពង់ធំរត់ពាក់កណ្តាលម៉ារ៉ាតុង ឆ្នាំ២០១៩ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

86

 

កំពង់ធំ៖ គណៈកម្មការរៀបចំការរត់ប្រណាំងពាក់កណ្តាលពាក់មារ៉ាតុងកំពង់ធំ (Kampong Thom Half Marathon Committee) សហការជាមួយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិសំបូរព្រៃគុក និងស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តកំពង់ធំ បានរៀប ចំព្រឹត្តិ​កា​រ​ណ៍កីឡាទេសចរណ៍ រត់ពាក់ កណ្តាល ពាក់មារ៉ាតុងកំពង់ធំ នៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយទាក់ទាញបានការចូលរួមពីអ្នករត់ជាតិ និងអន្តរជាតិ ប្រមាណជាង៥០០នាក់។
លោក សុខ វណ្ណា ប្រធាននាយកដ្ឋានសេវាកម្សាន្ត និងកីឡាទេសចរណ៍ នៃក្រសួងទេសចេណ៍បញ្ជាក់ថា៖ រមណីយដ្ឋានសំបូរព្រៃគុក ជារមណីយដ្ឋានអេកូទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាច្រើន​​ឱ្យមកទស្សនាកម្សាន្តជាមួយនឹងសក្តានុពលទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលចូលរួមចំណែកផ្សព្វផ្សាយតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ ព្រឹត្តិការណ៍កីឡាទេសចរណ៍ ក៏ជាផលិតផលទេសចរណ៍ថ្មីមួយដែលចូលរួមចំណែកជំរុញកំណើន ភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់ខេត្តកំពង់ធំ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា និងជាកម្លាំងចលករមួយក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈវិស័យទេសចរណ៍ និងដើម្បីឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោកបន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍រត់មារ៉ាតុង នៅរមណីយដ្ឋានសំបូរព្រៃគុក គឺជាសកម្មភាពមនុស្សធម៌ ដែលរៀប​ចំឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា៖ ផ្សព្វ ផ្សាយសក្តានុពលទេសចរណ៍តំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលជាសម្បត្តិបេតិក​ភ​ណ្ឌ​​​​ពិភ​ពលោក ចូលរួមអភិរក្សធនធានធម្មជាតិ វប្បធម៌ និងបរិស្ថាន នៅរមណីយដ្ឋានសំបូរព្រៃគុក ដែលជាតំបន់រមណីយដ្ឋានអេកូទេសចរណ៍ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអេកូទេសចរណ៍ ស្អាត និងបៃតង លើកកម្ពស់វិស័យទេសចរណ៍ និងកីឡា
ផ្សព្វផ្សាយសក្តានុពលកីឡាទេសចរណ៍ និងបរិស្ថានធម្មជាតិជំរុញកំណើនភ្ញៀវទេសចរតំបន់រមណីយដ្ឋានសំបូរព្រៃគុក និងតំបន់សៀមរាបអង្គរ បង្កើនទំនាក់ទំនង ជិតស្និទ រវាងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុង​សហគមន៍​បង្កើនអត្ថប្រយោជន៍វិស័យទេសចរណ៍ ដល់សហគមន៍តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡា បង្កើនសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត។
លោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍លើកឡើងនូវការសូមសា្វគមន៍យ៉ាងកក់ក្តៅ ចំពោះ​វត្តមាន​របស់​កីឡាករ កីឡាការិនី​ជាតិ-អន្តរជាតិ​ទាំងអស់ ដែលបាន​​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍កំពង់ធំរត់ពាក់កណ្តាល​ម៉ា​រ៉ា​តុងឆ្នាំ២០១៩ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកនេះ។ “ថ្ងៃនេះ យើងទាំងអស់គ្នាចូលរួមក្នុងព្រឹត្តិការណ៍កំពង់ធំរត់ពាក់កណ្តាលម៉ារ៉ាតុង ឆ្នាំ២០១៩ ដើម្បីសប្បុរសធម៌ ភាពស្អាត និងបៃតងនៃរមណីយដ្ឋានអេកូទេសចរណ៍សំបូរព្រៃគុក ពិសេសចូលរួមផ្សព្វផ្សាយរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងឈានឆ្ពោះទៅការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣”។
លោកក៏បានសំណូមពរឲ្យកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពតាមបទបញ្ជាបច្ចេកទេសឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់​ផ្សេងៗជាយថាហេតុ។ ក្នុងឱកាសដ៏សែនមនោរម្យ និងប្រកបដោយភាពសប្បាយរីករាយ ជាមួយស្នាមញញឹមរបស់បងប្អូនជាអត្តពលិកពោរពេញដោយកម្លាំងមាំមួន និងភាពស្វាហាប់ផងដែរ។​
ព្រឹត្តិការណ៍កីឡាទេសចរណ៍រត់ពាក់ កណ្ដាល មារ៉ាតុងនៅរមណីដ្ឋានសំបូរព្រៃគុកថ្ងៃនេះ មាន៣វិញ្ញាសា រួមមាន៖ រត់ប្រណាំងចម្ងាយ ៣គ.ម, ១០គ.ម និង២១គ.ម ដែលមានកីឡាករ កីឡាការីនី ចូលរួមសរុបចំនួនជាង ៥០០នាក់ ក្នុងនោះ​ កីឡាកររត់ចម្ងាយ១០គម មានចំនួន ៦២នាក់ កីឡាកររត់ចម្ងាយ២១គម ​មានចំនួន ៥៩នាក់ កីឡាករជនជាតិខ្មែរប្រហែល៨០% និងកីឡាករជនជាតិបរទេសប្រហែល២០% ជាកីឡាករ កីឡាការីនីអាជីព មកពី៦ប្រទេសផ្សេងគ្នាដូចជា Japan, France, New Zealand, America, England, Canada, China និងសិស្សសាលាចំនួន ៤០៧ នាក់ មកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅក្នុងតំបន់រមណីយដ្ឋាន​សំបូរ​ព្រៃគុក។​
ការរត់ពាក់កណ្ដាលមារ៉ាតុងជាលក្ខណៈអន្តរជាតិនៅក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុកនេះ គឺរត់ដើម្បីស្វែងយល់ពីកីឡាមារ៉ាតុង វិស័យទេសច​រ​ណ៍ អភិរក្សធនធានធម្មជាតិ វប្បធម៌ និងសុខភាពផ្លូវកាយ ផ្លូវចិត្ត រត់ដើម្បីអភិរក្សធនធានធម្មជាតិ និងវប្បធម៌ និងស្វែងយល់ពីជីវភាព រស់នៅរបស់ពលរដ្ឋក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុកផងដែរ៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង