ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាស៊ានបានទទួលភ្លើងខៀវរួមគ្នាធ្វើម្ចាស់ផ្ទះ World Cup

93

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា អាស៊ានបានឈានដល់ចំណុចរួចមួយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ហើយ បន្ទាប់ពីមានការចុះហត្ថលេខារវាងអាស៊ាន ជាមួយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) នៅទីក្រុងបាងកក កាលពីថ្មីៗ ។
ការអះអាងបែបនេះស្របពេលសម្ដេចតេជោនាយករដ្ឋមន្ដ្រីបានចូលរួមជាអធិបតីភាពក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ានចិនលើកទី១២ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារមួយ នាខេត្តសៀមរាប។
សម្ដេចបានមានប្រសាសន៍ថា «ឥលូវនេះ អាស៊ានមានចំណុចរួមមួយ នៅត្រង់ថា អាស៊ាននឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក។នេះជាអត្ដសញ្ញាណរបស់អាស៊ាន ដែលទើបនឹងចុះហត្ថលេខារវាងអាស៊ាន ជាមួយ FIFA កាលពីប៉ុន្មានថ្ងៃមុន នៅទីក្រុងបាងកក ដែលអាចទុកថា ពេលនោះ ប្រទេសទាំងអស់ នៅក្នុងអាស៊ាន នឹងក្លាយទៅជាកន្លែងតែមួយ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក» ។
លើសពីនេះសម្ដេចបានគូសបញ្ជាក់បន្ថែមថា«អាស៊ានអាចបង្កើតជាក្រុមបាល់ទាត់មួយ ទៅប្រកួតជាមួយប្រទេសដទៃ កម្ពុជាអាចមានម្នាក់ ថៃអាចមាន ២នាក់ វៀតណាមអាចមាន ២នាក់ និងប្រទេសផ្សេងៗចូលរួម ត្រង់ឈ្នះ ត្រង់ចាញ់ មិនដឹងទេ ប៉ុន្ដែអត្តសញ្ញាណសំខាន់របស់អាស៊ាន ហើយត្រង់ហ្នឹងហើយ ដែលខ្ញុំធ្លាប់និយាយថា ចំណុចរួមអាស៊ាន ដែលអាចធ្វើទៅរួចមុនគេ គឺបង្កើតក្រុមបាល់ទាត់អាស៊ានតែម្ដង» ។
នាពេលកន្លងមក ក៏មានបណ្ដាលអាស៊ានមួយចំនួន បានរួមមតិគ្នា ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣៤ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង