ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រគល់ប្រាក់គំរូប្រភេទ១៥០០០រៀលសម្រាប់ដាក់តាំងបង្ហាញនៅវិមានឈ្នះ-ឈ្នះ

58

ភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៧ខែវិច្ឆិកាឆ្នាំ២០១៩តំណាងធនាគារជាតិនៃកម្ពុជាបានប្រគល់ជូនប្រាក់គំរូប្រភេទ១៥០០០រៀលជាមួយនឹងប័ណ្ណប្រកាសធនប័ត្រដល់អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសក្រសួងការពារជាតិសម្រាប់ដាក់តាំងបង្ហាញនៅវិមានឈ្នះឈ្នះ។

ក្រដាសប្រាក់១៥០០០រៀលត្រូវបានបោះផ្សាយដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនៃព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សានៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិនៃព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

រូបភាពវិមានឈ្នះឈ្នះត្រូវបានរំលេចឡើងនៅលើក្រដាសប្រាក់ប្រភេទ១៥០០០រៀលដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមានសារ:សំខាន់និងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅចំពោះប្រជាជនខ្មែរនិងប្រទេសជាតិទាំងមូលដែលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លើសពីនេះក្រដាសប្រាក់ប្រភេទ១៥០០០រៀលក៏រំលេចនូវរូបចម្លាក់ដំរីក្បាលបីមានស្លាបគ្រុឌហង្សដែលមាននៅជ្រុងទាំងបួននៃខឿនវិមានឈ្នះឈ្នះដែលជាសិល្បៈវប្បធម៌របស់ខ្មែរនិងបង្ហាញពីអនុភាពរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង