ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អំណោយ​ជូន អ្នកជំងឺ និង​ស្ត្រី​ទើប​សម្រាលកូន​-​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១.១២៣​នាក់ និង​បុគ្គលិក​-​កម្មករ ១.៦១៧​នាក់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​

157

​ភ្នំពេញ​៖ ក្នុងអំឡុងពេល​កំពុង​មើលថែទាំ​មាតា អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី នៅ​ថ្ងៃ​សៅរ៍ ទី ៧ ខែធ្នូ ឆ្នាំ​២០១៩ នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​លោកយាយ ម៉ោង ទឹម អាយុ ១០១​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

​ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ចាត់​ឱ្យ​លោកស្រី​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី អគ្គ​ហេរញ្ញិក​កាកបាទក្រហមកម្ពុជា ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច រួម​ដំណើ​ជាមួយ​គណៈប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រី និង​យុវជន​កាកបាទក្រហម​កម្ពុជា ចុះសួរសុខទុក្ខ​ដោយផ្ទាល់ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​អ្នកជំងឺ​ចំនួន ១.១២៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅតាម​ផ្នែក​នីមួយៗ​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ​។ ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី ក៏បាន​ប្រគល់​អំណោយ​លើកទឹកចិត្ត​ដល់ គ្រូពេទ្យ បុគ្គលិក និង​កម្មករ ចំនួន ១.៦១៧​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​មន្ទីរពេទ្យ​ផងដែរ​។

​ក្នុងឱកាស​ចុះសួរសុខទុក្ខ​នោះ លោកស្រី​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ ក្ដី​នឹករលឹក និង​ការថ្លែងអំណរគុណ​ចំពោះ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​បាន​ខិតខំ​ថែទាំ ព្យាបាល​ជំងឺ ដោយ​យកចិត្តទុកដាក់ ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទទួលស្គាល់​និង​ជឿទុកចិត្ត ស័ក្តិ​សមជា​មន្ទីរពេទ្យ​របស់​រាជរដ្ឋាភិបាល ដែល​រួមចំណែក​លើកកម្ពស់​វិស័យ​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរឡើង​។ លោកជំទាវ បាន​ថ្លែង​ការកោតសរសើរ​ចំពោះ លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត ដែលមាន​យុទ្ធសាស្ត្រ​រស់​រវើក​ក្នុងការ​ដឹកនាំ​-​គ្រប់គ្រង ធ្វើឱ្យ​មន្ទីរពេទ្យ​មានដំណើរ​ការល្អ​ទាំង​សេវា​ថែទាំ អនាម័យ ក្រមសីលធម៌​គ្រូពេទ្យ និង​ថ្នាំ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព ដែល​ទាំងនេះ​សុទ្ធតែជា​ក្តីសង្ឃឹម​និង​ការជឿជាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​។

​ជាមួយគ្នានេះ លោកស្រី​កិត្តិ​បណ្ឌិត បាន​ពាំ​នាំនូវ​ការ​ផ្តាំ​សួរសុខទុក្ខ និង​សារ​អំពាវនាវ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​អ្នកជំងឺ និង​ក្រុមគ្រួសារ​របស់​អ្នកជំងឺ​ទាំងអស់ ឱ្យ​គិតគូរ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ អនុវត្តតាម​ការណែនាំ​របស់​គ្រូពេទ្យ និង​បរិភោគ​អាហារូបត្ថម្ភ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព ព្រមទាំង​សូម​ជូនពរ​ដល់​អ្នកជំងឺ​ទាំងអស់ ឆាប់​ជាសះស្បើយ​ពី​ជំងឺ​បាន​វិល​ទៅ​ជួបជុំ​គ្រួសារ​ឡើងវិញ​។​

​សូមបញ្ជាក់ថា អ្នកជំងឺ ១.១២៣​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ៖ មី​១​កេស ត្រីខ​១០​កំប៉ុង ស្ករស​២​គីឡូក្រាម ទឹកដោះគោ​ប្រអប់ ១២​ប្រអប់ មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​២ និង​ថវិកា ៥០.០០០​រៀល​។ ដោយឡែក បុគ្គលិក​ពេទ្យ​-​កម្មករ ១.៦១៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ៖ សារុង​១ ក្រមា​១ និង​ថវិកា ១០០.០០០​រៀល​៕​

អត្ថបទដែលជាប់ទាក់ទង