សមាគមន៍បរទេសមួយជ្រកក្រោមច្បាប់កម្ពុជា បែរជាតាំងខ្លួនឯងជារដ្ឋមួយ ដោយ តាំងរូបមេដឹកនាំខ្លួន ក្នុងដែនដីគេឲ្យស្មើនឹងស្តេចម្ចាស់ទឹកដី
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជាបានថ្លែងថា សមាគមន៍បរទេសមួយជ្រកក្រោមច្បាប់កម្ពុជា បែរជាតាំងខ្លួនឯងជារដ្ឋមួយ ដោយ តាំងរូបមេដឹកនាំខ្លួន ក្នុងដែនដីគេឲ្យស្មើនឹងស្តេចម្ចាស់ទឹកដី ដែលខ្លួនសុំជ្រកកោនបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយសកម្មភាពនេះ គឺសបញ្ជាក់ឲ្យឃើញថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត មកលើម្ចាស់ទឹកដី ដែលមិនអាចទទួលយកបាននោះឡើយ ដូច្នេះលោកស្នើសុំឲ្យ ក្រសួងមហាផ្ទៃ បកស្រាយខ្លឹមសារច្បាប់។
លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានសរសេរសារ លើហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៥ ធ្នូ ២០១៩ ថា សំណេរព្រួយបារម្ភចំពោះជាតិខ្មែរ…។
លោកបានថ្លែងថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ បើយើងមើលរូបភាពនេះ គឺ វាពិតជា ឈឺចាប់ខ្លាំងណាស់ដែលសមាគមន៍បរទេសមួយជ្រកក្រោមច្បាប់កម្ពុជា បែរជាតាំងខ្លួនឯងជារដ្ឋមួយ ដោយ តាំងរូបមេដឹកនាំខ្លួនក្នុងដែនដីគេឲ្យស្មើនឹងស្តេចម្ចាស់ទឹកដីដែលខ្លួនសុំជ្រកកោនបណ្តោះអាសន្នតែប៉ុណ្ណោះហើយសកម្មភាពនេះគឺសបញ្ជាក់ឲ្យឃើញថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើម្ចាស់ទឹកដីដែលមិនអាចទទួលយកបាននោះឡើយ ។ ដូច្នេះខ្ញុំសុំឲ្យ ក្រសួងមហាផ្ទៃ បកស្រាយខ្លឹមសារច្បាប់ និងដែនកំណត់សិទ្ធិរបស់ សមាគមន៍ បរទេស ឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យពួកនោះដើរ
ហួសដែនកំណត់ នៃច្បាប់ប្រទេសកម្ពុជាយើង ហើយវាអាចនឹងក្លាយទៅជាអង្គការចាត់តាំងរចនាសម្ព័ន្ធនយោបាយងងឹតក៏អាចថាបាន…។
លោកថា តើសមាគមន៍ និងអង្គការបរទេសមានសិទ្ធិ ដាក់ទង់ជាតិរបស់គេអមនឹងទង់ជាតិប្រទេសយើងដែរទេ…?
តើសមាគមន៍ និងអង្គការបរទេសមានសិទ្ធិតាំង រូបថត មេដឹកនាំគេស្មើនឹងស្តេចផែនដីយើងដែរឬទេ?ស្របពេល ដែលជនបរទេសនោះធ្វើកិច្ចការនៅក្នុងនាមជាសមាគមន៍និរាទេសតែប៉ុណ្ណោះដោយមិនពាក់ព័ន្ធនឹងកិច្ចការរដ្ឋ និងរដ្ឋនោះទេ ?
លោកបានលើកឡើងទៀតថា ឃើញរូបភាពទាំងនេះគឺឈឺចាប់ផងព្រួយបារម្ភផង និងហួសចិត្តផង ប៉ុន្តែបើសិនជាមានច្បាប់ឲ្យជនបរទេសធ្វើ បែបនេះ គួរតែវិសោធនកម្មច្បាប់នោះចោលភ្លាមគឺដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានៃយើង និងលើកតម្លៃអន្តសញ្ញាណជាតិខ្មែររបស់ផងដែរ។
ចំណែកលោក មុត ចន្ថា នាយខុទ្ទកាល័យលោកកឹម សុខា បានសរសេរសាលើហ្វេសប៊ុកនៅថ្ងៃទី១៦ធ្នូនេះផងដែរថា តើពិតទេអ្វីដែលមាននៅក្នុងរូបនេះ? បើសិនជាពិតមែន តើអាជ្ញាធរត្រូវពន្យល់និងបកស្រាយបែបណា?
លោកបានបន្ថែមថា បើសិនជាការពិតមែន នេះជាការរំលោភបំពានលើសារាចរ លេខៈ ០១ សរ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨៕