ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិលេខ៤៨ ទៅកាន់ខេត្តកោះកុង គ្រោងបញ្ចប់ការសាងសង់ នាពេលឆាប់ៗខាងមុខនេះហើយ

15

ភ្នំពេញ៖ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការសាងសង់ យ៉ាងមមាញឹក ដោយសម្រេចបានលទ្ធផលជារួម ៩៦,៨៤% ហើយគ្រោងរួចរាល់នាពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមផន រឹម បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសុខសន្តិភាព។ ខ្សែផ្លូវជាតិនេះជាបណ្តាញតភ្ជាប់ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
ផ្លូវ១ខ្សែនេះដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹក ជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ នេះជាការបញ្ជាក់បន្ថែម របស់អ្នកនាំពាក្យក្រសួង។
គួរបញ្ជាក់ថាផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨,០៣៨គីឡូម៉ែត្តចាប់ពីPK0+000-១៤៨+០៣៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប្រភេទបេតុងកៅស៊ូ(AC)។
គ្រប់កំណាត់នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង