ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនថៅកែស្ថានីយ៍ប្រេង PTT នៅក្បែររង្វង់មូលគួរស្រូវ តាមដីកាតុលាការ

62

ភ្នំពេញ៖ យោងតាមដីកាចាត់តាំងតំណាងអយ្យការរ​បស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ​ កម្លាំងនគរបាលបានឃាត់ខ្លួនលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួ​ស្រូ​វ ខណ្ឌដង្កោ​ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាឲ្យនាំខ្លួនលោក អ៊ឹម សិរីរដ្ឋ ជាគ្រូបង្រៀន ពាក់ព័ន្ធករណីនេះ។

ការឃាត់ខ្លួន ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួ​ស្រូ​វ បន្ទាប់ពីផ្ទុះអំ​ពើ​​ហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ ដោយចោទថាលបលួចបន្ទប់ទឹកនារី ហើយថតរូបនារីកំពុងបន្ទោបង់។

ថៅកែស្ថានីយ៍ប្រេង PTT ឈ្មោះ​ សារុន វិធុរ៉ាក់ ត្រូវបានឃាត់និងនាំខ្លួនដោយកម្លាំងសមត្ថកិច្ច យោងតាមដីកាចាត់តាំងតំណាងអយ្យការរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា លោក សារុន វិធុរ៉ាក់ ត្រូវជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវ និងបក្ខពួក បានរងការចោទប្រកាន់ ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរ ទៅលើលោក អ៊ឹម សិរីរដ្ឋ ជាគ្រូបង្រៀនកាលពីយប់ថ្ងៃទី១៦ ខែធ្នូ នៅក្នុងបរិវេណស្ថានីយ៍ប្រេងរបស់ខ្លួន ដោយពួកគេចោទថា គ្រូបង្រៀនរូបនេះ បានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹក។

លោក សារុន វិធុរ៉ាក់ បានបញ្ជាឲ្យកូនចៅរបស់ខ្លួន ចាប់វាយគ្រូបង្រៀនម្នាក់នោះ បែកឈាមពេញមុខ និងចាប់ចងស្លាបសេក ថែមទាំងថតវីដេអូ និងរូបភាព បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ៕

អត្ថបទដែលជាប់ទាក់ទង