ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តកោះកុង និងក្រសួងរៀបចំដែនដី ពិនិត្យឃើញភាពមិនប្រក្រតី ឧត្តមសេនីយ៍ទោ ទុន ដៀត លួចចាក់លុបបំពានឆ្នេរសមុទ្រ ជាង៤០ម៉ែត្រ

57

កោះកុង៖ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកោះកុង និងមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងអយ្យការអមសាលាដំបូងបានសម្រេចយកគ្រឿងចក្រ កាយដីដែលចាក់លុបសមុទ្រ នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទនោះចេញឡើងវិញ បន្ទាប់ពីត្រូវ ឧត្តមសេនីយ៍ទោ ទុន ដៀត លួចចាក់លុបបំពានឆ្នេរសមុទ្រជាង៤០ម៉ែត្រ។

ការចុះពិនិត្យវាយតម្លៃ និងមានចំណាត់ការលើឧត្តមសេនីយ៍ទោ ទុន ដៀត ករណីថាបានចាក់ដីបូមខ្សាច់ចូលមាត់ព្រែកសមុទ្រកោះប៉ោ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រតិកម្ម បញ្ជាឱ្យលោកឧបនាយករដ្ឋមនរ្តី ជា សុផារ៉ា ពិនិត្យដោះស្រាយបន្ទាន់លើរឿងនេះ។

បើយោងតាមកំណត់ហេតុលទ្ធផលអង្កេតចុះហត្ថលេខាដោយលោក រស់ សារាំ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោកប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែន អភិបាលរងខេត្ត និងប្រធានមន្ទីរជំនាញផ្សេងទៀតមិនតិចជាង១៧នាក់នោះទេ ចុះហត្ថលេខារួមគ្នាកាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមការងារថ្នាក់ជាតិ និងក្រោមថ្នាក់ជាតិ បានសម្រេចឱ្យលោក ទុន ដៀត តួនាទីជានាយករងទីចាត់ការទំនាក់ទំនងកាងារព្រំដែននៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទជីកកាយអាចម៍ដី កំទេចថ្ម ខ្សាច់ និងរុះរើផែឈើចេញពីមាត់ព្រែកកោះប៉ោឱ្យដូចភាពដើមពីមុនឡើង។ ក្រុមការងារ ក៏បានផ្អាកគ្រប់សកម្មភាពទាំងឡាយជាបណ្តោះអាសន្នរង់ចាំការសម្រេចបន្តបន្ទាប់ពីតុលាការ រីឯលោក ទុន ដៀត ដែលរងការចោទប្រកាន់វិញ គឺស្ថិតនៅចាត់ការអនុវត្តតាមនីតិវិធិច្បាប់ជាធរមានផងដែរ។
តាមគំនូសបង្ហាញទីតាំងចាក់ដីលុបមាត់ព្រែកបោះប៉ោរបស់លោក ទុន ដៀត តំណាងការិយាល័យរៀបចំដែនដីក្រុងខេមរភូមិន្ទ ឱ្យដឹងកាលពីរសៀលថ្ងៃទី២៣ ខែធ្នូថា លោក ទុន ដៀត បានបូមខ្សាច់ជាប់នឹងស្ពានឈើខាងលិចប្រវែង២៥ម៉ែត្រ ខាងកើតប្រវែង២៥ម៉ែត្រ ខាងជើង៣ម៉ែត្រ និងខាងត្បូងប្រវែង៨ម៉ែត្រ។ នៅខាងឆ្វេងដៃជាប់នឹងទំនប់ស្ពានឈើមានការចាក់ដី និងថ្ម ខាងលិចប្រវែង១៨ម៉ែត្រ ខាងកើតប្រវែង១៨ម៉ែត្រ ខាងជើង៨ម៉ែត្រ និងខាងត្បូងប្រវែង៤ម៉ែត្រ ដីចាក់ថ្មី។

គួរកត់សម្គាល់ថា ប្រតិបត្តិការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងចាក់ដីលុបមាត់ព្រែកកោះប៉ោ ផ្តើមឡើងចាប់ពីម៉ោង២កន្លះរសៀលដល់ម៉ោង៦កន្លះល្ងាច និងក្រោយរយៈពេល២ថ្ងៃនៃការប្រតិកម្ម និងដាក់បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។

ដោយឡែក លោក ទុន ដៀត ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ទោ ប្រចាំនៅខេត្តកោះកុង បានមិនជំទាស់នឹងវិធានការរបស់អាជ្ញាធរជំនាញនោះទេ ហើយក៏ទទួលស្គាល់កំហុសតាមច្បាប់ចំពោះសកម្មភាពចាក់ដីចូលមាត់សមុទ្រ និងឯកភាពទាំងស្រុងជីកកាយអាចម៍ដី ថ្ម និងខ្សាច់ចេញពីឆ្នេរវិញ ។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ព័ត៌មានដែលទទួលបានការចាក់ដីលុបសមុទ្រ ពីសំណាក់មន្ដ្រីយោធានោះ មានប្រវែង៣ គុណ ៤៣ម៉ែត្រ។

លោកឧត្តមសេនីយ៍ទោ ទុន ដៀត មានតួនាទីជានាយករងទីចាត់ការទំនាក់ទំនងការងារព្រំដែន នៃអគ្គបញ្ជាការ គឺជាអ្នកបូមខ្សាច់លុបសមុទ្រដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ។

ករណីនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានចុះទៅដល់ទីតាំងជាក់ស្ដែង និងធ្វើការស្រាវជ្រាវរហូតឃើញថា ឧត្តមសេនីយ៍ពាក់ផ្កាយពីរ ជានាយទាហានជាន់ខ្ពស់រូបនេះ ពិតជាបានលុបខ្សាច់លុបសមុទ្រប្រាកដមែន ហើយក៏បានធ្វើរបាយការណ៍ជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី រួចរាល់ហើយ។

ថ្លែងចេញពិធីបើកបុណ្យសមុទ្រលើកទី៨ ក្នុងជុំទីពីរ នៅក្នុងខេត្តកំពត នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចុះពិនិត្យជាបន្ទាន់ករណីចាក់ដីចូលសមុទ្រ និងស្រាវជ្រាវអ្នកនៅពីក្រោយខ្នង ដើម្បីទន្ទ្រាយយកដីធ្វើជាកម្មសិទ្ធិ។
សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាយ៉ាងដូច្នេះថា៖ «ខ្ញុំហាក់ដូចជាមានព័ត៌មានថា នៅខេត្តកោះកុង ក៏នៅបន្តមានការចាក់ដីចូលទៅក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាត ខ្ញុំស្នើឱ្យឯកឧត្តម ជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តកោះកុង ពិនិត្យជាបន្ទាន់តើវាមានពិតទេ ហាក់ដូចជាមាននាយទាហានផងដែរ ដែលចូលរួមសកម្មភាពទាំងនេះ»។
ពាក់ព័ន្ធនឹងការចាក់ដីទន្ទ្រានចូលចូលក្នុងសមុទ្រនេះដែរ សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗថា ប្រសិនបើជារកឃើញថា នាយទាហានរូបណាពាក់ព័ន្ធនឹងការចាក់ដីចូលសមុទ្រ សម្តេចមិនអនុញ្ញាតនាយទាហានទាំងអស់នោះ ស្ថិតនៅក្នុងក្របខណ្ឌជាកងយោធពលភូមិន្ទកម្ពុជាបន្តទៀតនោះទេ។ ប្រសិនបើទុកឱ្យនាយទាហានទាំងនោះធ្វើរឿងយ៉ាងដូច្នេះ មានន័យថា ពួកអ្នកទាំងនោះនឹងក្លាយជាអ្នកកសាងរដ្ឋ នៅរដ្ឋហើយ ព្រោះពួកគេមិនគោរពច្បាប់ ដូច្នេះ គឺមិនអនុញ្ញាតឱ្យមាននោះទេ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង