ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យក្រុមប្រឹក្សា ឃុំ សង្កាត់ត្រូវគ្រប់ ចាត់ចែងថវិកាឆ្នាំ២០២០ ឲ្យមានប្រសិទ្ធភាព

412

 

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំអោយក្រុមប្រឹក្សាឃុំសង្កាត់គ្រប់គ្រងចាត់ចែងថវិកាឆ្នាំ២០២០អោយមានប្រសិទ្ធិភាព ខណៈដែលរាជរដ្ឋាភិបាលបានបង្កើនថវិកាដល់ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២០ កាន់តែច្រើនឡើងនោះ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំណែនាំអោយក្រុមប្រឹក្សា ឃុំ-សង្កាត់ ត្រូវធ្វើការគ្រប់គ្រងចាត់ចែង និងប្រើប្រាស់ថវិកាជាតិនេះអោយកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងពិធីបិទមហាសន្និបាត អាណត្តិទី៣ សម្ព័ន្ធភាពជាតិសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។
បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ ការចាត់ចែង និងប្រើប្រាស់ថវិកានេះ គឺត្រូវធ្វើឡើង ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការចាំបាច់នានា របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាល បាន ដាក់ចេញអនុក្រឹត្យ ស្តីពីការផ្ទេរធនធានបន្ថែម ពីថវិការដ្ឋជូនរដ្ឋបាលឃុំ-សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍ មូលដ្ឋានចាប់ពីឆ្នាំ២០២០ ។ ក្នុងនោះ រដ្ឋបាលឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកា សរុបជាមធ្យម ប្រមាណ១២២.០០០ដុល្លារ ហើយថវិកា ផ្នែកអភិវឌ្ឍន៍មូលដ្ឋាន មានជាង ៧០.០០០ដុល្លារ ពោលគឺកើនឡើងទ្វេដង។
ក្នុងឱកាសនោះដែរ សម្តេច ក៏បានស្នើអោយសមាគម ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីធានាដល់ការចាត់ចែង និងការប្រើប្រាស់ថវិកាទាំងនេះ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង