ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ACU ចាប់អតីតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងគុនមិញពីបទពុករលួយ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល , តុលាការឃុំខ្លួនដាក់ពន្ធនាគារ

142

ភ្នំពេញ ៖ អតីតមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស​ និងជាអតីតអគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុល ព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនបញ្ជូនទៅតុលាការ ហើយត្រូវតុលាការចេញដីកា ចោទប្រកាន់ ៤ បទល្មើស ហើយករណីបទល្មើសធំបំផុតរបស់ជនត្រូវចោទ គឺមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ឈ្មោះ គ្រុយ លឹមហេង ប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ២០១៥ ដល់២០១៩។

លោក គ្រុយ លឹមហេង អាយុ ៤៥ឆ្នាំ អតីតអគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនពីបទពុករលួយ។

មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញបានប្រាប់បណ្តាញព័ត៌មាននៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះថា តុលាការបានចេញដីកាសម្រេចឲ្យឃុំខ្លួនលោក គ្រុយ លឹមហេង ដាក់ពន្ធនាគារហើយ ដោយ ត្រូវបានចោទប្រកាន់ ៤ បទល្មើស រួមមាន៖ ១) ករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ២) រំលោភអំណាច ៣) វីតិក្រម ប្រព្រឹត្តដោយឈ្មោះ គ្រុយ លឹមហេង ភេទ ប្រុស អាយុ ៤៥ឆ្នាំ អតីតអគ្គកុងស៊ុល នៃស្ថានអគ្គ កុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ និង៤​) ករណីមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ឈ្មោះ គ្រុយ លឹមហេង ប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ២០១៥ ដល់២០១៩

អត្ថបទដែលជាប់ទាក់ទង