ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ នេត សាវឿន ដាក់បទបញ្ជា ចាប់ពីយប់រំលងអាធ្រាត ថ្ងៃទី៣១ ខែធ្នូ ល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទ

78

ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ិនធឺណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ក៏មានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អភិបាលរងរាជធានី-ខេត្ត, ស្នងការ ស្នងការរងរាជធានី-ខេត្ត, ប្រធាន-តំណាងក្រុមហ៊ុនកាស៊ីណូទាំងអស់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍សង្កត់ធ្ងន់ចំនួន ២ចំណុច ៖ ១.ចាប់ពីយប់រំលងអាធ្រាត ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ ល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមានតទៅទៀតនោះឡើយ ២.រាជរដ្ឋាភិបាលបានសម្រេចមិនអនុញ្ញាតឲ្យមានល្បែងអនឡាញបន្តទៀតទេ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ទៅកម្ពុជាបញ្ចប់ទាំងស្រុងនូវល្បែងអនឡាញ។

លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ទៀតថា ក្នុងស្មារតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋមិច្ច និងហិរញ្ញវត្ថុ និងក្រុមនាមគណៈកម្មការបង្រ្កាបល្បែងអនឡាញ ស្នើឲ្យគ្រប់បណ្តាក្រុមហ៊ុនប្រកបអាជីវកម្មកាស៊ីណូទាំងអស់យកស្មារតីសារាចរណែនាំនេះ ដើម្បីអនុវត្តឲ្យបានខ្ជាប់ខ្ជួន។ លោកអគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា មានបុគ្គលខ្លះ និងក្រុមខ្លះដើរបោកបញ្ឆោតថា សារាចរណែនាំរបស់រាជរដ្ឋាភិបាលមិនពិត ហើយធានាថាអាចបើកនៅកន្លែងនេះ កន្លែងនោះបាន ប៉ុន្តែទាំងនេះ គឺជាឧបាយកល និងសកម្មភាពរបស់ជនទុច្ចរិត ដែលធ្វើឡើងក្នុងន័យបោកបញ្ឆោត ជារួមយើងត្រូវបញ្ចប់ល្បែងអនឡាញនេះទាំងស្រុង ពិសេសគ្មានបុគ្គលណា គ្មានអង្គភាពណាដែលបំពានលើស្មារតីសារាចរណែនាំនេះទេ។

លោកអគ្គស្នងការនគរបាលជាតិ ក៏បានអំពាវនាវដល់សមត្ថកិច្ចគណៈកម្មការបង្រ្កាបល្បែង អាជ្ញាធរដែនដីទាំងអស់ សហការល្អជាមួយបណ្តាក្រុមហ៊ុនទាំងអស់ និងលើកទឹកចិត្តឲ្យអនុវត្តខ្លឹមសារាចរណែនាំឲ្យបាន ជៀសវាងមានកន្លែងខ្លះ បុគ្គលខ្លះ លួចលាក់បើក ហើយបើសិនជាសមត្ថកិច្ចរកឃើញនឹងអនុវត្តច្បាប់ជាធរមាន។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្វើឲ្យប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសេដ្ឋកិច្ចមានកំណើនក្នុងរង្វង់ប្រមាណជាង៧ភាគរយ ប៉ុន្តែការរីកចម្រើនរបស់កម្ពុជា ក៏មិនអាចកាត់ផ្តាច់បានពីវិស័យឯកជន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល។ ដូច្នេះគ្រប់បណ្តាក្រុមហ៊ុនទាំងអស់ត្រូវរួមសហការគ្នាអនុវត្តខ្លឹមសារសារាចរណែនាំរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធខ្ពស់ ដោយឈរលើគោលការណ៍គោរពច្បាប់យ៉ាងម៉ឺងម៉ាត់។

លោកអគ្គស្នងការនគរបាលជាតិ បន្តទៀតថា គណៈកម្មការបង្រ្កាបល្បែងអនឡាញត្រូវមានកន្លែងប្រចាំការ ជាក់ស្តែងដូចនៅខេត្តព្រះសីហនុ ហើយបណ្តាខេត្តផ្សេងបើមិនទាន់មាន សូមឲ្យរដ្ឋបាលខេត្តទទួលនៅរបាយការណ៍ ហើយនៅពេលក្រោយនេះ គណៈកម្មការបង្រ្កាបល្បែងអនឡាញនឹងមាន Hotline ដើម្បីទំនាក់ទំនងគ្នារវាងសមត្ថកិច្ច និងក្រុមហ៊ុន៕

អត្ថបទដែលជាប់ទាក់ទង