ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បញ្ជាឲ្យស្រាវជ្រាវករណីធ្វើទារុណកម្ម ប្រជាពលរដ្ឋតវ៉ាដីធ្លី រហូតដល់ស្លាប់ ឯកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការចំពោះកិច្ចធ្វើអធិការកិច្ច

47

 

ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្រាវជ្រាវករណីប្រជាពលរដ្ឋតវ៉ារឿងជម្លោះដីធ្លី នៅខេត្តបន្ទាយមានជ័យ ត្រូវបានគេធ្វើទារុណកម្ម រហូតដល់ស្លាប់។ ដោយសម្តេចបានបញ្ជាឲ្យចាប់អ្នកដែលប្រព្រឹត្តធ្វើទារុណកម្ម លើប្រជាពលរដ្ឋដល់ស្លាប់ យកមកផ្តន្ទាទោស។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបលើកទី៤ ជាមួយអ្នកសារព័ត៌មាននារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅកោះពេជ្រ។

ចំណែកកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការចំពោះកិច្ច ធ្វើអធិការកិច្ចនូវបាតុភាព ដែលបានកើតឡើងនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ត្រួតពិនិត្យសកម្មភាពការងារ របស់នាយទាហានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការប្រតិបត្តិការតួនាទី ភារកិច្ច។
ក្រុមការងារចំពោះកិច្ច បានទៅដល់ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាអោយ មានការចាប់ខ្លួនអ្នកដែលធ្វើទារុណកម្ម​ បណ្តាលអោយពលរដ្ឋម្នាក់ស្លាប់​ នៅខេត្តបន្ទាយមានជ័យ​ ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍ធ្ងន់ៗថា​ ក្នុងរឿងទំនាស់ដីធ្លី​ គឺ​ មិនអាចចាប់ខ្លួន ប្រជាពលរដ្ឋបានទេ​ ។ ករណីនេះ​ គឺ​ សមត្ថកិច្ច​ ត្រូវចាប់ខ្លួនអោយខានតែបាន​ មិនអាចលើកលែង​ បានទេ​ ចំពោះអ្នកធ្វើទារុណកម្ម​ នេះ​ ។

សូមបញ្ជាក់ថា​ អ្នកដែលស្លាប់នេះ​ មានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួននៅក្នុងសកម្មភាពតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩​ ថ្មីៗនេះ​ ។

ក្រុមគ្រួសារនៃសពអះអាងថា ការស្លាប់របស់ឈ្មោះ​ ទុយ​ ស្រស់​ គឺ​ ព្រោះតែការធ្វើទារុណកម្មបែកថ្លើម​ របស់សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ។ ចំណែក​អ្នកដែលនៅរស់បានអោយដឹងថា​ ពេល​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ចាប់​ខ្លួនពួកគាត់ទៅ​គឺ​ មន្ត្រី​អាវុធ​ហត្ថ​ពិតជាបាន​ប្រើហឹង្សា​ធ្វើ​ទារុណកម្ម​លើឈ្មោះ​ ទុយ​ ស្រស់​ រហូតដល់​ស្លាប់​មែន​ ។

ចំណែក​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បានបដិសេធ​ការចោទប្រកាន់នេះ​ ហើយបំភ្លឺថា​ ជនរងគ្រោះ​ស្លាប់​ដោយសារញៀនថ្នាំ​ ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បាន​បញ្ជាអោយ​ លោក​ កែវ​ រ៉ាមី​ និង​ លោក​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ស្រាវជ្រាវ​ករណី​នេះដោយមិនលើកលែងអ្នកប្រើហឹង្សា បណ្ដាលឲ្យពលរដ្ឋស្លាប់នោះទេ​ ។

អត្ថបទដែលជាប់ទាក់ទង