ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់សាឡង់ដឹកគ្រួស បើកគៀរទូកស្ត្រីអ្នកនេសាទខ្មែរឥស្លាម នៅកោះសូទិនយល់ព្រមសងការខូចខាត

36

កំពង់ចាម៖ទីបំផុតម្ចាស់សាឡង់ដឹកគ្រួសដែលបើកគៀរទូកស្ត្រីអ្នកនេសាទខ្មែរឥស្លាមនៅកោះសូទិនយល់ព្រមសងការខូចខាតចំនួន៧.៥លានរៀល។ នេះបើតាមការផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នៅថ្ងៃទី១៦មករានេះ។

ដោយមានការខិតខំដោះស្រាយពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធខេត្តកំពង់ចាម ចំពោះករណីសាឡង់ដឹកគ្រួសបេីកគៀរទូកប្រជាពលរដ្ឋខ្មែរឥស្លាម​នៅតាមដងទន្លេមេគង្គ​ ស្ថិតក្នុងស្រុកកោះសូទិន​ខេត្តកំពង់ចាម បានបញ្ចប់រឿងដោយភាគីសាឡង់ដឹកគ្រួសសងសំណង់ការខូចខាត​ចំនួន៧លានកន្លះរៀល​ដល់ទូកជនរងគ្រោះប្រជាពលរដ្ឋខ្មែរឥស្លាម​នៅវេលាម៉ោង​៥​ល្ងាចថ្ងៃទី១៥​ខែមករា​នេះ​ នៅការិយាល័យចរាចរណ៍ផ្លូវទឹក​ នៃស្នងការនគរបាលខេត្តកំពង់ចាម។

គួររំលឹកផងដែរថាស្ត្រីខ្មែរឥស្លាមម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យក្រោយពីសាឡង់ដឹកគ្រួសមួយបានគៀរបុកដោយសារការបើកបរ ធ្វេសប្រហែស ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅចំណុចទន្លេមេគង្គត្រើយខាងកោះថ្មី ភូមិទី១ ឃំុកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។គ្រួសារខ្មែរឥស្លាមជាអ្នកនេសាទនេះមានគ្នា៣នាក់ប្តី ឈ្មោះ លី សេត អាយុ៣៥ឆ្នាំ និង ប្រពន្ធ ឈ្មោះម៉ាត សាគីរ៉សអាយុ៣៥ឆ្នាំ ព្រមទាំងកូនស្រីអាយុ៥ខែ ឈ្មោះអា រីណាស់ជាអ្នកភូមិទី១៣លើ ឃុំកោះសូទិន ៕

អត្ថបទដែលជាប់ទាក់ទង