ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយរងប៉ុស្តិ៍នគរបាលម្នាក់ ត្រូវបានជនល្មើសបាញ់សម្លាប់ ខណៈនាយប៉ុស្តិ៍រងរបួសធ្ងន់ពេលចុះអន្តរាគមន៍ករណីអំពើហិង្សានៅឃុំចំបក់

58

(កំពង់ស្ពឺ)នាយករងប៉ុស្តិ៍នគរបាលចំបក់ស្រុកភ្នំស្រួចម្នាក់ត្រូវបានជនល្មើសបាញ់សម្លាប់ខណៈនាយប៉ុស្តិ៍ម្នាក់ទៀតត្រូវរបួសធ្ងន់ក្នុងពេលដែលពួកគាត់ចុះអន្តរាគមន៍ករណីអំពើហិង្សាមួយដែលកើតឡើងនៅភូមិក្រាំងចេកឃុំចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី១៨ខែមករាឆ្នាំ២០២០។

រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសថាក្នុងនាមរដ្ឋបាលស្រុកថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនក្រុមគ្រួសារសពលោកអនុសេនីយឯកទុយពៅនាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់ឃុំចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺទទួលមរណភាពក្នុងពេលបំពេញភារកិច្ចអន្តរាគមន៍ក្នុងអំពើហឹង្សាក្នុងភូមិក្រាំងចេកឃុំចំបក់នាយប់ថ្ងៃទី១៨ខែមករាឆ្នាំ២០២០នេះក្នុងគោលដៅថែរក្សាគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ឃុំមរណភាពនេះជាការបាត់បង់ជាបាត់បង់ថ្នាក់ដឹកនាំក៏ជាមន្ត្រីរាជការដ៏ល្អក្នុងកងកម្លាំងនគរបាលជាតិសូមអោយវិញ្ញាណខ័ន្ធលោកអនុសេនីយឯកទុយពៅសូមបានទៅកាន់សុគតិភពកុំខានឡើយ

អាជ្ញាធរស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺបានបញ្ជាក់អំពីដើមហេតុដែលនាំឲ្យមានករណីឃាតកម្មនេះថានៅម៉ោង៧៖០០នាទីដល់៨៖០០នាទីយប់ថ្ងៃទី១៨ខែមករាឆ្នាំ២០២០មានករណីអំពីហឹង្សាមួយបានកើតឡើងនៅភូមិក្រាំងចេកឃុំចំបក់ស្រុកភ្នំស្រួចដែលបង្កឡើងដោយឈ្មោះទូចហេងភេទប្រុសអាយុ២៨ឆ្នាំសព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើបានបង្កអំពើហឹង្សាវាយទៅឈ្មោះចនសុខវីភេទប្រុសអាយុ២៥ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នានៅនឹងផ្ទះជនរងគ្រោះហើយជនសង្ស័យបានស្ទុះមករកកាប់ឈ្មោះចនសុខវីប៉ុន្តែជនរងគ្រោះបានរត់គេចខ្លួនរួចជនសង្ស័យបន្តទៅវាយយាយនិងតារបស់ជនរងគ្រោះពេលនោះម្ដាយក្មេករបស់ឈ្មោះចនសុខវីបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ក្នុងការជួយធ្វើអន្តរាគមន៍។

មួយសន្ទុះលោកនាយប៉ុស្តិ៍និងនាយរងប៉ុស្តិ៍នគរបាលឃុំចំបក់ក៏បានមកដល់ពេលនោះជនសង្ស័យឈ្មោះទូចហេងស្ទុះទៅវាយនិងប្រតាយប្រតប់ជាមួយលោកទុយពៅនាយរងប៉ុស្តិ៍ឃុំចំបក់ហើយក៏មានការតដៃគ្នាជនសង្ស័យបានដណ្តើមយកបានកាំភ្លើងខ្លីម៉ាកK59 របស់លោកទុយពៅហើយបានបាញ់មកលើលោកទុយពៅរួចហើយ

បានបន្តមកដេញបាញ់លោករស់សារិននាយប៉ុស្តិ៍នគរបាលឃុំចំបក់ទៀតតែដោយសារកាំភ្លើងនោះអស់គ្រាប់លោកនាយប៉ុស្តិ៍ឃើញស្ថានភាពនេះក៏ស្ទុះទៅចាប់ជនសង្ស័យជាមួយឈ្មោះចនសុខវីទើបចាប់ជនសង្ស័យឈ្មោះទូចហេងបាន។

ភ្លាមនោះដែរប្រជាពលរដ្ឋក៏បានដឹកលោកទុយពៅនាយរងប៉ុស្តិ័នគរបាលឃុំចំបក់មន្ទីរពេទ្យប៉ុន្តែដោយរបួសធ្ងន់ធ្ងរលោកទុយពៅដាច់ខ្យល់តាមផ្លូវសាកសពត្រូវប្រគល់ជូនក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី។

ករណីនេះលោករស់សារិននាយប៉ុស្តិ៍បានរងរបួសបែកខ្ទង់ច្រមុះត្រូវរថយន្តបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តចំណែកជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននិងចាត់វិធានការណ៍ផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង