ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ចុប្បន្នភាព និងវិធានបង្ការជំងឺរលាកសួត បង្កឡើងដោយមេរោគកូរ៉ូណាថ្មី

44

 

ភ្នំពេញ៖
តាមរយ:សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ បានរាយការណ៍ពីបច្ចុប្បន្នភាពនៃស្ថានភាពជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី​ (Novel Coronavirus​(2019-CoV)) គិតត្រឹមថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២០​ និងការណែនាំពីវិធានការការពារការចម្លងវីរុសនេះ ដែលកំពុងផ្ទុះកាន់តែខ្លាំងនៅចិន។

បើតាមការសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មានចំនួន២២២ករណី ក្នុងនោះប្រទេសចិន មានចំនួន២១៨ករណី ដែលក្នុងនេះមានបុគ្គលិកសុខាភិបាល ដែលបានថែទាំអ្នកជំងឺមានចំនួន១៥នាក់ នៅទីក្រុងបាងកក ប្រទេសថៃមាន ២ករណី ជាករណីនាំចូល និងប្រទេសកូរ៉េខាងត្បូង មាន១ករណី ដែលជាករណីនាំចូល។
ករណីស្លាប់៤នាក់ មាននៅតែក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន, ហើយជំងឺរលាកសួតនេះ បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) បានកើតឡើងដំបូងបង្អស់ និងកំពុងបន្តផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន និងបានកំពុងរាលដាលទៅប៉េកាំង សៀងហៃ ក្វាងចូវ ហុងកុង។
ទោះជាបច្ចុប្បន្ននេះ កម្ពុជាមិនមានករណីជំងឺផ្តាសាយបក្សីកើតឡើងទៀតក៏ដោយ និងពុំទាន់រកឃើញករណីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះក៏ដោយ ក៏បុគ្គលគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ក្នុងការការពារសុខភាពពីការឆ្លងជំងឺខាងលើ នារដូវបុណ្យចូលឆ្នាំចិន ខាងមុខនេះដោយ៖ គួរតែជៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ បសុបក្សី ឬសត្វដទៃទៀត។ ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ។ ត្រូវចងចាំថា មិនអាចឆ្លងវីរុសផ្តាសាយបក្សី ឬវីរុសរលាកសួតប្រភេទថ្មីនេះទេ បើលោកអ្នកកាន់ ឬបរិភោគបសុបក្សី និងស៊ុត ឬម្ហូបអាហារ ដែលចម្អិនបានល្អត្រឹមត្រូវ។ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច។ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស។ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការការចម្លងរោគក្នុងគ្រឹះស្ថាន សុខាភិបាលឲ្យបានហ្មត់ចត់ និងត្រឹមត្រូវដើម្បីជៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
ប្រសិនបើសង្ស័យថាឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានគ្រុនក្តៅ ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115 ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រីក្រសួងសុខាភិបាលថ្លែងថា «ខ្ញុំសូមប្រកាសធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការបង្ការការចម្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែលអាចកើតមានជាយថាហេតុ ដូច្នេះសូមក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ត្រូវនៅឲ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ កុំទៅផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ និងកុំទៅក្បែរ ឬជិតអ្នកមានជំងឺផ្លូវដង្ហើមស្រួចនៅទីកន្លែងដែលដឹងថា មានជំងឺបាននិងកំពុងកើតមានឬកំពុងផ្ទុះរាតត្បាត»។
លើសពីនោះ ប្រសិនបើមានករណីសង្ស័យជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី លោកអ្នកត្រូវស្វែងរកការព្យាបាលជាបន្ទាន់នៅតាមគ្រឹះស្ថានសុខាភិបាលសាធារណៈ ដែលនៅជិតផ្ទះរបស់លោកអ្នកបំផុត ហើយត្រូវជម្រាបជូនមន្ត្រីសុខាភិបាល អំពីប្រវត្ដិជំងឺ និងប្រវត្តិនៃការធ្វើដំណើរ។ ក្រសួងសុខាភិបាល ក៏បានដាក់ម៉ាស៊ីនស្កេនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងបានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមសម្ភារៈ បរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាលផងដែរ។
មានមន្ទីរពិសោធន៍ជាតិ ត្រៀមជាស្រេចដើម្បីរកអត្តសញ្ញាណវីរុសថ្មីនេះ ហើយមានក្រុមជំនាញសុខាភិបាលជាង២,០០០នាក់ ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាន និងឆ្លើយតបជំងឺកើតឡើងថ្មីៗ ត្រៀមលក្ខណៈឆ្លើយតប បើកើតមានជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង