ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ រាជធានីភ្នំពេញមិនអនុញ្ញាតឲ្យ មានកម្មករ កម្មការិនីស្លាក់នៅក្នុងសំណង់អគារ ដែលបាននឹងកំពុងសាងសង់ទេ

77

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំងអស់ទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ត្រូវមើលការខុសត្រូវទៅលើការដ្ឋានសំណង់នានាអោយបានម៉ត់ចត់  ដោយមិនអនុញ្ញាតឲ្យមានកម្មករ កម្មការិនីស្លាក់នៅក្នុងសំណង់អាគារដែលបាននឹងកំពុងសាងសង់ជាដាច់ខាត។

  ការដាក់បទបញ្ជាបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្ដីពីសំណង់ចាស់ទ្រុតទ្រោមនៅក្នុងរាជធានី ដោយមានការចូលរួមពីអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។
  លោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ការហាមប្រាមមិនឲ្យមានការស្នាក់នៅកម្មករនៅក្នុងការដ្ឋានសំណង់ធ្វើឡើង ដើម្បីរក្សាសុវត្ថិភាពជូនកម្មករខណៈដែរ កន្លងមកនេះ នៅខេត្តព្រះសីហនុក៏ដូចជាខេត្តកំពត មានបញ្ហាបាក់ស្រុតអាគារកើតឡើង ដោយបានធ្វើឲ្យកម្មកររាប់សិបនាក់បានស្លាប់និងរងរបួស។ បញ្ហាបែបនេះមិនមែនជារឿងសាមញ្ញទេ វាប៉ះពាល់ដល់អាយុជីវិតមនុស្សដែលយើងត្រូវតែមានការបង្ការទប់ស្កាត់អោយបានខ្ពស់ជាមុន។
   លោកឃួង ស្រេងក៏បានមានប្រសាសន៍ទៀតថា អាជ្ញាធរខណ្ឌ រាជធានី គឺជាម៉ែជាឪរបស់ប្រជាពលរដ្ឋដូច្នេះទេ យើងត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាជាមួយនឹងប្រជាពលរដ្ឋ ដោយអាជ្ញាធរខណ្ឌ មានអភិបាលរងមួយរូបនិងមន្ទីរជំនាញ មានអនុប្រធានមន្ទីរ១ រូប ត្រូវចុះតាមដាន ពិនិត្យមើលការដ្ឋានសំណង់ដែលបាននឹងកំពុងសាងសង់ ថាតើសំណង់ទាំងនោះ មាន
ច្បាប់ទេ  ស្របតាមស្តង់ដារបច្ចេកទេសទេ ។ បើពិនិត្យឃើញថា ការដ្ឋានសំណង់ទាំងនោះធ្វើខុសលក្ខណៈបច្ចេកទេសនិងមិនមានច្បាប់អនុញ្ញាតយើងត្រូវតែបិទជាបណ្ដោះអាសន្ន នឹងត្រូវហៅម្ចាស់ការដ្ឋានសំណង់មក
ប្រជុំដោះស្រាយ សំដៅធ្វើយ៉ាងណាឲ្យការដ្ឋានទាំងនោះអនុវត្តទៅតាមច្បាប់និងសាងសង់ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
  លោកក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានបន្ទុច បង្អាក់ ចំពោះការសាងសង់អាគារនោះទេ ដោយសារតែប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសំណង់ទាំងនោះត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ ចៀសវាង កុំអោយហេតុការមិនល្អកើតឡើង។
  លោកឃួង ស្រេងក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញរបស់យើង ពិតជាមានអាគាចាស់ៗ ទ្រុឌទ្រោមច្រើនដែលបន្សល់តាំងពីជំនាន់បារាំងក៏មាន ដែលការងារនេះ គឺជាការងារដែលយើងត្រូវយកចិត្តទុកដាក់ និងស្រង់ស្ថិតិឱ្យបានច្បាស់ ជៀសវាងមានបញ្ហាកើតឡើង យើងមិនបានដឹង។
  លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់និងរុយោដីរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងដែរថា សំណង់គឺជាការងារមួយដែលមន្ទីរបានយកចិត្តទុកដាក់ ដោយកន្លងមកនេះ យើងបានចែកក្រុមការងារ ជាពីរក្រុម ដើម្បីចុះត្រួតពិនិត្យមើលទៅលើបច្ចេកទេសនិងច្បាប់នៅក្នុងការដ្ឋានទាំងនោះ ដោយបានជំរុញឲ្យមានការតាមដានសំណង់ទាំងនោះរហូត ពោលគឺ បើខុសលក្ខណៈបច្ចេកទេសយើងត្រូវផ្អាកការដ្ឋានសំណង់ជាបណ្តោះអាសន្ន និងហៅម្ចាស់សំណង់មកប្រជុំដោះស្រាយ ។ សំណង់មួយ បើមិនបានចុះបញ្ជីត្រឹមត្រូវទេ សាងសង់ខុសប្លង់ ក្នុងនាមអាជ្ញាធរនិងមន្ទីរជំនាញគឺត្រូវតែបិទសំណង់ទាំងនោះតែម្ដង៕
អត្ថបទដែលជាប់ទាក់ទង