ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមតួនាទី លើមុខងារបច្ចុប្បន្ន

201

 

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញប្រកាសស្តីពី ការប្រគល់ភារកិច្ចនាយទាហាន បន្ថែមមុខងារ និងភារកិច្ច នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដល់នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមលើមុខងារបច្ចុប្បន្ន។

បើតាមប្រកាសរបស់ក្រសួងការពារជាតិ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹងត្រូវទទួលជាអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ។ ចំណែកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការរងកងទ័ពជើងគោក នឹងទទួលជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជានាយកសេនាធិការចម្រុះ ស្តីទី អគ្គបញ្ជាការដ្ឋាន និងជាមេបញ្ជាការ កងទ័ពជើងគោក ស្តីទី បន្ថែមលើមុខងារបច្ចុប្បន្ន ។

ក្នុងនោះ នាយឧត្តមសេនីយ៍ សៅ សុខា អត្តលេខ០០០១០៥ ជាអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។ ចំណែកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ០៣៣៨៨៣ ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជានាយកសេនាធិការចម្រុះ ស្តីទី អគ្គបញ្ជាការដ្ឋាន និងជាមេបញ្ជាការ កងទ័ពជើងគោក ស្តីទី បន្ថែមលើមុខងារបច្ចុប្បន្ន ។

ការប្រគល់ភារកិច្ចថ្មីជូនថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ គឺនាយឧត្តមសេនីយ៍ ប៉ុល សារឿន នាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍មាស សុភា ត្រូវព្យួរតួនាទីបណ្តោះអាសន្ន ដើម្បីឈរឈ្មោះជាបេក្ខជន តំណាងរាស្រ្តអាណត្តិទី៦ មកពីគណបក្សប្រជាជនកម្ពុជា ។

នាយឧត្តមសេនីយ៍សំខាន់សំខាន់ៗទាំង៣រូបនោះរួមមាន នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី១ នៅមណ្ឌលខេត្តព្រះសីហនុ ដែលមាន៣កៅអី។
នាយឧត្តមសេនីយ៍ គន់ គីម បានឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិតែមួយគត់ នៅមណ្ឌលឧត្តរមានជ័យ។
នាយឧត្តមសេនីយ៍ មាស សុភា បានឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិតែមួយគត់ នៅមណ្ឌលព្រះវិហារ។
ក្រៅពីមេទ័ពទាំង៣នាក់នេះ នៅក្នុងវិស័យការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិលេខរៀងទី១ នៅខេត្តសៀមរាបផងដែរ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត ជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ការព្យួរតួនាទីបណ្តោះអាសន្ន សម្រាប់មេទ័ពទាំង៣ នៅក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ នាពេលខាងមុខនេះ គឺអនុវត្តទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

បើតាមមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងប្រកាស៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ គឺតម្រូវឱ្យមន្រ្តីរាជការ មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត ជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។
ទោះជាយ៉ាងនេះក្តី តំណាងរាស្រ្តដែលជាប់ឆ្នោត ក៏មានសិទ្ធិក្នុងការលាលែងពីតំណែងរបស់ខ្លួនវិញផងដែរ ហើយបេក្ខជនតំណាងរាស្រ្ត ដែលឈរនៅលេខរៀងបន្ទាប់ នឹងឡើងជំនួសនៅក្នុងសភាជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង