ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសចិននៅពេលនេះ គឺបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាចំពោះប្រទេសចិនក្នុងគ្រាលំបាក
ប៉េកាំង៖ នៅរសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយនឹង លោកលី ខឺ ឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនូបពិភាក្សានោះ លោក លី ខឺ ឈាំង បានបញ្ជាក់ថា រដ្ឋាភិបាលចិន និងប្រជាជនចិន កំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសកូរ៉ូណា។ តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសចិននៅពេលនេះ គឺបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាចំពោះប្រទេសចិនក្នុងគ្រាលំបាក។ រដ្ឋាភិបាល និងប្រជាពលរដ្ឋចិន មានជំនឿយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងចំពោះជំងឺកូរ៉ូណានេះ ហើយចិននឹងនៅតែបន្តគាំទ្រផលប្រយោជន៍របស់ប្រជាជនចិន និងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ទស្សនកិច្ចនៅពេលនេះ គឺបានបង្ហាញអំពីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនចិនក្នុងគ្រាលំបាកនេះ ពិសេសគឺបង្ហាញអំពីជំនឿចំពោះប្រជាពលរដ្ឋកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅប្រទេសចិន។ ទស្សនកិច្ចនៅពេលនេះ ក៏ដើម្បីលុបបំបាត់នៃការភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺការប្រឆាំងទៅនឹងភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាចង់បង្ហាញពីការគាំទ្រ ជាមួយប្រទេសចិន ក្នុងពេលដែលចិនកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងវីរុសកូរ៉ូណានេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ នឹងចូលរួមសុខរួមទុក្ខជាមួយ នឹងគ្រួសារជនរងគ្រោះដោយសារវីរុសនេះ។ សម្ដេចតេជោ អរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជា កំពុងតែរស់នៅប្រទេសចិន គ្រាដែលរដ្ឋាភិបាលចិន បានចាត់វិធានការមួយចំនួន ដើម្បីជួយដល់និស្សិតកម្ពុជា។ សម្ដេចបានបញ្ជាក់ថា អ្វីដែលសំខាន់មិនមែនដោយសារវីរុសកូរ៉ូណាទេ ប៉ុន្តែគឺជាការភ័យខ្លាចរបស់ប្រជាពលរដ្ឋ។
សម្ដេចបានចាត់ទុកថា បញ្ហាជំងឺកូណានេះគឺជាសង្គ្រាមចិត្តសាស្ត្រ ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។ មានអ្នកខ្លះចោទប្រកាន់ថា រាជរដ្ឋាភិបាល ថា បានដោះដូរអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាមួយទំនាក់ទំនងកម្ពុជា-ចិនទៅវិញ តែការលើកឡើងនោះ គឺសុទ្ធតែជារឿងមិនពិតទាល់តែសោះ ពីព្រោះសម្ដេចបន្តការយកចិត្តទុកដាក់ចំពោះនិស្សិត ដែលកំពុងតែសិក្សានៅប្រទេសចិន។ សម្ដេចតេជោមិនអាចរត់ចេញពីអ្វីដែលកំពុងកើតឡើងនេះបានទេ ប៉ុន្តែសម្ដេចនៅតែបង្ហាញពីការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋចិន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏លើកឡើង ពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពាក់ព័ន្ធទៅនឹងសហភាពអឺរ៉ុប ដែលគ្រោងនឹងចេញនូវសេចក្តីសម្រេចរបស់ខ្លួននាពាក់កណ្ដាលខែកុម្ភៈនេះ។ ទោះស្ថិតនៅក្នុងស្ថានភាពនេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចរាល់ជាងមួយឆ្នាំហើយ សម្ដេចតេជោបានស្នើឱ្យរដ្ឋាភិបាលចិន ជួយជំរុញ វិនិយោគ និងរោងចក្រដែលកំពុងប្រតិបត្តិការ ៧០ភាគរយ នៅកម្ពុជា បន្តរក្សានៅកម្ពុជាដដែល និងស្នើឲ្យចិនបន្តជំរុញការគៀងគរវិនិយោគរបស់ចិន មកបណ្ដាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ជាមួយនឹងការពង្រីកទិន្នផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន។ សម្ដេចតេជោ បានបញ្ជាក់ជូននាយករដ្ឋមន្ត្រីចិនថា ការបិទល្បែងអនឡាញនៅកម្ពុជា គឺដើម្បីធ្វើយ៉ាងណា ធានាសន្តិសុខជាតិរបស់កម្ពុជា នឹងចូលរួមប្រយុទ្ធប្រឆាំង និងឧក្រិដ្ឋកម្មផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងល្បែងអនឡាញផងដែរ។
លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន បានបញ្ជាក់ថា ចិនយកចិត្តទុកដាក់ខ្លាំងចំពោះ ទស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់ប្រទេសចិននៅពេលនេះ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាគីចិនធ្វើអ្វីៗដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋរស់នៅទីនោះកុំឲ្យមានការភ័យខ្លាច។ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាល និងប្រជាពលរដ្ឋចិនកំពុងតែប្រយុទ្ធប្រឆាំង ជាមួយនឹងមេរោគថ្មី ហើយសង្ឃឹមជឿជាក់ថា ចិននឹងអាចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមួយនេះ ប្រកបដោយជោគជ័យ។
ចិននឹងបន្តការគាំទ្រដល់កម្ពុជាទៅតាមលទ្ធភាព នូវអ្វីដែលចិនអាចជួយបាន ហើយ ចិននឹងបន្តការគាំទ្រ គៀងគរវិនិយោគបន្ថែមមកកាន់កម្ពុជា និងរក្សាវិនិយោគិន ដែលកំពុងតែវិនិយោគនៅកម្ពុជាផងដែរ។ ពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ គឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលចរចាគ្នា ដោយភាគីទាំងពីរ នឹងបន្តការជជែកគ្នាទៀតនៅខែមីនាខាងមុខ ដើម្បីជំរុញឱ្យបានចប់សព្វគ្រប់៕