ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតី​ចិន ​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលមាន​ភក្តីភាព​ជាមួយ​ប្រជាជន​ចិន និង​រដ្ឋាភិបាល​ចិន

52

 

​ប៉េកាំង​៖ នៅ​ល្ងាច​ថ្ងៃទី​៥ កុម្ភៈ ដដែល​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ជាមួយ លោក Xi Jinping ប្រធានាធិបតី​ចិន នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ នៅក្នុង​ជំនួប​នេះដែរ លោក ប្រធានាធិបតី បាន​ជម្រាប​សម្ដេច​ថា លោក​ពិតជា​រីករាយ​ក្នុង​ការជួប​សម្តេច​ជាថ្មី​ម្តងទៀត​នៅ​ទីក្រុង​ប៉េកាំង​។ លោក បន្តថា ប្រជាពលរដ្ឋ​ចិន ក៏ដូចជា​រដ្ឋាភិបាល​ចិន កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​មេរោគ «​កូ​រ៉ូ​ណា​»​នេះ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​និស្សិត​កម្ពុជា​កំពុង​រស់នៅក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​ចិន​កំពុង​យកចិត្តទុកដាក់​។​

​លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រ​ប្រទេស​ចិន ហើយ​កម្ពុជា បាន​ចូលរួម រួមសុខ រួមទុក្ខ​ជាមួយ​ប្រទេស​ចិន លោក​ពិតជា​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​កម្ពុជា​។ លោក​បាន​គូស​បញ្ជាក់ដែរថា ចាប់ពី​ឆ្នាំ​កន្លងទៅនេះ ទំនាក់ទំនង​កម្ពុជា និង​ចិន ចាប់ផ្តើម​ក្នុង​ទំព័រ​សករាជ​ថ្មី ដោយបាន​អនុវត្តន៍​នូវ​នយោបាយ​ជោគវាសនា​រួមគ្នា ហើយ​អាចដាក់​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​កម្រិត​ថ្មី​មួយទៀត ចាប់ពីពេលនេះ​តទៅ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឆ្លើយតប​ថា សម្តេច​ពិតជា​អរគុណ​លោក​ប្រធានាធិបតី ដែល​បានទទួល​សម្តេច​ក្នុងពេល​វេលា​ដ៏​ខ្លី ហើយ​សម្តេច​បាន​គូសបញ្ជាក់ថា គោលបំណង​នៃ​ការធ្វើដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​ចិន​មាន​៣​ចំណុច​៖ ទី​១. បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយរ​ដ្ឋា​ភិ​បាល​ចិន ក៏ដូចជា​ប្រជាពលរដ្ឋ​ចិន​នៅក្នុង​គ្រា​លំបាក​នេះ​, ទី​២. ដើម្បី​ពង្រឹង​នូវ​ស្មារតី និង​ជំនឿ​ចិត្ត​សម្រាប់​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា រស់នៅ និង​សិក្សា​នៅ​ប្រទេស​ចិន ឱ្យ​បន្ត​ស្នាក់នៅ​ប្រទេស​ចិន​ទៀត តស៊ូ​ជាមួយ​ប្រជាពលរដ្ឋ​ចិន និង​ទី​៣. បញ្ជូន​សារ​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា ជំងឺ​របស់​ពលរដ្ឋ​កម្ពុជា មិនមែន​ជំងឺ​បង្កឡើង​ដោយ​មេរោគ «​កូ​រ៉ូ​ណា​» នោះទេ គឺ​ជំងឺ​ភ័យខ្លាច ហើយ​មកដល់ពេលនេះ មិនទាន់​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់ កើត​ជំងឺ​នេះ​ទេ​។ សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ដែរថា ប្រទេស​ខ្លះ​ហាក់បីដូចជា​ធ្វើសង្គ្រាម​ចិត្តសាស្ត្រ ធ្វើឱ្យមាន​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា មុននេះ​សម្តេច​បាន​ចាប់ដៃ លោក​លី ខឺ​ឈាង បើទោះបីជា​លោក​ទើប​ត្រឡប់​មកពី​ទីក្រុង​វូ​ហាន​ថ្មីៗ​ក៏ដោយ​។ សម្តេច​តេ​ជោ គូសបញ្ជាក់ថា សម្តេច​មិន​ពាក់​ម៉ាស់​ទេ បើ​ពាក់​ម៉ាស់​មិនបាច់​មក​ទស្សនកិច្ច នៅ​ប្រទេស​ចិន​ទេ​។ សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ទៀតថា ទោះបី​មិត្ត​ចិន​បាន​ត្រៀម​ម៉ាស់​សម្រាប់​ស​ម្តេចក៏ដោយ ក៏​សម្តេច​មិន​ពាក់​ដែរ​។

​ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ក៏បាន​ចូលរួម​រំលែក​នូវ​ទុក្ខ​កង្វល់​ទាំងឡាយ​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំងឺ​បង្កដោយ​មេរោគ «​កូ​រ៉ូ​ណា​» នេះ​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា សម្តេច​គាំទ្រ​រដ្ឋាភិបាល​ចិន ចំពោះ​វិធាន​ការដែល​បានធ្វើ​នាពេល​កន្លងមកនេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា កាលពី​ឆ្នាំទៅ​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀ​នយោបាយ​ជោគវាសនា​រួមគ្នា​។ សម្តេច​តេ​ជោ បាន​បន្ថែមថា មិនមាន​នរណា​អាច​បំបែកបំបាក់​មិត្តភាព​រវាង​ចិន និង​កម្ពុជា​ឡើយ​។ វត្តមាន​របស់​សម្តេច​នៅ​ប្រទេស​ចិន​នាពេលនេះ គឺ​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ប្រទេស​ចិន ហើយ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ចិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ទៅ​លោក​ប្រធានាធិបតី​ចិន​ថា នៅ​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​នឹង​ថយចុះ​បន្តិច ដោយសារ​ការប្រែប្រួល​នៃ​សភាពការណ៍​នានា លើ​ពិភពលោក​។ សម្តេច​តេ​ជោ បានស្នើ​រដ្ឋាភិបាល​ចិន បន្ត​គាំទ្រ​ដល់​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​រោងចក្រ​រប​ស់​ចិន​នៅ​កម្ពុជា ឱ្យ​បន្ត​ដំណើរការ ដោយ​កម្ពុជា​នឹង​កែលំអ​បរិយាកាស​នានា ដើម្បី​ធានា​ដល់​ដំណើរការ​រោងចក្រ​ទាំងនេះ​។​
​សម្តេច​តេ​ជោ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​ឱ្យមាន​ការទាក់ទាញ​អ្នកវិនិយោគ មកកាន់​កម្ពុជា​បន្ថែម​ទៀត​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ឯកឧត្តម​ប្រធានាធិបតី​ចិន ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា​នៅក្នុង​ប្រទេស​ចិន​។ ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​សម្តេច​តេ​ជោ បាន​ស្នើឱ្យ​បង្កើនល្បឿន​ចរចា​ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ចិន តែង​ចាត់ទុក​កម្ពុជា​ជា​មិត្ត «​ដែកថែប​» ដូច្នេះ​គួរ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ ជារួម​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន ជាពិសេស​ទាក់ទង​ការវិនិយោគ និង​ពាណិជ្ជកម្ម កំពុងដំណើរការ​ទៅមុខ​យ៉ាង​រលូន និង​មាន​ល្បឿន​យ៉ាង​ល្អ​។ សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ដែរថា នៅ​ខែមីនា ខាងមុខនេះ សម្តេច​នឹង​សម្ពោធ​ផ្លូវ​ដែលមាន​ប្រវែង​ជាង ៣០០​គីឡូម៉ែត្រ ដែលជា​ផ្លូវ​កសាងឡើង​ក្រោម​កម្ចី​របស់​ចិន​។ ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ច្បាប់​វិញ សម្តេច​បាន​គូស​បញ្ជាក់ដែរថា កន្លងមកនេះ គឺ​កម្ពុជា​បាន​បិទ​ជា​ស្ថាពរ​នូវ​ល្បែងភ្នាល់​តាម​អន​ឡាញ ក្នុង​គោលដៅ​ពង្រឹង​សន្តិសុខ លុបបំបាត់​ឧក្រិដ្ឋកម្ម​មួយចំនួន​នៅ​កម្ពុជា ហើយក៏​អាចជួយ​ដល់​ប្រទេស​ចិន​ផងដែរ​។ ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ លោក​ប្រធានាធិបតី​ចិន និង​ប្រជាពលរដ្ឋ​ចិន ដែល​តែងតែ​គាំទ្រ​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា កម្ពុជា គឺជា​មិត្ត​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​ចិន ហើយនឹង​បន្ត​ជោគវាសនា​តែមួយ​ជាមួយគ្នា​។​
​លោក​ប្រធានាធិបតី​ចិន បាន​ឆ្លើយតប​ថា លោក​សូម​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលមាន​ភក្តីភាព​ជាមួយ​ប្រជាជន​ចិន និង​រដ្ឋាភិបាល​ចិន​។ កម្ពុជា និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​មិត្ត «​ដែកថែប​» របស់​ចិន​។ លោក​ប្រធានាធិបតី​បាន​លើកឡើងថា ក្នុង​ប្រវត្តិសាស្ត្រ​ជាង​១​ពាន់​ឆ្នាំនេះ ពលរដ្ឋ​ចិន​តែងតែ​ជួប​នូវ​ឧបសគ្គ​ជាច្រើន ហើយ​ចុង​ក្រោយនេះ​ពលរដ្ឋ​ចិន មាន​ភាពក្លាហាន​ប្រឈមមុខ​ជាមួយ​គ្រោះថ្នាក់​ដែល​មិនអាច​ចៀសវាង​បាន តែ​ក៏​អាច​ដោះស្រាយ​បញ្ហា​នោះបាន​។​
​លោក​បន្តថា ក្រោយពេល​មេរោគ​បាន​ផ្ទុះឡើង គណ​បក្សកុម្មុយនិស្ត​ចិន បាន​បើក​កិច្ចប្រជុំ ហើយ​ក៏បាន​ដាក់ចេញ​ចំណាត់​ខ្ពស់ និង​ម៉ត់ចត់​បំផុត​លើ​បញ្ហា​នេះ និង​បាន​ឯកភាពគ្នា ដាក់​ផលប្រយោជន៍​ប្រជាជន​ចិន ជា​អាទិភាព​ខ្ពស់​។​

​លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា បើ​រដ្ឋាភិបាល​ចិន មិន​ចាត់វិធានការ​ភ្លាមៗ និង​ច្បាស់លាស់​ទេ ជំងឺ​នេះ​អាចមាន​គ្រោះថ្នាក់ និង​ធ្ងន់ធ្ងរ​ជាង​នេះ​។ លោក​ប្រធានាធិបតី​បន្តថា កន្លងមកនេះ រដ្ឋាភិបាល​ចិន បាន​បង្កើត​គណៈកម្មកា​រ​ចំនួន​៣ ធ្វើការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​នេះ​។​ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​ចិន បានទទួល​ការគាំទ្រ និង​អបអរសាទរ​ពី​អង្គការ​សុខភាព​ពិភពលោក WHO ចំពោះ​ការព្យាយាម​ដោះស្រាយ​នូវ​ជំងឺ​នេះ​។ លោក​ប្រធានាធិបតី បានឱ្យដឹងថា ទីក្រុង​វូ​ហាន មាន​ប្រជាពលរដ្ឋ​ប្រមាណ ១០​លាន​នាក់ ហើយ​នៅ​ខេត្ត​ហូ​ប៉ី មាន​ប្រជាពលរដ្ឋ​ចន្លោះ​ពី​៦០ ទៅ​៧០​លាន​នាក់​។ ដោយសារ​តែមាន​ចំណាត់ការ​ច្បាស់លាស់ និ​មាន​ប្រសិទ្ធភាព ទើប​ធ្វើឱ្យ​ការរីក​រាលដាល​ជំងឺ​នេះ មានការ​ថមថយ​។ លោក​ប្រធានាធិបតី បាន​គូស​បញ្ជាក់ទៀតថា ការភ័យខ្លាច គឺជា​បញ្ហា​ដ៏​ធំ តាមពិត​អត្រា​ឆ្លង​ជំងឺ​នេះ មាន​កម្រិត​ទាប​បំផុត ធៀប​ជាមួយ​ជំងឺ​ផ្សេងៗ​ទៀត​។ លោក​ប្រធានាធិបតី បាន​លើកឡើងថា តាម​ការស្រាវជ្រាវ​ជំងឺ​នេះ អាច​ព្យាបាល​បាន ហើយ​អ្នកជំងឺ​មួយចំនួន​បាន​ព្យាបាល​ឱ្យ​ជា​ឡើងវិញ ហើយ​អ្នកខ្លះ​កំពុងមាន​សុខភាព​ល្អប្រសើរ​ឡើងវិញ​ផងដែរ​។​

​លោក​ប្រធានាធិបតី បាន​វាយតម្លៃថា ជំងឺ​នេះ​គ្រាន់តែ​ជា​ជំងឺ​មួយ​ស្ថិតក្នុង​អន្តរកាល​ប៉ុណ្ណោះ​។ លោក​ប្រធានាធិបតី ក៏បាន​គូស​បញ្ជាក់ដែរថា កាលពី​ប៉ុន្មាន​ឆ្នាំមុន ចិន ក៏បាន​ជួបប្រទះ​ជាមួយ​ជំងឺ «​សា​» ផងដែរ​។ លោក​ប្រធានាធិបតី បាន​គូស​បញ្ជាក់ដែរថា រដ្ឋាភិបាល​ចិន មាន​ជំងឺ​លើ​សមត្ថភាព​ក្នុងការ​ដោះស្រាយ និង​កម្ចាត់​ជំងឺ​នេះ​។
​លោក​ប្រធានាធិបតី បាន​ថ្លែងថា លោក​ពិតជា​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានបង្ហាញ​នូវ​ការគាំទ្រ​ដ៏​ខ្លាំង​ចំពោះ​ប្រទេស​ចិន​។ មានន័យថា ដំណើរ​ទស្សនកិច្ច​រប​ស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​ការ​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ប្រទេស​ចិន​។ មិនតែប៉ុណ្ណោះ​សម្តេច​តេ​ជោ និង​រដ្ឋាភិបាល​កម្ពុជា បន្ត​គាំទ្រ និង​ជឿទុកចិត្ត​ប្រទេស​ចិន​។ លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា មាន​និស្សិត​កម្ពុជា​កំពុង​នៅក្នុង​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល​ចិន នឹង​យកចិត្តទុកដាក់​លើ​ពលរដ្ឋ និង​និស្សិត​ចិន ដូចជា​ប្រជាពលរដ្ឋ និង​កូនចៅ​របស់​ប្រជាពលរដ្ឋ​ចិន​។

​លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា កម្ពុជា ជា​មិត្ត​ស្មោះត្រង់​របស់​ចិន​។ លោក​ប្រធានាធិបតី បាន​ផ្ញើ​នូវ​ការ​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិ នរោត្តម មុនិនាថ សីហនុ​ដែល​បាន​សព្វ​ព្រះ​ហឫទ័យ​រំលែក​ទុក្ខលំបាក ជាមួយ​រដ្ឋាភិបាល​ចិន​។ លោក​ប្រធានាធិបតី ក៏បាន​អរ​ព្រះ​គុណ​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​បាន​សព្វ​ព្រះរាជ​ហ​ឫ​រាជ​ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន និង​៥​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​ការលំបាក​របស់​ចិន​។ លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន អាច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ចិន​ពេលណា​ក៏បាន ហើយ​លោក​ប្រធានាធិបតី អាច​ជួប​សម្តេច​តេ​ជោ​ច្រើនដង និង​ញឹកញាប់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។​
​លោក​ប្រធានាធិបតី បាន​លើកឡើងថា លោក​គាំទ្រ​ចំពោះ​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ ហើយ​ត្រូវតែ​បង្កើនល្បឿន​នៃ​ការរៀបចំ​ឯកសារ​ឈានទៅ​ការចុះហត្ថលេខា​ឱ្យបាន​ឆាប់​បំផុត​។
​លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា នៅ​ខែមករា ឆ្នាំ​២០១៩ កន្លងទៅ លោក​ក៏បាន​លើក ពី​ការអនុវត្តន៍​ច្បាប់​នៅ​ខេត្ត​ព្រះសីហនុ ហើយ​សម្តេច​បាន​បញ្ឈប់​នូវ​ល្បែងភ្នាល់​អន​ឡាញ​។ លោក​ប្រធានាធិបតី បង្ហាញ​ការសរសើរ​ដោយស្មោះ​ចំពោះ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​នេះ​។​

​លោក​ប្រធានាធិបតី បាន​អះអាងថា ចិន​នឹង​ផ្តល់ជំនួយ​សម្រាប់​កម្ពុជា និង​ខេត្ត​ព្រះសីហនុ ទៅតាម​តម្រូវការ​នៃ​ភាពចាំបាច់​របស់​កម្ពុជា​។ លោក​ប្រធានាធិបតី បាន​លើកឡើងថា រដ្ឋាភិបាល​ចិន​នឹង​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​ចិន​មក​បណ្តាក់ទុន​នៅ​កម្ពុជា និង​នាំចូល​ផលិតផល​ពី​កម្ពុជា​ចូល​ប្រទេស​ចិន​។ លោក​ប្រ​ធានា​ស្នើ​កម្ពុជា ធ្វើឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​ល្អប្រសើរ ដែល​គាំទ្រ​ដល់​ការវិនិយោគ និង​ធ្វើ​ធុរកិច្ច​។ លោក​ប្រធានាធិបតី ស្នើឱ្យ​ពិនិត្យមើល​តើ​អ្នកវិនិយោគ​ចិន​ប្រឈម​អ្វីខ្លះ ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា ដើម្បី​រក​វិធាន​ការជួយ​ដល់​អ្នកវិនិយោគ​ទាំងនោះ​។​

​ជា​ចុងក្រោយ​ប្រធានាធិបតី​ចិន បាន​អញ្ជើញសម្តេច​តេ​ជោ ឱ្យបំពេញ​ទស្សនកិច្ច​នៅ​ចិន​ក្នុងពេល​សមស្រប​ណាមួយ​នាពេល​ក្រោយ​បន្ថែមទៀត​៕

អត្ថបទដែលជាប់ទាក់ទង