ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី នឹងស្ថាបនាពង្រីក កំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើង ដាក់លូទំហំ១ម៉ែត្រ ជាមួយនិងការកែសម្រួលសួនច្បារក្តាន់ពីរទៅជារង្វង់មូលក្តាន់២

80
ភ្នំពេញ៖ ដោយស្ថានភាពចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីចំណុចប្រសព្វ ក្តាន់២ រហូតដល់ស្តុបបេកាសេ មានការកកស្ទះចរាចរណ៍ខ្លាំង  និងដើម្បីធានានូវលំហូរចរាចរណ៍នៅតំបន់នេះអោយបានប្រសើរឡើង រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចិញ្ចើម ផ្លូវខាងជើង
ដាក់លូទំហំ ១ម៉ែត្រ ជាមួយនិងការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរ មួយផ្នែកទៅជារង្វង់មូលក្តាន់២ និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះ តែរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល។
  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការពង្វាងចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចប្រសព្វ
ក្តាន់ពីរ រវាង មហាវិថីស៊ីធីសេនធ័រ  (ផ្លូវ R6 )និងមហាវិថីសាធារណរដ្ឋឆេក ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមទាំងស្រុងថា ៖
    រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់យានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទមេត្តាជ្រាបថា កន្លងមកនេះ ស្ថានភាពចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពី
ចំណុចប្រសព្វ ក្តាន់២ រហូតដល់ស្តុបបេកាសេ មានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារកំណើនយានយន្ត ដ៏
គំហុកស្របតាមការរីកចម្រើនរបស់ប្រទេសកម្ពុជាជាពិសេសរាជធានីភ្នំពេញ។ ដោយពិនិត្យឃើញអំពីបញ្ហានេះនិងដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាងមហាវិថីសាធារណរដ្ឋឆេកនិងមហាវិថីសុីធីសេនធ័រ នៃទីក្រុងរណបភ្នំពេញ ស៊ីធីសេនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តការងារដូចខាងក្រោម៖
  ១ ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី
ចិញ្ចើម ផ្លូវខាងជើងចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណប
ភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។
២ កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់២
រវាងមហាវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)និងមហាវិថីសាធារណរដ្ឋឆេក ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរ មួយផ្នែកទៅជារង្វង់មូលក្តាន់២ និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល។
  រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្ដើមអនុវត្តការដ្ឋានខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋម្ចាស់យានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ចន្លោះពីមហាវិថីព្រះមុនីវង្សមកដល់ ផ្លូវបត់ចូលមហាវិថីស៊ីធីសេនធ័រ ត្រង់ចំណុចប្រសព្វក្តាន់២ រវាងមហាវិថីស៊ីធីសេនធ័រ
(ផ្លូវ R6 )និងមហាវិថីសាធារណរដ្ឋឆេក ជ្រាបនិងចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដោយឈរលើស្មារតីយោគយល់និងអធ្យាស្រ័យខ្ពស់៕
អត្ថបទដែលជាប់ទាក់ទង