ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅ ​នឹងដំណើរការ១០០មេហ្គាវ៉ាត់ នៅខែមេសា

139

ភ្នំពេញៈបើតាម អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ រោងចក្រអគ្គិសនីដំណើរការដោយប្រេងខ្មៅ តម្លៃ ៣៨០ ​លាន​ដុល្លារ ​ក្នុងស្រុក​ល្វាឯម ខេត្ត​កណ្តាល​នឹងដាក់​ឲ្យ​ដំណើរការ​ដំណាក់កាល​ដំបូង​ ១០០ ​មេហ្គាវ៉ាត់​ នៅក្នុង​ខែមេសា​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និងថាមពលប្រាប់កាសែតក្នុងស្រុកមួយ កាលពីថ្ងៃអង្គារ ទី៤មីនាថា បរិមាណ​ ៣០០ មេហ្គាវ៉ាត់​ទៀត​ នឹងដាក់​ដំណើរការ​នៅ​អំឡុង​ត្រីមាស​ទី​ ២ ​ឬ​ដើម​ត្រីមាស​ទី​ ៣ ​ឆ្នាំ​ ២០២០ ​នេះ​។

លោក​បន្តថា ជាមួយ​នឹង​ការបន្ថែម​ថាមពល​នេះ​កម្ពុជា​នឹងមិន​ជួប​បញ្ហា​កង្វះ​ថាមពល​ដូច​កាលពី​រដូវក្តៅ ឆ្នាំ​ ២០១៩ ទៀត​ទេ​។ រោងចក្រនេះនឹងចាប់ផ្តើមដំណើរការតាមការគ្រោងទុក​ក្នុង​ខែមេសា​ឆ្នាំ២០២០នេះ ដោយឡែក​សម្រាប់​ដំណើរការ​ពេញលេញ​អាច​ចាប់ផ្តើម​ក្នុង​ខែ​មិថុនា ឬ​កក្កដា​ខាងមុខ​។

លោក​បន្តថា​៖ «​ខ្ញុំ​គិតថា​ចាប់ពី​ពេល​នេះ​តទៅ​កម្ពុជា​នឹងមិន​ជួបប្រទះ​បញ្ហា​កង្វះខាត​ថាមពល​អគ្គិសនី​ទៀត​ទេ ពិសេស​នៅ​រដូវប្រាំង​។ អគ្គិសនី​គឺជា​ស្នូល​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​»​។

លោកបានបន្ត ថា ការគ្រប់គ្រង​បរិមាណ​ទឹក​សម្រាប់​ដំណើរការ​រោងចក្រ​វារីអគ្គិសនី​នៅពេល​នេះ​ក៏មាន​ភាពល្អប្រសើរ​ដែរ ដែល​នឹង​ធ្វើឲ្យ​ការផ្គត់ផ្គង់​កាន់តែ​ច្រើន​។ ស្ថានភាពការផ្គត់ផ្គង់អគ្គិសនីចាប់ពីពេល​នេះ​តទៅ​នឹងមាន​ភាពល្អប្រសើរ ព្រោះ​គិត​មកដល់​ពេល​នេះ​មាន​បរិមាណ​ទឹក​សម្រាប់​ដំណើរការ​វារីអគ្គិសនី​មាន​នៅ​សល់​ជាង​ ៨៥ ​ភាគរយ ខណៈ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​ប្រមាណ​ ៣០ ​ភាគរយ​ប៉ុណ្ណោះ​។

សូមបញ្ជាក់ថា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យ​ ក្រសួងរ៉ែនឹងថាមពល ឲ្យពន្លឿនការដំឡើង​រោងចក្រអគ្គីសនីដើរដោយប្រេងឥន្ទនៈ កម្លាំង ៤០០មេហ្គាវ៉ាត់បន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យទាន់រដូវប្រាំងឆ្នាំនេះខណះពេលដែលការផ្គត់ផ្គង់អគ្គីសនីកំពុងខ្វះខាត។​
សម្តេចតេជោ ហ៊ុនសែនថ្លែងបែបនេះ ក្នុងពេលដែល សម្តេចចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិឆ្នាំ២០១៩-២០២៣។​
ម៉ាស៊ីនភ្លើងដែលមានថាមពលចំនួន៤០០មេហ្កាវ៉ាត់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាធ្វើការបញ្ជា​ទិញ ពីប្រទេសអាល្លឺម៉ង់ និងហ្វាំងឡង់។ ក្នុងនោះ កម្ពុជាបានទិញថាមពលអគ្គីសនីចំនួន​២០០មេហ្កាវ៉ាត់ ពីប្រទេសអាល្លឺម៉ង់ និង ២០០មេហ្កាវ៉ាត់ ពីប្រទេសហ្វាំងឡង់ ដោយ​ថាមពលដែលបានទិញទាំងអស់នោះនឹងត្រូវដំឡើងនៅនៅល្វា​​ឯមដើម្បីរុញថាមពលភ្លើងទាំងអស់ចូលទីក្រុងភ្នំពេញសម្រាប់បីផ្គត់ផ្គង់នៅរដូវប្រាំងនេះ។​

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា៖« អ្វីដែលមានការព្រួយបារម្ភនោះគឺវារីអគ្គីសនីរបស់យើងបាននិងកំពុងខ្វះខាតទឹកទៀត។ ដោយការផលិតអគ្គីសនីរបស់យើងដែលមានកម្លាំង​១.៨០០មេហ្កាវ៉ាត់ ប៉ុន្តែសម្រេចបានត្រឹមតែ១៨៤ទៅ៦៨៧មេហ្កាវ៉ាត់តែប៉ុណ្ណោះ»។

សម្តេចតេជោហ៊ុនសែនមានប្រសាសន៍បន្តថា៖« ស្ថានភាពកំពុងធ្លាក់ចុះនេះ ហើយដោយត្រូវបន្ថែមថាមពលមួយចំនួនដូចជារោងចក្រដើរដោយធ្យូងថ្ម រោងចក្រដើរដោយពន្លឺព្រះអាទិត្យ​ និងការនាំចូលពីប្រទេសឡាវជាដើម»។

សម្តេចបានបន្តទៀតថា៖«ម្ចាស់សណ្ឋាគារ រោងចក្រ សហគ្រាសដែលមានម៉ាស៊ីនផ្ទាល់ខ្លួន ស្របពេលដែលមានការចាំបាច់និងការកាត់ផ្តាច់ភ្លើងដោយប្រការណាមួយត្រូវប្រើប្រាស់ម៉ាស៊ីនខ្លួនឯងបណ្តោះអាសន្ន។»

កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលទើបដាក់ដំណើរការថាមពល២០មេហ្កវ៉ាត់បន្ថែមពីលើស្ថានីយថាមពល ដើរដោយពន្លឺព្រះអាទិត្យ ចំនួន៦០មេហ្កវ៉ាត់ ដើម្បីផ្គត់ផ្គង់ពីការខ្វះខាតថាមពលប្រើប្រាស់នារដូវប្រាំងខាងមុខនេះ។ ស្ថានីយដើរដោយពន្លឺព្រះអាទិត្យមានទីតាំងស្ថិតនៅភូមិត្មាត​ពង ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជិត​ភ្នំ​ប្រសិទ្ធលើផ្ទៃដី ទំហំ​១១៥​ហិកតា​។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាមានស្ថានីយវារីអគ្គីសនីជាច្រើនដែរសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសដែលមានដូចជា ១)ទំនប់វារីអគ្គិសនី សេសានក្រោមពីរ (៤០០មេហ្កាវ៉ាត់ ខេត្តស្ទឹងត្រែង)  ២) វារីអគ្គីសនីគីរីរម្យ១ (១២ មេហ្កាវ៉ាត់ ខេត្តកំពង់ស្ពឺ) ៣) វារីអគ្គីសនីស្ទឹងឫស្សីជ្រុំក្រោម​( ៣៣៨មេហ្គាវ៉ាត់ ខេត្តកោះកុង) ៤) វារីអគ្គីសនីកំចាយ ( ១៩៤. ១មេហ្គាវ៉ាត់ ខេត្តកំពត) ៥) វារីអគ្គីសនីគិរីរម្យ៣ ( ១៨មេហ្គាវ៉ាត់ កោះកុង) ៦) វារីអគ្គីសនីស្ទឹង អាតៃ ( ១២០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់) ៧) វារីអគ្គីសនីស្ទឹងតាតៃ ( ២៤៦មេហ្គាវ៉ាត់ កោះកុង)៕ ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង