ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមចូលរួមកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩​ ពីបុគ្គលម្នាក់​ ទៅបុគ្គលម្នាក់ទៀត​ ឬទៅក្នុងសហគមន៍របស់ខ្លួន​

86

 

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល បានស្នើសូមដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩​ ពីបុគ្គលម្នាក់​ ទៅបុគ្គលម្នាក់ទៀត​ ឬទៅក្នុងសហគមន៍របស់ខ្លួន​ ហើយលោកស្រី បានលើកដៃសំពះដល់បងប្អូនជនរួមជាតិទាំងអស់​ មេត្តាយល់លើចំណុចនេះ ជាចាំបាច់នៅក្នុងកាលៈទេសៈនេះ​ ហើយសូមកុំឲ្យមានការរើសអើង​ មិនមានអ្នកណាម្នាក់ចង់ឈឺ​ ឬចង់នាំជំងឺមកនោះឡើយ។​

វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សុំបងប្អូនប្រជាពលរដ្ឋទាំងអស់​ ផ្តល់ទំនុកចិត្តលើក្រុមគ្រូពេទ្យ​នៅថ្នាក់ជាតិ​ និងក្រោមជាតិ​ ដែលកំពុងតែសកម្មក្នុងការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ឬប្រយោល​ និងសូមឲ្យមានការចូលរួមសហការស្ម័គ្រចិត្ត បង្ហាញខ្លួន​ ប្រសិនបើបានដឹងថា លោកអ្នកធ្លាប់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩​ ដើម្បីពិនិត្យសុខភាពលោកអ្នក​ ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់មិនមានបញ្ហាទេ​ អ្នកប៉ះពាល់ប្រយោលដែលរកឃើញនឹងចាត់ចែងឲ្យមានការតាមដានបន្ត​ដោយខ្លួនឯងក្នុង​រយ:ពេល ១៤​ថ្ងៃ។ អ្វីដែលជាការរកឃើញមកដល់ពេលនេះគឺ​ មានអ្នកវិជ្ជមាន​វីរុសកូវីដ១៩​ សរុបចំនួន ៥៣នាក់​ (អ្នកជាសះស្បើយ​ ២នាក់​ អ្នកឆ្លងផ្ទាល់បន្តមានតែ​ ៣ករណី​ (បុរសអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប​ និង ស្ត្រីជាភរិយា​ ២នាក់)​ ប៉ុណ្ណោះ)។ មិនទាន់មានការចម្លង​ ឫរាតត្បាតក្នុងសហគមន៍នៅឡើយ។

លោកស្រីអ្នកនាំពាក្យ បានបន្ថែមទៀតថា នេះ​ ជាចំណុចដែលបងប្អូនប្រជាពលរដ្ឋ ត្រូវតែខិតខំចូលរួមការពារទប់ស្កាត់​ កុំឲ្យមានការចម្លងទៅក្នុងសហគមន៍​ ជាកិច្ចការដែលយើងទាំងអស់គ្នាត្រូវធ្វើជាចាំបាច់។ ” ដូច្នេះ​ ខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀត​ ខ្ញុំសុំលើកដៃសំពះដល់បងប្អូនជនរួមជាតិយើងទាំងអស់​ សូមលោកអ្នកមេត្តាយល់លើចំណុចនេះជាចាំបាច់នៅក្នុងកាលៈទេសៈនេះ​ ហើយសូមកុំឲ្យមានការរើសអើងឲ្យសោះ​ មិនមានអ្នកណាម្នាក់ចង់ឈឺ​ ឬចង់នាំជំងឺមកនោះឡើយ​។ តែអ្វីដែលសំខាន់​នោះ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឲ្យបាន​នូវការចម្លងពីបុគ្គលដែលមានវីរុសកូវីដ១៩​ ទៅបុគ្គលផ្សេងទៀត​ ជាពិសេសអ្នកដែលនៅជិតស្និទ្ធ​ ឬក្រុមគ្រួសារ​ មិត្តភក្តិគាត់ជាដើម។ ចូលរួមទាំងអស់គ្នា​ ការពារការចម្លងកូវីដ១៩​ ទើបយើងអាចមានជ័យជនះ។ សូមជូនពរសុខភាពល្អ​ មិនមានការចម្លងវីរុសកូវីដ១៩នេះ​ ទាំងអស់គ្នា” លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕

អត្ថបទដែលជាប់ទាក់ទង