ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីស្នើអោយពលរដ្ឋ ដែលត្រឡប់មកពីធ្វើការនៅប្រទេសថៃនិងពីប្រទេសផ្សេងទៀត ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ

86
ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនិងការចម្លងមេរោគកូវីដ ១៩ (COVID-19)នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល រដ្ឋបាលរាជធានីភ្នំពេញ បានស្នើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទើបអញ្ជើញត្រឡប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃនិងពីបណ្ដាលប្រទេសមួយចំនួន ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ពីគេឯងរយៈពេល ១៤ថ្ងៃ ។
   នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៣ មិនានេះ ដែលនៅក្នុង សេចក្តីជូនដំណឹងនេះ មានន័យដើមទាំងស្រុងថា៖ រដ្ឋបាលរាជធានីភ្នំពេញសូមជូនដំណឹងដល់សាធារណៈជនពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទើបអញ្ជើញត្រឡប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃនិងពីបណ្ដាប្រទេសមួយចំនួនទៀតឱ្យបានជ្រាបថា មេរោគ
កូវីដ ១៩ (COVID-19)បាននឹងកំពុងរាតត្បាតនៅទូទាំងពិភពលោក ។ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជាក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកមេរោក កូវីដ ១៩ (COVID-19) ចំនួន៨៦ ករណី គិតត្រឹមថ្ងៃទី២៣ មិនាឆ្នាំ២០២០ ហើយមេរោគនេះបានកំពុងតែ បន្តរីករាលដាលជាបន្តបន្ទាប់។
   ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនិងការចម្លងមេរោគកូវីដ ១៩ (COVID-19)នៅក្នុងរាជធានីភ្នំពេញក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទើបអញ្ជើញត្រឡប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃនិងពីបណ្ដាលប្រទេសមួយចំនួន ត្រូវអនុវត្តតាមការណែនាំមួយចំនួន ក្នុងនោះរួមមាន ៖
   ទី១ត្រូវជូនដំណឹងទៅរដ្ឋបាលខណ្ឌទាំង១៤ ដោយមានតារាង លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ដែលមានជាឯកសារឧបសម្ព័ន។
  ទី២ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល
១៤ថ្ងៃដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។ ក្នុងករណីដែលបងប្អូនមានការលំបាកក្នុងការអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីមាន មូលដ្ឋានដោះស្រាយបញ្ហាជូន ។ ក្នុងករណីដែលបងប្អូនមានអាការៈមួយចំនួនដូចជាឡើងកំដៅ៣៨ដឺក្រេពិបាកដកដង្ហើម ដែលសង្ស័យថា អាចមានផ្ទុកមេរោគនេះ
សូមបងប្អូនទំនាក់ទំនងតាមលេខទូរសព្ទដែលដូចមានឯកសារឧបសម្ព័ន្ធភ្ជាប់មកជាមួយរឺអាចទំនាក់ទំនងដោយផ្ទាល់ទៅអាជ្ញាធរភូមិ ប៉ុស្តិ៍រដ្ឋបាលសង្កាត់និងរដ្ឋបាលខណ្ឌឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតកន្លែងរស់នៅរបស់បងប្អូនជាបន្ទាន់។ អាជ្ញាធរភូមិ ប៉ុស្តិ៍រដ្ឋបាលសង្កាត់និងរដ្ឋបាលសង្កាត់ ត្រូវរាយការណ៍បន្ទាន់ក្នុងករណីដែលទទួលបានព័ត៌មានថា មានបងប្អូនប្រជាពលរដ្ឋដែលទើបអញ្ជើញត្រឡប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃនិងពីបណ្ដាលប្រទេសមួយចំនួនទៀតទៅរដ្ឋបាលខណ្ឌដើម្បីអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីដ ១៩ (COVID-19)និងត្រូវចុះអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងនោះ អំពីការដាក់ខ្លួនឯងនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទើបអញ្ជើញត្រឡប់មកពីព្រះរាជាណាចក្រថៃនិងបណ្ដាប្រទេសមួយចំនួនទៀតនឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ (COVID-19)នេះដើម្បីសេចក្តីសុខ ក្រុមគ្រួសារជាទីស្រឡាញ់ សាច់ញាតិក៏ដូចជាសង្គមជាតិយើងផងដែរ។
  ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលរាជធានីភ្នំពេញ  បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញពាក់ព័ន្ធត្រូវអនុវត្តសេចក្តីជូនដំណឹងនេះអោយ ទទួលបានលទ្ធផលល្អនិងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទដែលជាប់ទាក់ទង